កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានស្នើឲ្យសហរដ្ឋអាមេរិក បង្កើនការគាបសង្កត់លើរដ្ឋាភិបាលទីក្រុងភ្នំពេញ ដើម្បីធ្វើឲ្យមានប្រក្រតីភាពឡើងវិញនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយការរំលាយចោលគណបក្សសង្គ្រោះជាតិដោយអំណាចតុលាការកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងការផ្តល់សក្ខីកម្មទាក់ទិននឹងស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា ធ្វើឡើងចំពោះមុខអនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ កញ្ញា កឹម មនោវិទ្យា អគ្គនាយករងទទួលបន្ទុកកិច្ចការសាធារណៈ នៃអតីតគណបក្សសង្គ្រោះជាតិ បានពណ៌នាអំពីព្រឹត្តិការណ៍ចុងក្រោយនៃនយោបាយនៅកម្ពុជា។
កញ្ញាបានលើកឡើងអំពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងការចាប់ខ្លួនឪពុករបស់កញ្ញា គឺលោក កឹម សុខា ទាំងយប់កណ្តាលអាធ្រាត ខណៈដែលលោកនៅមានអភ័យឯកសិទ្ធិសភា ការរារាំងមិនឲ្យមន្ត្រីបក្សប្រឆាំងចំនួន១១៨នាក់ធ្វើនយោបាយនិងការដកចេញក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ ៥.០០០ នាក់ដែលបានជាប់ឆ្នោត ហើយនិងការបង្ក្រាបលើបណ្តាញព័ត៌មានឯករាជ្យ អង្គការសង្គមស៊ីវិល និងជាពិសេសនោះគឺការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយដ៏លេចធ្លោមួយរូប។
កញ្ញា កឹម មនោវិទ្យា បានថ្លែងអំណរគុណចំពោះវិធានការផ្សេងៗ ដែលសហរដ្ឋអាមេរិកបានធ្វើកាលពីពេលកន្លងមកដើម្បី ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ តែដើម្បីឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ងាកមករកគន្លងត្រឹមត្រូវនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យពេញលេញនោះ កញ្ញា មនោវិទ្យា បានស្នើដល់សហរដ្ឋអាមេរិកឲ្យដាក់ពេលកំណត់មួយជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីទាញដំណើរការប្រជាធិបតេយ្យឲ្យវិលមករកភាពដើមឡើងវិញ។
កញ្ញា កឹម មនោវិទ្យា ដែលកំពុងស្វែងរកការគាំទ្រពីក្រុមមន្ត្រីរបស់អាមេរិកបានថ្លែងយ៉ាងដូច្នេះ៖
«វាសំខាន់ខ្លាំងណាស់ដែលត្រូវដាក់ពេលកំណត់ជាមួយរដ្ឋាភិបាលកម្ពុជា។ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនទាញស្ថានការណ៍ឲ្យទៅរកភាពដើមវិញឲ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាននោះទេ ខ្ញុំជឿថាសហរដ្ឋអាមេរិកត្រូវចាត់វិធានការបន្ថែមទៀត»។
មន្ត្រីរបស់គណបក្សប្រឆាំងរូបនេះ បានលើកឡើងអំពីវិធានការបន្ថែមទៀត ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចធ្វើបានដើម្បីរៀបចំឡើងវិញនូវប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។
វិធានការទាំងនោះរួមមានការដាក់ទណ្ឌកម្មខាងហិរញ្ញវត្ថុលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានរកឃើញថា បានបំផ្លាញដំណើរការប្រជាធិបតេយ្យ ការព្យួររាល់ជំនួយដល់ចំណុចស្នូលនៃរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានជំនួយពាក់ព័ន្ធនឹងកិច្ចការសន្តិសុខ ការបន្តជួយកម្មវិធីគាំទ្រលទ្ធិប្រជាធិបតេយ្យដល់សង្គមស៊ីវិល ជាពិសេសគឺ ក្រុមដែលមានសកម្មភាពក្នុងកិច្ចការបោះឆ្នោត ការពិនិត្យមើលលក្ខណៈសម្បត្តិនៃការទទួលបាន កម្មវិធីអនុគ្រោះពាណិជ្ជកម្ម ហៅកាត់ថា GSP ការសម្របសម្រួលប្រទេសដែលមានទឹកចិត្តដូចគ្នាដូចជា ប្រទេសជប៉ុន សហភាពអឺរ៉ុប អូស្រា្តលី និងកូរ៉េខាងត្បូង ដើម្បីប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទាញស្ថានការណ៍ឲ្យមករកភាពដើមវិញ និងការបញ្ចុះបញ្ចូលឲ្យហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិនិត្យរាល់ការរំលោភដោយរដ្ឋាភិបាលកម្ពុជាលើកិច្ចព្រមព្រៀងនេះ និងលើកជាអនុសាសន៍ឲ្យមានការឆ្លើយតបរួមជាលក្ខណៈសាកលចំពោះការវាយប្រហាររបស់រដ្ឋាភិបាលកម្ពុជាមកលើកិច្ចព្រមព្រៀងនេះ។
នៅក្នុងការផ្តល់សក្ខីកម្មចុងក្រោយ កញ្ញា កឹម មនោវិទ្យា ដែលជាសមាជិកគណៈអចិន្ត្រៃយ៍មួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិ ថ្លែងបន្ថែមថា សហរដ្ឋអាមេរិកមានតួនាទីធំមួយក្នុងការជួយប្រាប់ពិភពលោកថា លទ្ធិប្រជាធិបតេយ្យនៅតែបន្តកើតមានក្នុងប្រទេសកម្ពុជា ទោះប្រទេសនេះស្ថិតក្នុងស្ថានភាពលំបាកខ្លាំងយ៉ាងណាក្តី។
«មានលទ្ធភាពច្រើនណាស់ដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យ ហើយវាអាចកើតឡើងឆាប់ៗនេះ។ សហរដ្ឋអាមេរិកនឹងមានតួនាទីធំមួយក្នុងការជួយប្រទេសកម្ពុជាប្រាប់អំពីរឿងរ៉ាវមួយដែលមានលក្ខណៈជំរុញទឹកចិត្ត ទៅពិភពលោកថា លទ្ធិប្រជាធិបតេយ្យនៅបន្តកើតមាន»។
កាលពីដើមខែធ្នូ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសដាក់បម្រាមទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការសម្រេចរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើឡើងស្របទៅនឹងគោលជំហររបស់សេតវិមានរបស់ប្រធានាធិបតីអាមេរិក ដែលបានប្រកាសកាលពីថ្ងៃទី១៦ ខែវិច្ឆិកាថា អាមេរិកនឹងចាត់វិធានការជាក់លាក់ ដើម្បីឆ្លើយតបនឹងទង្វើរបស់រដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យខូចដល់ការរីកចម្រើនខាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
លោក Kenneth Wollack ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI ដែលបានចូលរួមក្នុងការផ្តល់សក្ខីកម្មកាលពីថ្ងៃអង្គារ បានថ្លែងប្រាប់លោក Ted Yoho ប្រធានអនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិកថា បើគិតចាប់តាំងពីការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក ប្រទេសកម្ពុជា បានឆ្លងកាត់ព្រឹត្តិការណ៍រដ្ឋប្រហារបីលើករួចមកហើយ។
លោកបានរៀបរាប់ថា រដ្ឋប្រហារលើកទីមួយបានកើតឡើងនៅក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលរៀបចំដោយអង្គការសហរដ្ឋប្រជាជាតិ។ នាគ្រានោះ មេដឹកនាំគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន មិនពេញចិត្តនឹងលទ្ធផលបោះឆ្នោត និងបានចោទថា ជាការរៀបចំដោយអង្គការសហប្រជាជាតិ។ មានពាក្យចចាមអារ៉ាមជាច្រើនបានកើតឡើងអំពីការបង្កើតតំបន់អប្បគមន៍ ដែលធ្វើឲ្យអតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទនរោត្តម សីហនុ ចូលអន្តរាគមន៍។
លោក Wollack បានបន្តថា រដ្ឋប្រហារលើកទីពីរ បានកើតឡើងនៅឆ្នាំ១៩៩៧ គឺនៅពេលដែលលោក ហ៊ុន សែន បានផ្តួលរំលំដៃគូរដ្ឋាភិបាលចម្រុះរបស់លោកយ៉ាងឃោរឃៅ គឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលត្រូវបានចោទប្រកាន់ថា បានរត់ពន្ធអាវុធចូលក្នុងប្រទេស ហើយរដ្ឋប្រហារលើកទីបីនេះ គឺការរំសាយចោលគណបក្សសង្គ្រោះជាតិដែលបានធ្វើឡើងនៅឆ្នាំ២០១៧។ លោកបានអះអាងថា សកម្មភាពចុងក្រោយដែលគណបក្សគ្រប់គ្រងប្រទេសបានធ្វើ គឺក្នុងបុព្វហេតុរក្សាអំណាចរបស់ខ្លួន។ លោកថា រដ្ឋាភិបាលបច្ចុប្បន្នក៏បានដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងរង្វង់គោចររបស់ចិន ដែលបានមើលរំលងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ប្រធានអង្គការ NDI រូបនេះថ្លែងក្នុងអំឡុងសក្ខីកម្មនេះថា៖
«សកម្មភាពរដ្ឋាភិបាល គឺច្បាស់ណាស់ត្រូវបានរៀបចំឡើងដើម្បីរក្សាគណបក្សគ្រប់គ្រងប្រទេសឲ្យស្ថិតក្នុងអំណាច។ ពួកគេបានដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងរង្វង់គោចររបស់ចិនយ៉ាងរឹងមាំ ខណៈដែលរដ្ឋាភិបាលកម្ពុជា ត្រូវបានថោ្កលទោសយ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ សម្រាប់វិធានការណ៍គាបសង្គត់របស់ខ្លួននាពេលថ្មីៗនេះ។ ប្រទេសចិនបានផ្តល់ការគាំទ្រភ្លាមៗ ដោយមិនអើពើនឹងខទាំងឡាយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលប្រទេសនេះជាហត្ថលេខី»។
ដូចគ្នានឹងការទាមទាររបស់កញ្ញា កឹម មនោវិទ្យា លោក Kenneth Wollack ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យហៅកាត់ថា NDI បានថ្លែងទទួលស្គាល់ការបញ្ឈប់ជំនួយហិរញ្ញវត្ថុដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងការរឹតបន្តឹងទិដ្ឋាការលើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលធ្វើឲ្យខូចដំណើរប្រជាធិបតេយ្យ មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក។ មេដឹកនាំស្ថាប័នលើកស្ទួយប្រជាធិបតេយ្យរូបនេះ ក៏បានស្នើឲ្យអាមេរិកមានវិធានការបន្ថែមទៀត ដោយក្នុងនោះមានការដកចេញ ឬព្យួររាល់ជំនួយទាំងអស់ លើកលែងតែជំនួយមនុស្សធម៌ដល់កម្ពុជា។
យ៉ាងណាមិញ ក្រុមសមាជិកសភាអាមេរិក ដែលបានចូលរួមក្នុងសវនាការផ្តល់សក្ខីកម្មរបស់អនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាអាមេរិក មិនទាន់អាចបញ្ជាក់បានថា តើអាមេរិកអាចនឹងមានវិធានការបែបណា បន្តទៀតនោះឡើយ។ ប៉ុន្តែសមាជិកសភាមកពីគណបក្សសាធារណរដ្ឋលោក Dana Rohrabacher បានស្នើឲ្យមានការរៀបចំបញ្ជីឈ្មោះបុគ្គល និងក្រុមហ៊ុនសាជីវកម្ម ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងលោក ហ៊ុន សែន ហើយបានទាញផលប្រយោជន៍ពីការប្រព្រឹត្តអំពើពុករលួយក្នុងរបបលោក ហ៊ុន សែន។
ទោះបីក្រុមអ្នកនយោបាយគណបក្សប្រឆាំងកំពុងធ្វើចលនាពីក្រៅប្រទេសទាមទារឲ្យរដ្ឋាភិបាលកាន់លទ្ធិប្រជាធិបតេយ្យបន្ថែមគំនាបខាងសេដ្ឋកិច្ច និងសង្គមមកលើរដ្ឋាភិបាលទីក្រុងភ្នំពេញក្តី ក៏គេសង្កេតឃើញនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន មិនសូវចាប់អារម្មណ៍នឹងចលនានេះទេ ហើយថែមទាំងបានអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់រាល់ជំនួយមកពលរដ្ឋកម្ពុជាថែមទៀតផង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ប្រាប់នៅថ្ងៃពុធនេះថា សកម្មភាពរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសមិនអាចបង្ខំឲ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរជំហររបស់ខ្លួននោះឡើយ។ លោកបញ្ជាក់ថា៖
«ខ្ញុំយល់ថា កម្ពុជាដើរលើផ្លូវដែលយល់ឃើញថា ជាការត្រឹមត្រូវ នៅក្នុងក្របខណ្ឌនៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ ដូច្នេះរាល់បញ្ហាណាដែលបង្គាប់បញ្ជាឲ្យកម្ពុជាដោះ វាអាចធ្វើតាមទេបាទ»។
នៅពេលដែល VOA សួរលោកអំពីក្តីបារម្ភចំពោះវិធានការសេដ្ឋកិច្ចបន្ថែមទៀតមកលើរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា សហគមន៍អន្តរជាតិនឹងមិនចងកំហឹងលើបុគ្គលម្នាក់ ឬក្រុមណាមួយ ហើយបង្កភាពច្របូកច្របល់ដែលអំពល់ទុក្ខដល់ពលរដ្ឋខ្មែររាប់លាននាក់នោះទេ។
«ខ្ញុំជឿថា យើងមិនជឿថា បរទេសយកមនុស្ស ឬមួយក្រុម យកមកដូរជាមួយនឹងផលប្រយោជន៍របស់ប្រជាជនកម្ពុជា១៥លាននាក់ទេ បាទ។ អាហ្នឹង បើកាលណាធ្វើយ៉ាងដូច្នោះហើយ វាមើលឃើញកាន់តែច្បាស់ហើយអំពីមហិច្ឆតា ពីខាងក្រៅដែលរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ហើយវាឆ្លុះបញ្ចាំងឲ្យឃើញជាការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ហើយវាកាន់តែច្បាស់ថែមទៀតហើយទៅលើប្រសាសន៍ឯកឧត្តម កឹម សុខា ដែលបានលាតត្រដាងរួចហើយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាអ្នកបង្គាប់បញ្ជាឲ្យគាត់ធ្វើក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជានេះ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ីហ្នឹងឯងបាទ»។
គ្រាដែលអនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាអាមេរិកមិនទាន់អាចកំណត់បាននូវវិធានការជាក់លាក់បន្ថែមទៀតដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោក ហ៊ុន សែន នោះ លោក Ed Royce សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេស បានថ្លែងក្នុងសវនាការរបស់អនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសដដែលថា នៅក្នុងរយៈពេលពីរបីខែចុងក្រោយនេះ លោក ហ៊ុន សែន បានបង្ហាញសញ្ញាណបិទបាំងប្រជាធិបតេយ្យ ដោយបានរំលាយចោលគណបក្សប្រឆាំង ចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង គឺលោក កឹម សុខា ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើក្បត់ជាតិ ដែលមិនសមហេតុផល។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោកធ្វើឡើងការពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧ សមាជិកសភាអាមេរិក លោក Ed Royce បានបញ្ជាក់ឲ្យដឹងក្នុងន័យដើមថា៖
«ថ្វីបើមានភាពខ្វះចន្លោះប្រហោងយ៉ាងខ្លាំងក៏ដោយ ការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំនេះ បានឲ្យឃើញអំពីកំណើននៃការគាំទ្ររបស់គណបក្សសង្គ្រោះជាតិ។ ចាប់តាំងពីពេលនោះមក យើងបានឃើញការបំបែកជាបំណែកៗនៃប្រព័ន្ធនយោបាយនៅកម្ពុជា។ បើនិយាយមិនខុសទេនោះ គឺរដ្ឋាភិបាល [កម្ពុជា]ឥឡូវត្រូវបានដំណើរការដោយជនអន្ធពាលផ្តាច់ការ»៕