មន្រ្តីជាន់ខ្ពស់តំណាងទូតនៃប្រទេសនានាបានចាប់ផ្តើមជួបមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិលោក កឹម សុខា ខណៈសវនាការប្រឆាំងរូបលោកអាចត្រូវបានពន្យារពេលយូរឆ្នាំ។
លោក កឹម សុខា នៅថ្ងៃសុក្រនេះ បានជួបជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅឯផ្ទះរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក កឹម សុខា បានបង្ហោះសារនៅលើប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោកថា ជំនួបនេះគឺដើម្បី«សំណេះសំណាលសួរសុខទុក្ខ និងចង់ដឹងអំពីស្ថានភាពសុវត្ថិភាពរបស់ខ្ញុំ ជាពិសេសក្នុងរយៈពេលចុងក្រោយដែលខ្ញុំបានធ្វើដំណើរចូលរួមកម្មវិធីសាសនាប្រពៃណី កសិកម្ម និងជីវភាពសង្គម ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមបណ្ដាខេត្តខ្លះៗជាដើម»។
បើតាមហ្វេសប៊ុករបស់លោក កឹម សុខា លោកស្រី Carmen Moreno បានបញ្ជាក់ថា សហភាពអឺរ៉ុបនៅតែមានបំណងចង់ជួយប្រជាពលរដ្ឋកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាលើវិស័យនានា។ កាលពីថ្ងៃច័ន្ទ លោក កឹម សុខា ក៏បានជួបជាមួយលោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាផងដែរ។
លោក កឹម សុខា ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «ក្នុងជំនួបនេះខ្ញុំក៏បានជម្រាបឯកឧត្តមឯកអគ្គរាជទូតថា បើតាមខ្ញុំដឹង ប្រជាពលរដ្ឋខ្មែរនៅតែត្រូវការកិច្ចសហប្រតិបត្តិការ ឬជំនួយលើវិស័យផ្សេងៗពីប្រជាពលរដ្ឋ និងប្រទេសជាមិត្តរបស់កម្ពុជា ដូចជាស៊ុយអែតជាដើម»។
VOA មិនអាចសុំការអត្ថាធិប្បាយពីស្ថានទូតសហភាពអឺរ៉ុប និងស៊ុយអែតបានទេ នៅថ្ងៃសុក្រនេះ។
ជំនួបនេះកើតឡើងក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា សំណុំរឿងរបស់លោក កឹម សុខា អាចពន្យារពេលដល់ឆ្នាំ ២០២៤ ពោលគឺក្រោយពេលបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ ២០២២ និងការបោះឆ្នោតតំណាងរាស្រ្តក្នុងឆ្នាំ ២០២៣។
កាលពីខែមិថុនា មេធាវីការពារក្តីលោក កឹម សុខា បានដាក់ពាក្យស្នើសុំបន្តសវនាការលើសំណុំរឿងនេះ ដោយសារមើលឃើញថា ស្ថានភាពជំងឺកូវីដ១៩ ហាក់បានធូរស្រាលឡើងវិញ។ ប៉ុន្តែចៅក្រមលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកឡើងថា គប្បីបន្តផ្អាកតទៅទៀត ដោយសារស្ថានភាពកូវីដ១៩។
សវនាការលើសំណុំរឿងលោក កឹម សុខា បានចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ ប៉ុន្តែត្រូវបានពន្យារពេលចាប់តាំងពីចុងខែមីនា ដោយក្រុមមន្ត្រីលើកឡើងថា ជាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។
គួរបញ្ជាក់ថាលោក កឹម សុខា ត្រូវបានចាប់ខ្លួននាពេលយប់ថ្ងៃទី ២ ឈានចូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧។ មកទល់ពេលនេះលោកត្រូវបានដាក់ឲ្យនៅក្រៅឃុំ តែសវនាការលើសំណុំរឿងរបស់លោកពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» នៅតែបន្តអូសបន្លាយ៕