មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា នៅព្រឹកថ្ងៃសៅរ៍នេះ បានប្រកាសថា ប្រសិនបើគណបក្សរបស់លោកឈ្នះឆ្នោតនៅឆ្នាំ២០១៨ លោកនឹងលុបក្រសួងអភិវឌ្ឍន៍ជនបទចោល និងផ្តល់ថវិកាជាបន្តបន្ទាប់រហូតដល់១លានដុល្លារទៅឲ្យឃុំ-សង្កាត់ ដើម្បីអភិវឌ្ឍភូមិឃុំដោយខ្លួនឯង។ អ្នកនាំពាក្យគណបក្សកាន់អំណាចចំអកថា ការលើកឡើងរបស់លោក កឹម សុខា គឺជាការសន្យាដែលមិនអាចទៅរួច។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង ប្រធានគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា បានប្រកាសប្រាប់អ្នកគាំទ្រជាច្រើនពាន់នាក់របស់ខ្លួនថា នឹងលុបចោលក្រសួងអភិវឌ្ឍន៍ជនបទ ហើយបន្ថែមថវិកាជាតិក្នុងមួយឃុំ ឲ្យដល់មួយ១លានដុល្លារ ប្រសិនបើគណបក្សរបស់លោកជាប់ឆ្នោត។
មុនការដង្ហែក្បួនឃោសនាក្នុងរាជធានីភ្នំពេញ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានរៀបរាប់ពីគោលនយោបាយជាអាទិភាពទាំង៥ចំណុចរបស់គណបក្សនេះ ដោយរំពឹងថា ខ្លួននឹងជាប់ឆ្នោត ដឹកនាំប្រទេសនាឆ្នាំ២០១៨ខាងមុខ។
ថ្លែងទៅកាន់អ្នកគាំទ្រដែលកំពុងឈរចាំត្រៀបត្រាដើម្បីហែក្បួន លោក កឹម សុខាលើកឡើងថា គោលនយោបាយដែលនឹងផ្តល់កញ្ចប់ថវិកាចំនួន៥០ម៉ឺនដុល្លារទៅតាមឃុំនីមួយៗក្នុងមួយឆ្នាំ នឹងត្រូវតំឡើងរហូតដល់១លានដុល្លារអាមេរិក ប្រសិនបើគណបក្សសង្គ្រោះជាតិជាប់ឆ្នោត។ មេគណបក្សជំទាស់រូបនេះបានបន្ថែមថា គណបក្សសង្គ្រោះជាតិហ៊ានធានាក្នុងការទម្លាក់កញ្ចប់ថវិកាជាតិដើម្បីអភិវឌ្ឍឃុំ-សង្កាត់នីមួយៗ ដោយយោងលើថវិកាជាតិដែលកម្ពុជាកំពុងតែមាន។
លោក កឹម សុខា បញ្ជាក់ថា៖
«ថវិកាជាតិបច្ចុប្បន្ននេះមានប្រហែលជា៥ពាន់លានដុល្លារក្នុង១ឆ្នាំ។ ដូច្នេះ៥ពាន់លានដុល្លារនេះ បើសិនជាគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល យើងផ្តល់ឲ្យឃុំ-សង្កាត់នីមួយៗជាមធ្យមកន្លះលានដុល្លារទូទាំងប្រទេស ដូច្នេះយើងចំណាយថវិកាអស់តែ៨២៣លានដុល្លារទេ ក្នុងចំណោមថវិការ៥ពាន់លានដុល្លារ។ ដូច្នេះនៅមិនទាន់ច្រើនទេ»។
លោក កឹម សុខា បន្ថែមថា គោលនយោបាយ ដែលនឹងផ្តល់កញ្ចប់ថវិកាចំនួន៥០ម៉ឺនដុល្លារទៅតាមឃុំនីមួយៗក្នុងមួយឆ្នាំនេះនឹងធ្វើឲ្យឃុំ-សង្កាត់នីមួយៗមានលទ្ធភាពអភិវឌ្ឍភូមិឃុំដោយខ្លួនឯង ដោយមិនចាំបាច់មានក្រសួងអភិវឌ្ឍន៍ជនបទ។
លោកបញ្ជាក់ថា៖
«ក្នុងការអភិវឌ្ឍក្នុងឃុំសង្កាត់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំ ឬប្រឡាយទឹកជាដើម គឺថវិកាជាតិកន្លះលានដុល្លារនឹងផ្តល់ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ធ្វើដោយខ្លួនឯង។ បើយើងធ្វើបាន ទុកក្រសួងអភិវឌ្ឍន៍ជនបទធ្វើអី?»
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA ថា ការលើកឡើងរបស់លោក កឹម សុខាគឺជាការសន្យាដែលមិនអាចសម្រេចបាន។
លោកមានប្រសាសន៍ថា៖
«ការលើកឡើងរបស់គាត់នេះជាការកម្លាចិត្តរបស់សមាជិកសមាជិការបស់គាត់។ ហើយចំពោះថវិកាដែលថា ឲ្យមួយឃុំ១លានដុល្លារ ពីមុន៥០ម៉ឺន ឥឡូវវាឡើងដល់១លានហើយ ប្រហែលជានៅកន្លះខែទៀត ឬដល់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ប្រហែលជាឡើង២លាន ឬ៣លានមួយឃុំហើយ។ អីចឹងទេ ឡើងតែមាត់ហ្នឹង វាស្រួលហើយ តែអាធ្វើហ្នឹងវាមិនស្រួលដូចថាទេ។ អញ្ចឹងខ្ញុំយល់ថា មិនអាចជាទីសង្ឃឹមបានទេ»។
គណបក្សនយោបាយនានាក្នុងប្រទេសកម្ពុជាបានបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី១នៃការឃោសនារយៈពេល១៤ថ្ងៃ មុនការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងរៀបចំឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃសៅរ៍នេះ បានបើកយុទ្ធនាការដង្ហែ និងឃោសនាការបោះឆ្នោតទ្រង់ទ្រាយធំក្នុងថ្ងៃឃោសនាដំបូងក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាច្រើនពាន់នាក់ ខណៈពេលដែលគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ជ្រើសយកការជួបជុំនៅកោះពេជ្រ។
គោលនយោបាយអាទិភាព៥ចំណុចរបស់គណបក្សសង្គ្រោះជាតិ ដែលបានផ្សាយជាសាធារណៈ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានដូចជា ការពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ដោយផ្ដល់ឱកាស និងលើកទឹកចិត្តប្រជាពលរដ្ឋ ការបង្កើតសហគមន៍ ដែលផ្ដល់យោបល់ វាយតម្លៃ និងចូលរួមធ្វើសេចក្ដីសម្រេចនានាក្នុងឃុំ-សង្កាត់។ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍដោយការពារកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ និងមិនចុះហត្ថលេខាលើការវិនិយោគ ឬសម្បទានណាដែលប៉ះពាល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ការផ្តល់សេវាសាធារណៈ ឬលិខិតស្នាមផ្សេងៗដោយមិនរើសអើង ដោយស្អាតស្អំ និងទាន់ពេលវេលា។ ការការពារសន្តិសុខ ដោយពង្រឹងប្រសិទ្ធភាព និងលើកកម្ពស់ការងារនគរបាលដើម្បីឃុំ-សង្កាត់ប្រកបដោយសុវត្ថិភាព គ្មានគ្រឿងញៀន និងគ្មានអំពើហិង្សា។ ការធ្វើវិមជ្ឈការអំណាច ការធ្វើវិមជ្ឈការថវិកា និងវិមជ្ឈការសេវាសាធារណៈក្នុងវិស័យអាទិភាព។
រីឯគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងប្រទេសកម្ពុជាជិត៤០ ឆ្នាំមកនេះ បានដាក់ចេញកម្មវិធីគោលនយោបាយដែលមានចំនួន១៣ចំណុច ដើម្បីទាញការគាំទ្រពីអ្នកបោះឆ្នោត។
យោងតាមគោលនយោបាយរបស់គណបក្សកាន់អំណាច ដែលផ្សាយតាមគេហទំព័ររបស់គណបក្ស បានឲ្យដឹងថា ចំណុចសំខាន់ៗនៃគោលនយោបាយទាំងនោះរួមមាន ប្រជាកសិករទទួលបានការគាំទ្រពីរដ្ឋ ដើម្បីធានាការបង្កើនផលិតកម្ម និងការរកទីផ្សារសម្រាប់លក់កសិផលដោយមានតម្លៃសមរម្យ។ ប្រជាជនគ្មានដី ឬខ្វះដីនឹងទទួលបានដីសម្រាប់សង់លំនៅដ្ឋាន និងបង្កបង្កើនផល តាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។ ប្រជាជនគ្រប់រូបទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺកាន់តែល្អប្រសើរតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់រដ្ឋ ហើយប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅតាមមណ្ឌលសុខភាព និងតាមមន្ទីរពេទ្យរដ្ឋ។ គណបក្សប្រជាជនកម្ពុជាកសាងឃុំ-សង្កាត់ជាប់ព្រំដែនជាមួយប្រទេសជិតខាង ជាឃុំ សង្កាត់ប្រកបដោយសន្តិភាព៕