លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង នៅព្រឹកថ្ងៃពុធនេះ បានប្រាប់ទៅអង្គជំនុំជម្រះថា វីដេអូដែលតុលាការយកធ្វើជាភស្តុតាងក្នុងការចោទប្រកាន់លោកថា «ក្បត់ជាតិ» ជាវីដេអូកាត់ត ហើយលោកបានប្រគល់វីដេអូពេញជាងមួយម៉ោង ដោយស្នើឲ្យមានការបញ្ចាំងក្នុងបន្ទប់សវនាការ។
ក្នុងបន្ទប់សវនាការនៅព្រឹកថ្ងៃពុធនេះ តុលាការបានបង្ហាញវីដេអូដំបូងបង្អស់រយៈពេល២នាទី ដែលលោក កឹម សុខា បានថ្លែងកាលពីឆ្នាំ២០១៣ថា អាមេរិកបានគាំទ្រលោក កឹម សុខា និងបានផ្តល់គំនិតដល់រូបលោកសម្រាប់ការបង្កើតអង្គការសង្គមស៊ីវិល និងការងារនយោបាយ។ វីដេអូនេះត្រូវបានរដ្ឋាភិបាលប្រើប្រាស់ជាភស្តុតាងក្នុងការចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា ប្រព្រឹត្តអំពើក្បត់ជាតិ ប៉ុនប៉ុងផ្តួលរំលំរដ្ឋាភិបាល។
ក្រោយបញ្ចាំងវីដេអូនេះ លោក កឹម សុខា បានថ្លែងថា៖ «ខ្ញុំបដិសេធវីដេអូនេះ មិនអាចធ្វើជាភស្តុតាងអង្គហេតុចោទប្រកាន់ខ្ញុំទេ»។
លោកបន្ថែមថា៖ «មិនមែនជាវីដេអូរបស់ខ្ញុំទេ តែជាសំឡេង និងរូបខ្ញុំ ហើយមិនពេញលេញ ហើយមានការកាត់ត ជាកង់ៗ។ សូមឲ្យតុលាការធ្វើកោសល្យវិច័យជាមុនសិន ប្រភពពីណា នរណាកាត់ត។ ខ្លឹមសារពិតដែលខ្ញុំបាននិយាយជាសាធារណៈកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ បំណងគឺថ្លែងអំណរគុណ និងជម្រាបពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជា និងគោលចំហររបស់ខ្ញុំ។ មិនមានផែនការណាមួយ ដែលខ្ញុំចង់ធ្វើការផ្តួលរំលំរដ្ឋាភិបាលនោះទេ»។
លោក កឹម សុខា បានទាមទារឲ្យតុលាការចាក់បញ្ចាំងវីដេអូជាងមួយម៉ោង ដែលលោកបានដាក់ក្នុងអង្គចងចាំ ហើយដកចេញពីហោប៉ៅរបស់លោក ហុចឲ្យមន្រ្តីតុលាការ។
ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ ចៅក្រម កូយ សៅ បានសួរលោក កឹម សុខា ថាហេតុអ្វីបានជាចង់ឲ្យចាក់វីដេអូជាងមួយម៉ោងនេះ។ លោក កឹម សុខា បានថ្លែងទៅចៅក្រមជំនុំជម្រះថា៖ «វីដេអូ វាសំខាន់ណាស់ បើមិនចាក់ទេ សវនាការនេះ មិនអាចរកយុត្តិធម៌បានទេ»។
ក្រោយពីមានការទាមទារនោះ តុលាការមិនទាន់មានការសម្រេចយ៉ាងណាទេ។
មេធាវីតំណាងរដ្ឋាភិបាល គឺ លោក គី តិច ដែលធ្លាប់ការពារក្តីឲ្យក្រសួងមហាផ្ទៃរំលាយគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧ បានលើកឡើងអំពីមូលហេតុមិនទាន់ឲ្យតុលាការចាក់បញ្ចាំងវីដេអូ ភ្លាមៗ ដោយបារម្ភថាវីដេអូនោះអាចនឹងធ្វើឲ្យកំព្យូទ័ររបស់តុលាការផ្ទុះ ឬបាត់បង់ឯកសារ និងលើកឡើងថា ក្រុមមេធាវីរបស់លោក កឹម សុខា មិនបានដាក់វីដេអូនោះជាភស្តុតាងតាំងពីដំបូង។
តុលាការបានបញ្ជាឲ្យក្រុមមេធាវីរបស់លោក កឹម សុខា ដាក់ឯកសារជាលាយលក្ខណ៍អក្សរពាក់ព័ន្ធនឹងវីដេអូជាងមួយម៉ោងនេះ ហើយបញ្ជូនទៅតុលាការឲ្យបានត្រឹមថ្ងៃទី២០ ខែមករា មុននឹងតុលាការសម្រេចថានឹងបញ្ចាំងនៅពេលណា។
មេធាវីរបស់លោក កឹម សុខា គឺលោកស្រី ម៉េង សុធារី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា៖ «ដោយសារ តែចាក់ហ្នឹងហើយមានឃើញការកាត់សំឡេងគាត់ យកមកផ្គុំគ្នា អញ្ចឹងហើយបានជាគាត់ស្នើសុំឲ្យចាក់វីដេអូដែលគាត់ផ្តល់ជូនពេញទាំងមូលតែម្តង។ វីដេអូដែលយើងបានពីតុលាការមកមានច្រើនជាងមួយ។ វីដេអូដែលលោកប្រធាន [លោក កឹម សុខា] គាត់ដាក់ទៅមួយគឺមួយម៉ោងជាង។ ចា [តុលាការ]ទទួលយកហើយ ប៉ុន្តែអត់ទាន់បានចាក់នៅក្នុងថ្ងៃនេះទេ ចាក់នៅសប្តាហ៍ក្រោយ»។
មេធាវីរបស់រដ្ឋាភិបាល ដែលមានលោក គី តិច ជាប្រធាន បានថ្លែងថាមានប្រទេសចំនួន៩ ពាក់ព័ន្ធ នឹងសំណុំរឿងលោក កឹម សុខា ក្នុងនោះរួមមានឥណ្ឌូនេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា។ លោកក៏បានស្នើកុំឲ្យនិយាយឈ្មោះប្រទេសណាមួយនៅក្នុងសវនាការជំនុំជម្រះ ដោយលោកបានលើកឡើងថា កុំឲ្យប៉ះពាល់ទំនាក់ទំនងកម្ពុជា និងប្រទេសនោះ។ លោកបានស្នើឲ្យប្រើប្រាស់អក្សរតំណាង ដោយក្នុងនោះសហរដ្ឋអាមេរិក ត្រូវនឹង «រដ្ឋ ង»។
ក្រោយបញ្ចប់សវនាការនៅពេលព្រឹក លោក គី តិច បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការ ថា៖ «សំណើនោះសូមបញ្ជាក់ជូនថា ដោយសារនៅក្នុងសំណុំរឿងនេះ វាមានពាក់ព័ន្ធនឹងបរទេស ពាក់ព័ន្ធនឹងប្រទេស មានប្រទេសប្រហែលជា៩ ហើយក៏ពាក់ព័ន្ធជាមួយនឹងអង្គការមួយចំនួនទៀត ហើយក៏ពាក់ព័ន្ធជាមួយនឹងបុគ្គលបរទេសមួយចំនួនទៀត ដែលនៅក្នុងសំណុំរឿងនេះ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ។
ក្នុងពេលសវនាការរំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មេធាវីរបស់រដ្ឋាភិបាលបានប្រើប្រាស់វីដេអូឃ្លីបរបស់លោក កឹម សុខា ជាភស្តុតាងមួយក្នុងការរំលាយគណបក្សប្រឆាំងដ៏ ធំមួយនេះ។ មេធាវីរបស់រដ្ឋាភិបាលក៏បានលើកឡើងថា សហរដ្ឋអាមេរិកបានជួយជ្រោមជ្រែងគណបក្សសង្រ្គោះជាតិជាសម្ងាត់ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
សវនាការជំនុំជម្រះលើលោក កឹម សុខា នឹងបន្តនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ VOA កាលពីថ្ងៃអង្គារថា សវនាការជំនុំជម្រះលើលោក កឹម សុខា អាចប្រើរយៈពេលទៅដល់៣ខែ៕