ក្នុងពេលដែលលោក កឹម សុខា កំពុងចូលរួមសវនាការជំនុំជម្រះលើរូបលោក លោកបានបង្ហោះសារតាមហ្វេសប៊ុករបស់លោក ដោយបានបដិសេធសារជាថ្មីថា លោកមិនបានប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទប្រកាន់នោះទេ។
នៅលើហ្វេសប៊ុករបស់លោក កឹម សុខា មានការបង្ហោះសារថា៖ «ខ្ញុំបដិសេធទាំងស្រុងនូវការចោទប្រកាន់មកលើរូបខ្ញុំពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ ខ្ញុំមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពានព្រះរាជាណាចក្រកម្ពុជាឡើយ»។
លោកបានបន្ថែមថា៖ «ខ្ញុំមិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេសខ្ញុំមិនបានប្រព្រឹត្តនូវអំពើទាំង ឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ។ សកម្មភាពទាំងអស់របស់ខ្ញុំ គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
លោក កឹម សុខា បានបន្ថែមថា៖ «គ្រប់សកម្មភាពនយោបាយរបស់ខ្ញុំ គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ»។
លោក កឹម សុខា បញ្ជាក់ថា លោកនៅតែទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើរូបលោក។
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានបញ្ជាក់បន្ថែមលើសាររបស់ឪពុកកញ្ញាថា ការកាត់ក្តីលើលោក កឹម សុខា «គឺជារូបភាពអាក្រក់មួយសម្រាប់កម្ពុជា មិនគួរកើតឡើងទេ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ។
សវនាការលើលោក កឹម សុខា បានចាប់ផ្តើមនៅព្រឹកថ្ងៃពុធនេះ ដោយលោកបានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការជំនុំជម្រះរបស់លោក។ សវនាការនេះត្រូវបានយាមកាមដោយកម្លាំងសន្តិសុខចម្រុះនិងមានការតាមដានពីមន្រ្តីអង្គទូត អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ។
មន្រ្តីរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមួយចំនួន កំពុងតាមដានសវនាការជំនុំជម្រះនេះក្នុងបន្ទប់សវនាការផ្ទាល់តែម្តង។
សវនាការដំបូងនេះមានរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៥ និងទី១៦ ខែមករា។ នេះបើតាមមេធាវីរបស់លោក កឹម សុខា។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់VOAកាលពីថ្ងៃអង្គារថា សវនាការជំនុំជម្រះលើលោក កឹម សុខា អាចប្រើរយៈពេលទៅដល់៣ខែ៕