ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្សសង្គ្រោះជាតិឡើងវិញបន្ទាប់ពីមិនបានបង្ហាញមុខជាសាធារណៈអស់រយៈពេលជាច្រើនខែដោយសារតែមានរឿងអាស្រូវផ្លូវភេទរួចមក លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងជួបជាមួយសកម្មជនរបស់គណបក្សសង្គ្រោះជាតិ។
ក្នុងដំណើរចុះជួបសកម្មជននៅក្នុងខេត្តព្រះសីហនុ ខេត្តកំពត និង ខេត្តកែប ប្រធានស្តីទីគណបក្សរូបនេះ បានអំពាវនាវឲ្យសកម្មជនធ្វើការរួបរួមគ្នាដើម្បីយកជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងគ្រោងធ្វើឡើងនៅខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានស្រង់សម្តីរបស់លោក កឹម សុខាមកបញ្ជាក់ថា លោក កឹម សុខា បានលើកទឹកចិត្តឲ្យសកម្មជនរបស់គណបក្សបន្តសកម្មភាពរបស់ខ្លួនសម្រាប់ការបោះឆ្នោត និងបើកចិត្តឲ្យទូលាយដើម្បីឲ្យការរៀបចំត្រៀមខ្លួនជាបេក្ខជនឃុំសង្កាត់នៅទូទាំងប្រទេសដំណើរការទៅដោយរលូន។
លោក យឹម សុវណ្ណ បញ្ជាក់ប្រាប់ VOA ថា៖ «ខិតខំធ្វើយ៉ាងម៉េចដើម្បីឲ្យបង្រួបបង្រួមគ្នាឲ្យទៅជាកម្លាំងប្រជាធិបតេយ្យមួយដ៏មុតស្រួច ដ៏ខ្លាំងក្លាដើម្បីចូលរួមប្រកួត នៅក្នុងការបោះឆ្នោតឃុំឆ្នាំ២០១៧ ហើយនិងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ»។
គណបក្សសង្គ្រោះជាតិគឺជាគណបក្សដែលកើតឡើងពីការបញ្ចូលគ្នារវាងគណបក្សប្រឆាំង ពីរគឺគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និង គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។
បើទោះបីជាគណបក្សទាំងពីរបានច្របាច់បញ្ចូលគ្នាជាច្រើនឆ្នាំមកហើយក៏ដោយ អ្នកវិភាគនយោបាយសម្តែងការព្រួយបារម្មណ៍ថា សមាជិក និង សកម្មជនគណបក្សនៅតាមមូលដ្ឋានសង្ស័យថា គណបក្សនេះនៅមិនទាន់មានការរួបរួមគ្នាជាធ្លុងមួយនៅឡើយ។
លោក គឹម សុខ អ្នកវិភាគនយោបាយ និង ការអភិវឌ្ឍសង្គមបានលើកឡើងថា ការជួបជុំជាមួយសកម្មជនគណបក្សរបស់លោក កឹម សុខា ជាសញ្ញាល្អមួយនៅមុនការបោះឆ្នោតដើម្បីឲ្យសកម្មជនមកពីគណបក្សទាំងពីរធ្វើការជាមួយគ្នាសម្រាប់ជោគជ័យនាពេលបោះឆ្នោត។
លោកបានបញ្ជាក់ថា លោកមិនសូវព្រួយបារម្ភពីសាមគ្គីភាពផ្ទៃក្នុងនៃគណបក្សទាំងពីរទេ តែអ្វីដែលលោកបារម្ភនោះគឺការជ្រៀតជ្រែកនិងបំបែកបំបាក់ពីគណបក្សដទៃក្នុង ដោយការទិញទឹកចិត្តសកម្មជនរបស់គណបក្សសង្គ្រោះជាតិ។
លោក គឹម សុខ បញ្ជាក់ថា៖ «រឿងដែលពិបាកគឺ ខ្លាចតែមានការជ្រៀតចូលនៅក្នុងការប្រើលុយកាក់ហើយហ្នឹងសម្ពាធនយោបាយដើម្បីផ្តល់ផលប្រយោជន៍អ្វីផ្សេងៗឲ្យអ្នកឈរឈ្មោះលេខមួយ លេខពីរ នៃគណបក្សសង្គ្រោះជាតិហ្នឹងដើម្បីត្រៀមអុកឡុកថ្ងៃក្រោយទៀត ឬអុកឡុកបោះឆ្នោតឃុំសង្កាត់ហ្នឹង»។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្រោយពីបានចុះទៅខេត្តជាប់មាត់សមុទ្រ លោកគ្រោងនឹងចុះជួបសកម្មជនរបស់លោក នៅក្នុងភាគពាយ័ព្យម្តងវិញ ដែលរួមមានខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យជាដើម។
លោក យឹម សុវណ្ណ បញ្ជាក់ថា ជំហានទីពីរ លោក កឹម សុខា នឹងជួបជាមួយបេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ និង ដំណាក់កាលទីបីលោកនឹងជួបជាមួយម្ចាស់ឆ្នោត។
ដំណើរចុះជួបសកម្មជនរបស់លោក កឹម សុខា បានធ្វើឡើងក្រោយពីលោកបានលាក់ខ្លួនអស់រយៈពេលជាងកន្លះឆ្នាំបន្ទាប់ពីលោកមានរឿងអាស្រូវស្នេហាជាមួយ កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រី មុំ៕