ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយ​មាន​ជំនឿថា​ខ្លួន​នឹងឈ្នះ​គណ​បក្សកាន់​អំណាច​មិន​ហែក្បួន​ឃោសនា​ធំដុំ​នោះទេ


ទិដ្ឋភាពនៃ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ ក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ទិដ្ឋភាពនៃ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ ក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

«គណបក្ស​យើង​ពិត​ជា​ឈ្នះ​ដាច់​ខាត​ ដោយ​មូលហេតុមួយ​​គឺ​យើង​មាន​គោល​នយោបាយ​ត្រឹមត្រូវ​ដែល​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាជន​ និង​ស្រប​ជាមួយ​ស្ថានភាព​ជាក់​ស្តែង​នៃ​ការ​បន្ត​អភិវឌ្ឍ​សង្កាត់​តទៅ​មុខ​ទៀត»។​

គណបក្ស​កាន់​អំណាច​របស់​លោក​នាយរដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​កាន់អំណាច​ជាង​៣០​ឆ្នាំមកហើយ​នោះ​ ​បាន​សម្រេច​ថា​ នឹង​មិន​ហែក្បួន​ឃោសនា​ជា​ដុំ​កំភួន​នោះ​ទេ​ តែ​មេដឹក​នាំ​គណបក្សនេះ​និយាយ​ថា​ គណបក្ស​ខ្លួន​នឹង​ឈ្នះ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ នា​ពេល​ខាង​មុខ​នេះ។

​ក្រុម​អ្នកគាំ​ទ្រគណបក្ស​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍នេះ​ ដែល​ជា​ថ្ងៃដំបូងនៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​បួននេះ។​

លោក​សាយ​ ឈុំ​ ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រគណបក្ស​នៅ​ក្នុង​ការ​ជួបជុំ​នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​កោះពេជ្រ​ថា គណបក្ស​កាន់​អំណាចនឹង​បន្ត​ឈ្នះ​ដើម្បី​គ្រប់គ្រង​ឃុំ-សង្កាត់​បន្ត​ទៀត​ ​ដោយ​ហេតុ​ថា​ គណបក្ស​កាន់​អំណាច​មាន​គោល​នយោបាយ​ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​ ពាក់​ព័ន្ធ​នឹង​ការ​លើក​ស្ទួយ​ជីវភាព​រស់​នៅ​ និង​ការ​ការពារ​ឯកភាព​ជាតិ​ និង​បូរណ​ភាព​ទឹកដី។​

លោក​ ​សាយ ឈុំ​ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា៖​

«គណបក្ស​យើង​ពិត​ជា​ឈ្នះ​ដាច់​ខាត​ ដោយ​មូលហេតុមួយគឺ​យើង​មាន​គោល​នយោបាយ​ត្រឹមត្រូវ​ដែល​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាជន​ និង​ស្រប​ជាមួយ​ស្ថានភាព​ជាក់​ស្តែង​នៃ​ការ​បន្ត​អភិវឌ្ឍ​សង្កាត់​តទៅ​មុខ​ទៀត»។​

លោកបន្ថែម​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​ឲ្យ​មាន​ការ​អភិវឌ្ឍគ្រប់​វិស័យ​ ហើយ​គណបក្ស​នេះ​មាន​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ និង​បទ​ពិសោធន៍​ការងារ​គ្រប់គ្រាន់​ដើម្បី​ដឹក​នាំ​ឃុំ-សង្កាត់។ ​លោក​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​មានការ​សាម​គ្គី​ផ្ទៃ​ក្នុង​បក្ស​ពី​លើ​ដល់​ក្រោមដែល​ធ្វើ​ឲ្យគណបក្សនេះ​ ខ្លាំង​នឹង​ឈាន​ទៅ​ទទួល​បាន​ជ័យ​ជម្នះ។​

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល១៤​ថ្ងៃ​ មុន​ការ​បោះ​ឆ្នោត​ ដែល​នឹង​រៀបចំ​ឡើង​នៅថ្ងៃ​ទី៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧។​

មាន​គណបក្ស​នយោបាយ​ចំនួន​១២​បាន​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ នៅថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ។​ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ដែល​បាន​ដាក់​បេក្ខជន​នៅ​គ្រប់​ឃុំ-សង្កាត់​ទាំង​១.៦៤៦។​ រីឯ​គណបក្ស​ដទៃ​ទៀត​គឺ​មាន​ដូចជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​និង​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ជាដើម​ បាន​ដាក់​បេក្ខជន​ដោយ​ចន្លោះៗ។​

ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​ គណបក្ស​ប្រជាជន​កម្ពុជាមិន​បាន​ធ្វើ​ការ​ហែក្បួន​ឃោសនា​គោល​នយោបាយ​របស់​ខ្លួន​ទៅ​កាន់​អ្នក​បោះឆ្នោត​នោះ​ទេ។​ គណបក្ស​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជិត​៤០​ ឆ្នាំ​មក​នេះ​ បាន​ដាក់​ចេញ​កម្មវិធី​គោល​នយោបាយ​ដែល​មាន​ចំនួន​១៣​ចំណុច​ ដើម្បី​ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។​

យោង​តាម​គោល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ ដែល​ផ្សាយ​តាម​គេហ​ទំព័រ​របស់​គណបក្ស បានឲ្យ​ដឹង​ថា​ ចំណុច​សំខាន់ៗ​នៃ​គោលន​យោបាយ​ទាំង​នោះ​រួមមាន​ ប្រជាកសិករ​ទទួល​បាន​ការ​គាំទ្រ​ពីរដ្ឋ​ ដើម្បី​ធានា​ការ​បង្កើន​ផលិត​កម្ម​ ​និង​ការ​រក​ទីផ្សារ​សម្រាប់​លក់​កសិផល​ដោយ​មាន​តម្លៃ​សមរម្យ។ ​ប្រជាជន​គ្មាន​ដី​ ឬ​ខ្វះ​ដី​នឹង​ទទួល​បាន​ដី​សម្រាប់​សង់​លំនៅដ្ឋាន​ និង​បង្ក​បង្កើន​ផល​ តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គម​កិច្ច។​ ​ប្រជាជន​គ្រប់​រូប​ទទួល​បាន​សេវា​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​កាន់តែ​ល្អ​ប្រសើរ​តាម​មណ្ឌល​សុខភាព​ និង​មន្ទីរ​ពេទ្យ​របស់​រដ្ឋ ​ហើយ​ប្រជាជន​ក្រីក្រ​ និង​អ្នក​ខ្វះ​លទ្ធភាព​ទទួល​បាន​សេវា​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​បង់​ថ្លៃ​នៅ​តាម​មណ្ឌល​សុខភាព​ និង​តាម​មន្ទីរពេទ្យ​រដ្ឋ។ ​គណបក្សប្រជាជន​កម្ពុជា​កសាង​ឃុំ-សង្កាត់​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ ជាឃុំ​ សង្កាត់​ប្រកប​ដោយ​សន្តិភាព។​

ក្រុម​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ផ្តល់​ការ​យល់​ឃើញ​ខុសៗ​គ្នា​ ចំពោះ​លទ្ធភាព​នៃ​ការ​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ។​

លោក​ វ៉ាត សុភាព​ វ័យ​៣៧​ មក​ពី​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​ VOA ​នាថ្ងៃ​សៅរ៍​នេះ​ថា​ ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្តផ្លូវ ​ដែលធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​នាំ​ជោគ​ជ័យ​មក​ដល់​គណបក្ស​នេះ។​

«តាម​ជាក់​ស្តែង ​ឃើញ​ជាក់​ស្តែង​ គេ​ថា​ គាត់​កសាង​តាម​ផ្លូវ​តាម​អី​អញ្ចឹង​ទៅ​ណ៎ា។​ គេ​មើល​ជាក់​ស្តែង​ផ្លូវ​ជាតិ​ សាលា​រៀន​ ​សព្វ​បែប​សព្វយ៉ាង​ តែ​សង្ឃឹម​ថាៗ​ ជា​ឈ្នះ»។​

អ្នកស្រី​ ស៊ឹម នី​ វ័យ​៦០​ឆ្នាំ​ ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ទៀត និយាយ​ថា៖​

«ខ្ញុំ​មើល​ទៅ​ឃើញ​គាត់​ជួយ​ធ្វើ​ផ្លូវ​ ធ្វើ​អី​អញ្ចឹង​ដែរ​ ខាង​ចៅ​សង្កាត់​ហ្នឹង»។​

ដោយ​ឡែក​ អ្នកស្រី​ អឿ ស្រីនាង​ វ័យ​៤១​ឆ្នាំ​ អ្នក​លក់​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​ យល់​ថា​ ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មាន​សារៈ​សំខាន់​ចំពោះ​ប្រទេស​កម្ពុជា​ ព្រោះ​ការ​បោះឆ្នោត​នេះ​នឹង​នាំឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មេ​ដឹកនាំ​នៅ​ឃុំ-សង្កាត់។​

អ្នក​ស្រី​មិន​អាច​បញ្ជាក់ប្រាប់​ VOA​ ឲ្យ​ដឹង​ថា​ តើ​អ្នកស្រី​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នោះ​ទេ​ តែ​អ្នកស្រី​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របៀបដឹក​នាំ​ក្នុង​ឃុំ-សង្កាត់​ ដើម្បី​ជួយ​ស្តារ​ជីវភាព​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដែល​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​លំបិន។​

«ចង់​បាន​ផ្លាស់​ប្តូរ​ ព្រោះ​អីយើង​ចង់​ឲ្យ​ប្រទេស​ជាតិ​ យើង​រីក​ចម្រើន ​កុំវា​មាន​ វា​ពិបាក​ពេក។ ​ឥឡូវ​ស្រុក​ខ្មែរ​ វា​ពិបាក​ច្រើន​ណាស់»។​

គូប្រជែង​ខ្លាំង​ក្លា​របស់​គណបក្ស​កាន់​អំណាច​ត្រូវ​គេ​ដឹង​ថា​ ជា​គណបក្ស​សង្គ្រោះ​ជាតិ។​ គណបក្ស​ដែល​កើត​ចេញ​ពីការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី​របស់​លោក​ សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹម សុខា​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​បាត់​បង់​២២​កៅអី​នៅ​សភា​ជាតិ​ ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​គឺ​លោក​ ​មាស នី​ ថ្លែង​ថា​ គណបក្ស​ធំៗ​ពីរ​ដែល​មាន​អាសនៈ​នៅ​រដ្ឋ​សភា​នេះ​ មិន​ទាន់​អាច​បង្ហាញ​ពី​សក្ដានុពល​នៃ​ការ​ឈ្នះ​ការ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នៅឡើយទេ​ ដោយ​សារ​គណបក្ស​ទាំង​ពីរ​នេះ​ មាន​ហានិភ័យ​រៀងៗ​ខ្លួន​ក្នុង​ការ​គៀង​គរ​ម្ចាស់​ឆ្នោត។​ ​លោក​និយាយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​អត់​មាន​អ្វី​ថ្មី​សម្រាប់​ការ​ឃោសនា​ ​ហើយ​ជា​រឿយៗ ប្រើការ​គំរាម​កំហែង។

រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រង​ការ​កេង​ចំណេញ​ខាង​នយោបាយ​ពី​គណបក្ស​តូចៗ​ ដែល​បាន​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​ដោយ​សេរី​ ក្នុង​ពេល​គណបក្ស​ប្រឆាំង​រង​គំនាប​ដោយ​បញ្ហា​ប្រឈម​នានា ដូច​ជា​ការ​រៀបចំ​រចនា​សម័្ពន្ធ​ដឹក​នាំ​គណបក្ស​ជា​ដើម៕​

XS
SM
MD
LG