ក្រុម​មេធាវី​ដើរ​ចេញ​ពី​សវនាការ​ក្រោយ​បរាជ័យ​លើ​ការ​ស្នើ​ឲ្យ​លោក​ កឹម សុខា ចូលរួម​តតាំង​សេចក្តី

ក្រុម​អ្នក​គាំទ្រ​ លោក​ កឹម​ សុខា​​ ប្រមូល​ផ្តុំ​នៅ​ក្បែរ​សាលាឧទ្ធរណ៍​សុំ​ឲ្យ​មានការ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ នៅរាជធានី​ភ្នំពេញ ​នៅថ្ងៃ​ទី ២៦​ ខែ​កញ្ញា​ ឆ្នាំ ២០១៧។ (David Boyle/VOA)

មេធាវី​របស់​លោក កឹម សុខា​បាន​ដើរ​ចេញ​​ពី​សាល​សវនាការ​​សាលា​ឧទ្ធរណ៍ ​បន្ទាប់​ពី​សភា​ស៊ើបសួរ​តុលាការ​នេះ​ច្រាន​​ចោល​​សំណើ​ដែល​ពួកគេ​​​សុំ​ឲ្យ​លោក កឹម សុខា ​បាន​ចូលរួម​ក្នុង​​កិច្ចពិភាក្សា​​ដេញ​ដោល។

ក្រុម​មេធាវី​ការពារក្តី​ឲ្យ​លោក ​កឹម សុខា ​នៅ​ព្រឹក​ថ្ងៃចន្ទនេះ ​បាន​ដើរ​ចេញពី​សាល​សវនាការសាលា​ឧទ្ធរណ៍ ​បន្ទាប់​ពី​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ច្រានចោលសំណើ​ដែល​ពួកគេ​ស្នើ​ឲ្យ​លោក ​កឹម សុខា ​បាន​ចូលរួមក្នុង​កិច្ច​ពិភាក្សាដេញ​ដោល។​ ការ​ដើរ​ចេញ​ពី​សាល​សវនាការ​នេះ​ត្រូវ​បាន​អ្នកនាំ​ពាក្យ​សាលា​ឧទ្ធរណ៍​លើក​ឡើង​ថា​ ស្មើ​នឹង​មិន​ជួយ​ការពារ​ជន​ត្រូវ​ចោទ​ដែល​ជា​កូនក្តី​របស់​ពួក​គេ។​

ក្រុម​មេធាវី​ការពារក្តីរបស់​ ​លោក​ កឹម សុខា​ ផ្តល់​បទសម្ភាសន៍ដល់​អ្នកសារព័ត៌មាន​ ក្រោយ​ដើរចេញពី​បន្ទប់​សវនាការ​សាលាឧទ្ធរ​ណ៍​ នៅរាជធានី​ភ្នំពេញ នៅថ្ងៃ​ទី ២៦​ ខែ​កញ្ញា​ ឆ្នាំ ២០១៧។ (David Boyle/VOA)

ក្រុម​មេធាវី​ចំនួន​៨​រូប​ ដែល​ការពារក្តី​ឲ្យ​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំគ្នា​ដើរ​ចេញ​ពី​សាល​សវនាការសាលា​ឧទ្ធរណ៍​ទាំង​កណ្តាល​ទី ដោយសារបរាជ័យ​ក្នុង​ការ​ស្នើ​ឲ្យ​កូន​ក្តី​របស់​ពួកគេ​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សាដេញ​ដោល។​ នេះ​បើ​តាម​ការ​លើក​ឡើងរបស់​លោក​មេធាវី​ ហែម សុជាតិ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើបណ្តឹង​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ​ប្រឆាំងនឹង​ដីកា​សម្រេចរបស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​បាន​ឃុំ​ខ្លួន​មេ​គណបក្ស​ប្រឆាំង​រូប​នេះក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ខេត្ត​ត្បូង​ឃ្មុំ​ បន្ទាប់​ពី​សមត្ថ​កិច្ចបាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​លោក​ពី​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ «ក្បត់ជាតិ» ​កាល​ពី​ដើម​ខែ​កញ្ញានេះ។​

ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ដើរ​ចេញ​ពី​សាល​សវនាការ​ លោក ហែម សុជាតិ​ មេធាវី​មួយ​រូប​ក្នុង​ចំណោមមេធាវី​៨​រូប ​លើក​ឡើង​ថា ​ក្រុម​មេធាវី​បាន​សម្រេច​ដើរ​ចេញ​ពី​សាល​សវនាការ​ដោយ​សារ​សភាស៊ើប​សួរ​សាលា​ឧទ្ធរណ៍​ដែល​មានលោក​ ឃុន លាងម៉េង ​ជា​ប្រធាន ​បាន​ច្រាន​ចោល​ការ​ស្នើ​របស់ក្រុម​មេធាវី ដែល​សុំ​ឲ្យ​លោក ​កឹម សុខា ​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​សវនាការ។ ​លោក​បន្ថែម​ថា ​ការ​មិនមាន​វត្តមាន​របស់​កូនក្តី​ក្នុង​សវនាការ ​បង្ហាញ​ថា ​តុលាការ​បាន​រំលោភ​លើ​នីតិវិធី ​និង​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់កូន​ក្តី​របស់​លោក​បាន​ទេ។​

លោក​បញ្ជាក់​ថា៖​

«តាម​ច្បាប់​អន្តរជាតិ ​វត្តមាន​របស់​ជន​ត្រូវចោទ​នៅ​ចំពោះ​មុខក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ ជា​សភា​ស៊ើបសួរ​ក្តី ​គឺ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​គាត់​នឹង​ឆ្លើយ​ដោះសារ​ថា​ តើ​គាត់​បាន​ធ្វើអ្វី​ខ្លះ? ​តើ​អំពើ​របស់​គាត់​ដែល​បាន​ធ្វើ​នោះ​ជា​បទ​ល្មើស ​ឬ​មិនមែន​ជា​បទ​ល្មើស?​ តើ​លក្ខខណ្ឌ​អ្វីខ្លះ​ដែល​អាចឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បាន? ​នេះ​ជា​ហេតុផល​សំខាន់​បំផុត​ដែល​ត្រូវតែ​មានវត្តមាន​របស់​កូនក្តី។ ​ហើយ​ខ្ញុំ​យល់​ថា​ ​នេះ​ជា​ការ​រំលោភ​នីតិវិធី​មួយ។ ​កាលណា​តុលាការរំលោភ​នីតិវិធីហើយ​ អីចឹងដំណាក់​កាល​បន្ត​បន្ទាប់​ត​ទៅ​ទៀត​នៃ​ចំណាត់​ការតុលាការ​ ខ្ញុំ​មិន​សង្ឃឹម​ថា ​នឹង​មា​ន​យុត្តិធម៌​ចំពោះ​កូនក្តី​របស់​ខ្ញុំ​ទេ»។​

កងកម្លាំងមាន​សមត្ថកិច្ច​ បានបិទ​កំណាត់​ផ្លូវ​មួយចំនួន​ជុំ​វិញសាលាឧទ្ធរ​ណ៍​ ស្រប​ពេលដែលសវនាការលើ​បណ្តឹង​ប្រឆាំង​នឹង​ការឃុំ​ខ្លួន​ លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ កំពុង​ដំណើរការ នៅរាជធានី​ភ្នំពេញ ​នៅថ្ងៃ​ទី២៦​ ខែ​កញ្ញា​ ឆ្នាំ២០១៧។ (David Boyle/VOA)

មុន​ពេល​សាលា​ឧទ្ធរណ៍​បើកសវនាការ ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ កាល​ពី​សប្តាហ៍​មុន ​បាន​ដាក់​លិខិត​ស្នើ​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​ សុំ​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​ចូលរួម​កិច្ច​ពិភាក្សា​ដេញ​ដោល​នៅ​ចំពោះ​មុខ​សភា​ស៊ើប​សួរ​ ​បន្ទាប់​ពី​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ ​បាន​ស្នើ​ឲ្យ​សាលា​ឧទ្ធណ៍​ពិចារណា​លើ​ការ​នាំ​ខ្លួន​លោក​ ​កឹម សុខា​ ទៅ​ចូល​រួម​ក្នុង​សវនាការ​ ​ដោយ​លើក​មូលហេតុ​ថា​ ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​បារម្ភ​ពី​សុវត្ថិ​ភាព​ក្នុង​ការ​ដឹក​ជញ្ជូន​លោក​ ​កឹម សុខា​ ​និង​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​សវនាការ។​

ខណៈ​សវនាការ​ដោយ​មិន​មាន​វត្តមាន​របស់​លោក​ កឹម សុខា ​កំពុង​ចាប់ផ្តើមនោះ​ ​គេ​ឃើញក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ​និង​អ្នក​គាំទ្រ​លោក ​កឹម សុខា ​រាប់រយ​នាក់​ឈរ​ប្រមូលផ្តុំ​នៅ​ខាង​ក្រោយ​សាលា​ឧទ្ធរណ៍​ ស្របពេល​ដែលសមត្ថកិច្ចរាប់​សិប​នាក់​យាម​កាម ​និង​ប្រើ​របាំងបិទ​កំណាត់ផ្លូវ​មួយ​ចំនួន​ជុំ​វិញ​ទីនោះ ​ហាម​ឃាត់​មិន​ឲ្យ​អ្នក​គាំទ្រ​លោក ​កឹម សុខា​ ​ចូល​ទៅខាង​មុខ​តុលាការ។​

កងកម្លាំងមាន​សមត្ថកិច្ច​ បានបិទ​កំណាត់​ផ្លូវ​មួយចំនួន​ជុំ​វិញសាលាឧទ្ធរ​ណ៍​ ស្រប​ពេលដែលសវនាការលើ​បណ្តឹង​ប្រឆាំង​នឹង​ការឃុំ​ខ្លួន​ លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ កំពុង​ដំណើរការ នៅរាជធានី​ភ្នំពេញ ​នៅថ្ងៃ​ទី២៦​ ខែ​កញ្ញា​ ឆ្នាំ២០១៧។ (David Boyle/VOA)

ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ សាលា​ឧទ្ធរណ៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​លើក​ឡើង​ថា ពហិកា​របស់​ក្រុម​មេធាវី​ទាំង​នោះ​ មិន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ប្រឆាំង​នឹងហេតុផលលក្ខ​ខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខាគឺ​ស្មើ​នឹង​មិន​ជួយ​ការពារ​ជន​ត្រូវ​ចោទ។​ សេចក្តី​ប្រកាសនោះសរសេរ​បន្ថែម​ថា ​ការ​បក​ស្រាយរបស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា ​អំពី​ការ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ជា​សាធារណៈ ​គឺជា​ការ​បកស្រាយ​ដែលមិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។​

សេចក្តី​ប្រកាស​នោះ​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ការ​ប្តឹង​នឹង​ដីកា​ឃុំ​ខ្លួន​តាម​មាត្រា២៦០​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ​មាន​ន័យ​ថា ​ច្បាប់​អនុញ្ញាត​ឲ្យ​តុលាការ​ពិចារណា​ និង​អាច​អវត្តមាន​របស់​ជន​ត្រូវ​ចោទ​បាន ​ហើយ​ករណី​នេះ​ សវនាការ​គឺ​ពាក់ព័ន្ធ​ត្រឹម​ពិនិត្យ​ពី​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន​ ឬ​ដោះ​លែង​ ដែល​មាន​ចែង​ក្នុង​មាត្រា​២០៥​នៃ​ក្រម​នីតិវិធីព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ»។​

លោក ​ទូច ថារិទ្ធ ​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់​ VOA ​ពី​លទ្ធផល​នៃ​សវនាការ​ថា​ សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ទុក​ជា​បាន​ការ​ ដោយ​រក្សា​ការ​ឃុំ​ខ្លួន​លោក ​កឹម សុខា ​នៅ​ពន្ធនាគារ​ដដែល។ ​លោក​បន្ថែម​ថា ​ការ​បញ្ជូន​លោក ​កឹម សុខា​ ដែល​ជា​ជន​ត្រូវ​ចោទ​ មក​ចូលរួម​ក្នុង​សវនាការ​ ឬ​អត់​នោះ ​មិនប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ​ទេ ​ហើយថា​ សំណុំ​រឿង​នៅ​ព្រឹក​នេះ​គឺ​ជា​សំណុំរឿង​មុន​អង្គសេចក្តី ​មិន​មែន​ជា​សំណុំ​រឿង​អង្គសេចក្តី​ដែល​ចាំបាច់​ត្រូវ​មាន​ជន​ជាប់​ចោទ​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ក្នុង​អង្គ​សវនាការ​ព្រឹកមិញ​នេះ​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​សម្រេច​រឿងមុន​អង្គ​សេចក្តី ​បាន​ន័យ​ថា​ រឿង​ស៊ើបសួរ ​មិនមែន​រឿង​អង្គសេចក្តី ​អីចឹង​ទេនីតិវិធី​តុលាការ​អាច​ដំណើរ​ការ​ទៅបាន​ ​មិនមាន​រាំង​ស្ទះ​នីតិវិធី​ទេ។ ​យើង​អាច​ដំណើរ​ការ​នីតិវិធី​បាន ​ដោយ​មាន​ក្រុម​មេធាវី​របស់​ជន​ត្រូវ​ចោទ​ហ្នឹង ​នៅ​ចំពោះ​មុខ​តុលាការ»។​

ទោះជាយ៉ាង​នេះ​ក្តី​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​បាន​លើក​ឡើង​ថា ​ជន​ត្រូវ​ចោទ​មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួមក្នុង​គ្រប់​នីតិវិធី​នៃ​តុលាការ ​ហើយថា ​ការ​មិន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សាដើម្បី​តតាំង​សេចក្តី ​គឺ​ជា​ការ​រំលោភរដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ពាក់​ព័ន្ធ​នឹងសិទ្ធិ​ពលរដ្ឋ។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​អាជ្ញាធរ​សម្រុក​ចូល​ចាប់​ខ្លួន​ចេញ​ពី​ក្នុង​ផ្ទះ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​ទាំង​កណ្ដាល​យប់​រំលង​អធ្រាត្រ ​ចូល​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា​ និងចោទ​ថា​ លោ​កបាន​រៀបចំ​ផែន​ការ​សម្ងាត់​ ​ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។​ ការ​ចោទ​ប្រកាន់​នោះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ​និងក្រុម​មន្រ្តី​គណបក្ស​សង្គ្រោះជាតិ​ ដោយ​លើក​ហេតុផល​ថា​ ជារឿង​មិន​ពិត។​

ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​មិន​ចំណុះ​ឲ្យ​គណបក្ស​កាន់​អំណាច​ជាច្រើន​ ត្រូវ​បាន​បិទ ​និង​កាត់​បន្ថយ​ម៉ោង​ផ្សាយ ​ក្នុង​នោះ​មាន​ដូច​ជា ​កាសែត​ The Cambodia Daily ​ វិទ្យុ​ជិត​៣០​ទូទាំង​ប្រទេស​ដែល​ជួល​ម៉ោង​ផ្សាយ​បន្ត​ឲ្យ​វិទ្យុ​អាស៊ី​សេរី ​និង​ VOA ​ព្រមទាំង​ការ​បិទ​អង្គការ​របស់​អាមេរិក​មួយ​ដែល​ធ្វើការ​ជំរុញ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ជាដើម។

​ការ​បិទអង្គការ ​និង​ស្ថាប័ន​ព័ត៌មាន​ ព្រមទាំងការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារនោះ​ ​បាន​ធ្វើ​ឲ្យ​ស្ថាប័ន ​និង​អង្គការ​អន្តជាតិ​យ៉ាង​ច្រើន​ប្រតិកម្ម​ ​និង​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​ ​បាតុកម្ម​ជា​ច្រើន​របស់​ជនជាតិ​ខ្មែរ​រស់​នៅ​បរ​ទេស​ប្រឆំាង​នឹង​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ នៅ​តាម​បណ្តា​ប្រទេស​នានា​ ​រួម​មាន​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ ​អាមេរិក​ ​អូស្រ្តាលី​ ​និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម៕