ដំណើរការសវនាការជំនុំក្ដីករណី «រួមគំនិតជាមួយបរទេស» ប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំនយោបាយជំទាស់ បានឆ្លងចូលសប្ដាហ៍ទីពីរហើយ នៅព្រឹកថ្ងៃពុធនេះ។ ខុសពីសប្តាហ៍មុនសប្តាហ៍នេះ អ្នកសារព័ត៌មាន និងសកម្មជនអង្គការសង្គមស៊ីវិលមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលរួមតាមដានស្ដាប់ពីដំណើរការក្តីនេះបន្ទាប់ពីមានការរិះគន់ពីការតឹងតែងរបស់តុលាការកាលពីសប្តាហ៍មុន។
លោក កឹម សុខា បានមកដល់សាលាដំបូងនៅមុនម៉ោង៨បន្តិច។ លោកត្រូវបានអមដំណើរដោយសហមេធាវីការពារក្ដីទាំងបួនរូប និងមនុស្សជំនិតៗរបស់លោក រួមមានលោក មុត ចន្ថា នាយខុទ្ទកាល័យ និងលោក យ៉ែម ប៉ុញ្ញារិទ្ធិ ជាដើម។
មុនពេលចាកចេញពីគេហដ្ឋានកាលពីព្រឹកមិញ លោក កឹម សុខា បានផ្ដល់បទសម្ភាសខ្លីមួយដល់បណ្ដាញសារព័ត៌មាន។ លោកបញ្ជាក់សាជាថ្មីថា ភស្តុតាងដាក់បន្ទុកទាញសេចក្ដីសន្និដ្ឋានដើម្បីចោទប្រកាន់រូបលោក មិនគ្រប់គ្រាន់នឹងយកមកដាក់ទោសរូបលោក។ លោកក៏បានអះអាងសាជាថ្មីថា លោកគ្មានទោសនោះទេ។
«ដោយសារខ្ញុំមិនខ្លាច ដោយសារខ្ញុំអត់មានធ្វើអីខុស អានេះតាមច្បាប់ អត់ត្រូវមកសួរទេ រឿងពីមុន[ក្រមព្រហ្មទណ្ឌឆ្នាំ២០១០]មកដែលច្បាប់អត់ទាន់មានផង។ អត់អាចយកមកធ្វើបទចោទទេ អ៊ីចឹងវាខុសទាំងអស់ ទាំងច្បាប់ក៏អត់ អាភស្តុតាងក៏អត់ ប្រសិនណាបើដោះស្រាយដោយច្បាប់ គឺត្រូវតែទម្លាក់ចោលបទចោទខ្ញុំ»។
ក្រុមមេធាវីការពារក្ដីបានដាក់សំណុំភស្ដុតាងទៅតុលាការ តាមការតម្រូវ ដោយមានវីដេអូឃ្លីបដែលមានរយៈពេលប្រហែលមួយម៉ោង ដែលលោក កឹម សុខា បានអះអាងថាជាខ្លឹមសារដើម។វីដេអូនេះជាសំអាង ដើម្បីដោះបន្ទុកទៅនឹងខ្លឹមសារវីដេអូភស្ដុតាងដាក់បន្ទុក លើកឡើងដោយដើមបណ្ដឹងរដ្ឋប្បវេណី ដែលលោកកឹមសុខាអះអាងថាជា«វីដេអូក្លែងបន្លំកាត់ជាកង់ៗ»។
ភស្តុតាងផ្សេងទៀត រួមមានការបញ្ជាក់អំពីទំនាក់ទំនងរវាងលោក កឹម សុខា គណបក្សជំទាស់ជាមួយនឹងអង្គការបរទេស ដែលបានផ្ដល់ជំនួយនិងការបណ្ដុះបណ្ដាល។ ក្រុមការពារក្ដីលោកកឹមសុខាទំនងជាចង់បញ្ជាក់ថា មន្ត្រីគណបក្សកាន់អំណាច និងគណបក្សដទៃទៀតក៏បានចូលរួមសកម្មភាពនិងទទួលការបណ្ដុះបណ្ដាលដូចគណបក្សជំទាស់ដែរ។
លោក កឹម សុខា បានថ្លែងនៅព្រឹកមិញដោយបដិសេធការចោទប្រកាន់ថា៖
«បើសិនជាយោងការចោទនេះ គឺ [ភស្តុតាងដោះបន្ទុកដែលដាក់ជូនតុលាការ] វាគ្រប់គ្រាន់ហើយ ដូចខ្ញុំជម្រាបអម្បាញ់មិញអ៊ីចឹង វាអត់មានកន្លែងណា ដែលថាខ្ញុំរៀបចំផែនការសម្ងាត់ជាមួយបរទេស ដើម្បីធ្វើបដិវត្តន៍ពណ៌ ផ្ដួលរដ្ឋាភិបាលគឺ ដូចខ្ញុំនិយាយអ៊ីចឹង»។
VOA មិនទាន់អាចទាក់ទងក្រុមមេធាវីដើមបណ្ដឹងតំណាងរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់លោក កឹម សុខា នៅឡើយភ្លាមៗនាព្រឹកថ្ងៃពុធនេះ។
ក្នុងសវនាការសប្ដាហ៍ទីមួយមានការជជែកតទល់គ្នាតឹងសរសៃករវាងក្រុមមេធាវីទាំងពីរភាគី និងក៏ដូចជាព្រះរាជអាជ្ញា និងលោក កឹម សុខា ជាចុងចម្លើយ។ លោក កឹម សុខា ត្រូវបានចោទសួរអំពីដំណើរទស្សនកិច្ចសិក្សាទៅក្រៅប្រទេស និងក៏ដូចជាមានការជំទាស់គ្នារវាងមេធាវីដើមបណ្ដឹង និងមេធាវីការពារក្ដី អំពីបញ្ហានីតិវិធី។
ព្រឹកមិញនេះដែរនៅពេលត្រូវបានសួរអំពីដំណោះស្រាយនយោបាយ លើករណីប្រឆាំងរូបលោក លោក កឹម សុខា បានប្រាប់អ្នកកាសែតថា៖ «ខ្ញុំជាមនុស្សម្នាក់ដែលយល់ពីស្ថានភាពប្រទេសជាតិច្បាស់ណាស់ ព្រោះខ្ញុំមិនមែនធ្វើនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃទេ។ ខ្ញុំធ្វើជាប់ អ៊ីចឹងអ្វីៗទាំងអស់ ពេលវេលានឹងបង្ហាញ»។
ព្រឹកមិញនេះគេបានអង្កេតឃើញមានវត្តមានអ្នកសារព័ត៌មាន និងអង្គការស៊ីវិលចូលរួមតាមដានដល់បន្ទប់សវនាការផងដែរ ដែលជាការសម្រេចដល់នាទីចុងក្រោយរបស់តុលាការ។
កាលពីសប្ដាហ៍មុនមានតែមន្ត្រីអង្គទូត និងមន្ត្រីអង្គការសហប្រជាជាតិប៉ុណ្ណោះ ដែលត្រូវបានគេឱ្យចូលស្ដាប់សវនាការ ខណៈដែលមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុក និងបណ្ដាញសារព័ត៌មានទាំងអស់ត្រូវបានហាមប្រាម និងតម្រូវឱ្យឈរនៅផ្នែកម្ខាងនៃថ្នល់ទល់មុខសាលាដំបូង។
សាលាដំបូងរាជធានីភ្នំពេញសម្រេចបើកឱ្យបណ្ដាញផ្សព្វផ្សាយព័ត៌មាន និងអង្គការសង្គមស៊ីវិលចូលរួមពិនិត្យអង្កេតដំណើរការជំនុំជម្រះដោយផ្ទាល់ ក្នុងសាលសវនាការនៅល្ងាចថ្ងៃអង្គារនេះ។
អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់ VOA សំឡេងសហរដ្ឋអាមេរិក និងអ្នកសារព័ត៌មានដទៃទៀតមកពី ទីភ្នាក់ងារព័ត៌មាន Reuters វិទ្យុសំឡេងប្រជាធិបតេយ្យ VOD កាសែត The Phnom Penh Post កាសែត The Khmer Times ជាដើមត្រូវបានដឹងថាបានចូលទៅក្នុងសាលសវនាការនៅព្រឹកថ្ងៃទី២២ ខែមករានេះ។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ VOA កាលពីរសៀលថ្ងៃអង្គារថា មានសារព័ត៌មានប្រមាណមិនលើសពី១៨ស្ថាប័នទេ ដែលត្រូវបានផ្ដល់ការអនុញ្ញាត ឱ្យចូលរួមដំណើរការសវនាការដែល ជាសវនាការសាធារណៈ៕