ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកឃ្លាំមើល៖ ការព្រលយ​ធ្វើ​នយោបាយ​របស់​អតីត​សមាជិក​បក្ស​ជំទាស់ នឹង​មិនមែន​ជា​គន្លឹះ​សម្រាប់​សា្តរ​ប្រជាធិបតេយ្យ​កម្ពុជា​ទេ


រូបឯកសារ៖ លោក​ សុន ឆ័យ​ ជា​អតីត​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ និង​គណៈ​កម្មាធិការ​នាយកមួយរូប ក្នុងចំណោម​​បី​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលបាន​ដាក់​លិខិត​ទៅ​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​អាច​ធ្វើ​នយោបាយ​ឡើង​វិញ​។
រូបឯកសារ៖ លោក​ សុន ឆ័យ​ ជា​អតីត​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ និង​គណៈ​កម្មាធិការ​នាយកមួយរូប ក្នុងចំណោម​​បី​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលបាន​ដាក់​លិខិត​ទៅ​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​អាច​ធ្វើ​នយោបាយ​ឡើង​វិញ​។

លោកបណ្ឌិត មាស នី ថ្លែង​ថា បើសិនជា​អ្នក​ដែល​ស្នើសុំ​សិទ្ធិ​នយោបាយ​បាន​មកវិញ រួចទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដូចអ្វី​ដែល​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​បាន​ធ្វើ​នោះ នោះ​គ្រឹះ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នឹង​រង្គោះរង្គើ​ទៅ​បន្តិច​ម្តងៗ រហូត​លែង​មាន​កម្លាំង​ក្រោក​មក​តទល់​នឹង​គណបក្ស​កាន់​អំណាច។

អ្នក​វិភាគ​និង​អ្នក​ជំនាញ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីត​សមាជិក​កំពូលៗ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវបាន​រំលាយ ​នឹង​មិន​មាន​ទម្ងន់​គ្រប់​គ្រាន់ ​ដើម្បី​ស្តារ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ទេ។​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ សកម្មភាព​នយោបាយ​ថ្មី​របស់​ក្រុម​អតីត​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​ចលនា​ប្រជា​ធិបតេយ្យ​ចុះ​ថម​ថយ​ហើយ​ពិបាក​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។​

កាលពី​សប្តាហ៍​មុន ​អតីត​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ និង​គណៈ​កម្មាធិការ​នាយក​បី​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​មាន​លោក​ សុន ឆ័យ​ លោក ​វ៉ា សាម៉ុន​ និង​លោក ​តាវ គឹមឈន​ ដែល​ជាប់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ក្រោម​សាល​ដីកា​របស់​តុលាការ​កំពូល​ បាន​ដាក់​លិខិត​ទៅ​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​អាច​ធ្វើ​នយោបាយ​ឡើង​វិញ​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈ​ពេល​ជិត​៣​ឆ្នាំ។​

លោក​បណ្ឌិត ​មាស នី​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ប្រាប់​វីអូអេ​ថា ​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ​ គឺ​ជា​សិទ្ធិ​របស់​បុគ្គល​របស់​អ្នក​នយោបាយ។ ​ប៉ុន្តែ​លោក​ថា​ប្រសិន​អ្នក​ដែល​ស្នើ​សុំ​សិទ្ធិ​នយោបាយ​បាន​មក​វិញ ​រួច​ទៅ​បង្កើត​គណបក្ស​នយោបាយថ្មី ដូច​អ្វី​ដែល​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​ធ្វើ​នោះ​ នោះ​គ្រឹះ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​រង្គោះ​រង្គើ​ទៅ​បន្តិច​ម្តងៗ​ រហូត​លែង​មាន​កម្លាំង​ក្រោក​មក​តទល់​នឹង​គណបក្ស​កាន់​អំណាច។​

«បើ​ចេញ​មក​ហើយ​ តតាំង​ឈ្លោះ​គ្នា​បាន​ន័យ​ថា​ ខាង​សង្គ្រោះ​ជាតិ​ក៏​មើល​មក​ថា​ ក្រុម​អ្នក​ចេញ​មក​ ជា​សត្រូវ​របស់​គាត់​ ហើយ​ខាង​ណេះ​ ក៏​ចេញ​មក​វាយ​ប្រហារ​ត្រឡប់​ទៅវិញ​នោះ​អា​ហ្នឹង​ ធ្វើ​ឲ្យ​មាន​ផល​លំបាក​ច្រើន​ទៅ​លើ​ចលនា​ប្រជា​ធិបតេយ្យ​នៅ​ពេល​ខាង​មុខ​ដែរ​ គឺ​ទី​ចុង​បំផុត​អ្នក​ដែល​ចេញ​មក​ ហើយ​ប្រកាស​ធ្វើ​គណបក្ស​ ហើយ​ ប្រមាថ​ត្រឡប់​ទៅមេ​ដើម​វិញ​នោះ​ ក៏​នឹង​មិន​អាច​ទៅណា​រួច​បាន​ឆ្ងាយ ​ហើយ​ទីចុង​បំផុត​ បើ​រឿង​ហ្នឹង​វា​នៅ​តែ​យូរ​ហើយ​មាន​ការ​ចេញ​មក​បន្ត​បន្ទាប់​ទៀត ​វា​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​សង្គ្រោះ​ជាតិ​ នៅ​ពេល​អនាគត ​នឹង​អាច​ត្រូវ​ទន់​ខ្សោយ​បន្តិច​ម្តងៗ​ រហូត​ទៅ​ដល់​លែង​អាច​មាន​កម្លាំង​យក​មក​ប្រឈម​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​បាន»។​

ស្រប​ពេល​នឹង​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីត​សមាជិក​ផ្សេង​ទៀត ​លោក​ អ៊ូ ចន្ទរ័ត្ន ​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ​ដែល​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​ លើក​ឡើង​ថា​ លោក​កំពុង​ស្ទង់​ទឹកចិត្ត​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ​គួរ​ត្រូវ​បង្កើត​គណ​បក្ស​នយោបាយ​ថ្មី ​ឬ ​យ៉ាងណា​ ដោយ​មិន​ត្រូវ​ការ​ចាំការ​បើក​ផ្លូវ​ពី​មេដឹក​នាំ​គណបក្ស​ជំទាស់​ គឺ​លោក ​កឹម សុខា ​និង​លោក ​សម រង្ស៊ី។​

លោក​យល់​ថា​ ការ​បន្ត​នៅ​ស្ងាត់​ស្ងៀម​របស់​ក្រុម​អតីត​មន្ត្រី​នៃ​គណ​បក្ស​ជំទាស់​ នឹង​មិន​អាច​រក​ដំណោះ​ស្រាយ​នយោបាយ​ថ្មី​ទេ ​គ្រា​ដែល​គណ​បក្ស​ជំទាស់​កំពុង​បែក​បាក់​ផ្ទៃ​ក្នុង​ធ្ងន់​ធ្ងរ​នោះ។ ​លោក​ជឿ​ថា​ បើ​សិន​ក្រុម​អតីត​មន្ត្រី​នៃ​គណបក្ស​ជំទាស់​មិន​រកច្រក​ថ្មី​ដើម្បី​ធ្វើ​នយោបាយ​ទេ ​នោះ​រឹតតែ​ផ្តល់​ឱកាស​ឲ្យ​បក្ស​កាន់​អំណាច​បន្ត​ក្តោប​ក្តាប់​អំណាច​តែ​ម្នាក់​ឯង។​

«យើង​នៅ​ស្ងៀម​ក៏ដូច​តែ​យើង​ជួយ​រុញទូក​ គណ​បក្ស​កាន់​អំណាច​ហ្នឹង​ ឲ្យ​បន្ត​អំណាច​តទៅ​ទៀត​ហើយ​ ដូច​រឿង​អាណតិ្ត​២០១៨​ ហ្នឹង​អ៊ីចឹង យើង​អត់​មាន​អី​ អត់​មាន​ធ្វើ​អី​កើត​ទេ​ ក្រៅ​ពី​ប្រគល់​អំណាច​ទាំង​ស្រុង​ឲ្យ​ទៅ​គណបក្ស​ប្រជាជន​ធ្វើ​អី​តាម​ចិត្ត​ ជិះ​សេះ​លែង​ដៃ។​ ខ្មែរ​យើង​ថា​ ជិះ​សេះ​លែង​ដៃ»។​

អតីត​តំណាងរាស្ត្រ​របស់​គណបក្ស​ជំទាស់​លើក​ឡើង​ទៀត​ថា​ លោក​នឹង​កសាង​ទំនាក់​ទំនង​នយោបាយ​ថ្មី ​ជាមួយ​គណបក្ស​ថ្មីៗ​ ដែល​ទើប​តែ​បង្កើត​ឡើងដោយ​ក្រុម​អតីត​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ ក្នុង​នោះ ​គឺ​គណ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​របស់​លោក​ជីវ កត្កា​ និង​លោក​ កង គឹមហាក់។​

មេ​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​លោក​ សម រង្ស៊ី​ ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស ​មិន​ចង់​ឲ្យ​អ្នក​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ​ជាង​១០០​នាក់​ សុំ​ការ​ដក​បម្រាម​ពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នោះ​ទេ ​ដោយ​ចង់​ឲ្យ​មាន​ការ​លើក​បម្រាម​សម្រាប់​អ្នក​នយោបាយ​ទាំង​អស់​គ្នា​តែ​ម្តង ​ដោយ​ពុំ​មាន​ការ​ស្នើ​សុំ។​ អ្នក​នយោបាយ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១១៨​នាក់ ​រួម​មាន​លោក ​កឹម សុខា ​ផង​ដែរ​ ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ ក្រោយ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។​

លោក​ ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ យល់​ឃើញ​ថា អ្នក​នយោបាយ​ដែល​សម្រេច​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើង​វិញ​នោះ​ នឹង​មិន​ជួប​ជោគ​វាសនា​ល្អ​ទេ​សម្រាប់​ជីវិត​នយោបាយ​របស់​ពួក​គេ។​

«អ៊ីចឹង​ប្រសិន​បើ​អ្នកដែល​ចាក​ចេញ​ពី​បក្ស​ ហើយ​មក​ឈរ​ឈ្មោះ​បោះឆ្នោត​ មក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ហ្នឹង​ គឺ​ទីមួយ​ប្រឈម​នឹង​បាត់​បង់​នូវ​អតីត​ភាព​ និង​បាត់​បង់​នូវ​តម្លៃ​នយោបាយ​ បាន​ន័យថា​ ​ការ​វិនិច្ឆ័យ​របស់​ពលរដ្ឋ​ទៅ​លើការ​ចូលនៅ​ក្នុង​ឆាក​នយោបាយ​ទីមួយ។​ ទីពីរ​ គាត់​សមាសភាព​មួយៗ​ ដែល​លោក​ សុន ឆ័យ ​ក៏​ដោយ​ គាត់​មាន​តែ​ប្រជា​ប្រិយ​ភាព ​ប៉ុន្តែ​មិន​ទាន់​មាន​ប្រជា​ប្រិយភាព​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​កៀរគរ​សំឡេង​ដើម្បី​យក​សំឡេង​នៅ​ក្នុង​ការ​បោះឆ្នោត​បាន​ទេ»។​

លោក​បន្ត​ថា ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ នឹង​មិន​អាច​ជា​ជម្រើស​សម្រាប់​កែ​ទម្រង់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ដូច​ជា​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ ​រួម​មាន​សហភាព​អឺរ៉ុប​នោះ​ទេ។​ លោក​កត់​សម្គាល់​ថា ​ការ​បង្កើត​គណបក្ស​ថ្មី ​រឹតតែ​ផ្តល់​កម្លាំង​ឲ្យ​គណបក្ស​ប្រជាជន​កេង​យក​ផល​ចំណេញ​ខាង​នយោបាយ​ពី​ការ​បោះ​ឆ្នោត។​

«បរិយាកាស​ប្រជា​ធិបតេយ្យ​ ខ្ញុំ​គិត​ថា ​ប្រសិន​បើ​ស្ថាន​ភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ហ្នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ ការ​ស្នើ​សុំ​របស់​សហគមន៍​អឺរ៉ុប​ អាហ្នឹង​ខ្ញុំគិត​ថា​ អាច​មាន​ប្រជា​ធិបតេយ្យ​ហើយ ​ហើយ​ប្រសិន​បើ​បុគ្គល​មួយៗ​ ចេញ​មក​ធ្វើ​មក​ខំ​បង្កើត​បក្ស​ខ្លួន​ឲ្យ​ច្រើន​ ដូច​យន្តការ​មុន​២០​បក្ស​តែ​យើង​សួរ​ថា​ ហេតុអី​បាន​ជា​សហគមន៍​អន្តរ​ជាតិ​ មាន​សហរដ្ឋ​អាមេរិក​ សហគមន៍​អឺរ៉ុប​គេ​មិន​ឲ្យ​តម្លៃ​ថា​ អាហ្នឹង​ ជា​ប្រជា​ធិបតេយ្យ? ​បាទ​ អាហ្នឹង​ គឺ​ជា​ហេតុផល​មួយ​ពាក់​ព័ន្ធ​នឹង​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ និង​ប្រជា​ធិបតេយ្យ​គ្រាន់តែ​ជារូបភាព​ គ្រាន់​តែ​ជាឡប់​ឡែ​ទៅ​វិញ​ទេ​បាទ»។​


លោក​ស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ​ បាន​រិះគន់​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​ខាង​លើ​ថា​ នឹង​ធ្វើ​ឲ្យ​ក្រុម​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ជំទាស់​កាល​ពី​ឆ្នាំ​២០១៣ ​និង​២០១៧ ​ខក​ចិត្ត​ និង​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ការ​រំលាយ​គណបក្ស​ជំទាស់។

«មាន​ន័យ​ថា ​ យើង​បាន​ធ្វើ។​ យើង​មាន​ទោស។​ យើង​មាន​កំហុស​ដ៏ធំ​មួយ​ដែល​តុលាការ​គេកាត់​ទោស។ ​ហើយ​តុលាការ​ដែល​កាត់​ទោស​ដក​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​តុលាការ​របស់​អ្នកណា?​ ជា​តុលាការ​របស់​លោក​ ហ៊ុន សែន»។​

លោក​ស្រី​បន្ថែម​ថា ​អ្នក​ទទួល​បាន​សិទ្ធិ​នយោបាយ​មកវិញ​នោះ​ នឹង​មិន​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ទេ ​ពោល​ គឺ​ដូច​លោក​កឹម សុខា ​ដែល​មាន​សិទ្ធិ​ដើរ​ហើរ​ក្នុង​ប្រទេស ​តែ​គ្មាន​សិទ្ធិ​ប្រមូល​ផ្តុំ​ខាង​នយោបាយ។​

«ទោះ​បី​គេ​ឲ្យ​សិទ្ធិ​ហ្នឹង​មក​វិញ​ក៏ដោយ គេ​ប្រទាន​សិទ្ធិ​ហ្នឹង​មក​វិញ​ក៏​ដោយ ​គេ​មិន​ឲ្យ​យើង​១០០​ភាគ​រយ​ទេ។​ គេ​ដាក់​កំណត់​ច្បាស់​ណាស់​ ដូច​ជា​លោក​ប្រធាន ​កឹម សុខា​ ឃើញ​គេដាក់​កំណត់​ទេ?​ ថ្មីៗ​នេះ​ តុលាការ​គេ​ បាន​ប្រាប់​ហើយ​រំឭក​លោក​ប្រធាន​ទៀត​ថា​ កុំ​ឲ្យ​ដើរ​ហួស​ព្រំដែន​ហ្នឹង!​ អត់​បាន​ទេ»។​

សម្រាប់​លោក​ មាជ សុវណ្ណារ៉ា​ អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​មិន​ជាប់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​អះអាង​ថា​ លោក​មិន​អាច​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ថ្មី​ ដែល​គ្មាន​ការ​គាំទ្រ​ពី​មេ​ដឹកនាំ​គណបក្ស​ គឺ​លោក​ កឹម សុខា ​និង​លោក​ សម រង្ស៊ី ​នោះ​ទេ។ ​ លោក​ជឿ​ថា​ គណបក្ស​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​គ្មាន​ការ​គាំទ្រពី​មេ​ដឹក​នាំ​នយោបាយ​ជំទាស់​ទាំង​ពីរ​នេះ​ នឹង​មិន​អាច​ទាក់​ទាញ​ចិត្ត​អ្នក​បោះ​ឆ្នោត​បាន​ទេ។​

«ចាំ​ទាល់​យើង​មាន​ពេល​វេលា​ណាមួយ​សមស្រប​ ហើយ​មាន​ការ​ឲ្យ​គេ​ថា​ឲ្យ​ភ្លើង​ខៀវ​ ឬ​ក៏​គាំទ្រ​ដោយ​លោក ​កឹម សុខា​ លោក ​សម រង្ស៊ី​ ថា​ហ្នឹង​ជា​ឈាម​ថ្មី​ ជា​អ្នក​បន្ត​វេន​របស់​បក្ស​សង្គ្រោះ​ជាតិ​ អាហ្នឹង​បាន​យើង​ជោគជ័យ។​ ប៉ុន្តែ​សម្រាប់​គេ​ដែល​ទៅ​ធ្វើ​នយោបាយ​ បើក​បក្ស​បើក​អី​ អាហ្នឹង​ ជា​រឿង​សិទ្ធិ​របស់​គេ​ យើង​អត់​អាច​ទៅ​ថា​ គេ ទៅ​ចោទ​គេ​បាន។​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ គឺខ្ញុំ​ដាច់​ខាត​ គឺ​ខ្ញុំ​នៅ​ជ្រោង​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ​ដដែល»។​

លោក​នាយ​ឧត្តម​សេនីយ៍ ​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បញ្ជាក់​ថា ​ក្រសួង​បាន​ទទួល​លិខិត​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ សុន ឆ័យ​ និង​អតីត​សមាជិក​គណៈ​កម្មាធិការ​នាយក​ពីរ​រូប​ទៀត​របស់​គណ​បក្ស​ជំទាស់។ ​លោក​មាន​ប្រសាសន៍​ថា​ ​លោក​មិន​ទាន់​មាន​ព័ត៌មាន​ថ្មី​ទៅ​លើ​សំណើ​របស់​អ្នក​ទាំង​បី​ទេ។​

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សុន ឆ័យ ​ដែល​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយឡើង​វិញ​ បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

កាល​ពី​ថ្ងៃ​ទី១២​ ខែ​សីហា​ ឆ្នាំ​២០២០ ​គណៈ​កម្មការ​អឺរ៉ុប​ បាន​ប្រកាស​ជា​ផ្លូវការ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ គ្រប់​មុខ​ទំនិញ​ លើក​លែង​សព្វាវុធ​ (EBA)​ ចំនួន​២០​ភាគរយ​លើ​ផលិត​ផល​នាំចេញ​មួយ​ចំនួន​របស់​កម្ពុជា​ ដែល​មាន​ដូច​ជា​សម្លៀក​បំពាក់​ ស្បែក​ជើង ​សម្ភារៈ​ធ្វើ​ដំណើរ​ និង​ស្ករស។​

ការ​សម្រេច​របស់​គណៈ​កម្មការ​អឺរ៉ុប ​ធ្វើ​ឡើង​ក្រោយពី​មាន​ការ​ស៊ើប​អង្កេត​របស់​គណៈ​កម្មការ​អឺរ៉ុប​ ដែល​បាន​រក​ឃើញ​ថា ​កម្ពុជា​បាន​«រំលោភ​បំពាន​ធ្ងន់ធ្ងរ​និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ‍»​ លើ​សិទ្ធិ​មូលដ្ឋាន​ជាច្រើន​ ជា​ពិសេស​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ដាក់​ពន្ធនាគារ​ ការ​រំលាយ​បក្ស​ប្រឆាំង​ ការ​ហាមឃាត់​សកម្មភាព​នយោបាយ​របស់​សមាជិក ​និង​ការ​គាប​សង្កត់​អង្គការ​សង្គមស៊ីវិល ​និង​សារ​ព័ត៌មាន៕

XS
SM
MD
LG