លោក ​កឹម សុខា ​ប្រាប់​មន្ត្រី​​ខ្លួន​កុំ​ឲ្យ​ប្រើ​សម្ដី​​ដែល​ប៉ះពាល់​បរិយាកាស​នយោបាយ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

រូបឯកសារ៖ លោក ​កឹម សុខា ​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ បានចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦ក្រោយ​ពី​ ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​ខែ​​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​។ ​(​ឡេង ឡែន/VOA)

ការ​អំពាវនាវ​របស់​លោក កឹម សុខា ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​បញ្ឈប់​ការ​វាយប្រហារ​គ្នា​តាម​​ពាក្យ​សម្ដី​ជា​មួយ​នឹង​គណបក្ស​ប្រឆាំង​ក្នុង​​ឱកាស​បុណ្យុ​ភ្ជុំបិណ្ឌ។

ក្រោយ​ពី​មាន​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ស្តី​ពី​ការបញ្ឈប់​ការ​វាយ​ប្រហារ​គ្នា​តាមពាក្យ​សម្ដី​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ក្នុងឱកាស​បុណ្យុ​ភ្ជុំ​បិណ្ឌ​លោក​ កឹម​ សុខា​ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​មន្ត្រី​របស់​ខ្លួន​ឱ្យ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​ ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​បរិយាកាស​នយោបាយ​ ក៏​ដូច​ជា​ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ។​

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា អំពាវនាវ​ដល់​មន្ត្រី​របស់​ខ្លួន​ឱ្យ​ជៀសវាង​ការ​ប្រើ​ប្រាស់​ពាក្យ​អសុរោះ​ ឬ​ ពាក្យ​វាយ​ប្រហារ​គ្នា​ដែល​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិយាកាសនៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​និង​បរិយាកាស​នយោបាយ។​

ការ​អំពាវនាវ​របស់​លោក កឹម សុខា ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​បញ្ឈប់​ការ​វាយប្រហារ​គ្នា​តាមពាក្យ​សម្ដី​ជា​មួយ​នឹង​គណបក្ស​ប្រឆាំង​ក្នុងឱកាស​បុណ្យុ​ភ្ជុំបិណ្ឌ។

លោក កឹម សុខា បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ Facebook របស់​លោក​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា​ ដើម្បី​រក្សា​ភាព​ស្ងៀម​ស្ងាត់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែលកំពុង​ធ្វើ​បុណ្យ​ក្នុង​ឱកាសពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ក្នុង​ខ្លឹម​សារ​ដើម​ថា៖

​«ខ្ញុំ​សូម​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត ជា​ពិសេស​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ សូម​ជៀសវាង​ការ​ប្រើ​អំពើ​ហិង្សា​ ឬ​ពាក្យ​អសុរោះ​ ឬ​ពាក្យ​វាយ​ប្រហារ​គ្នា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ ​និង​ប៉ះពាល់​ដល់​បរិយាកាស​នយោបាយ​យូរ​អង្វែង ​ទៅ​មុខ​ទៀត»។

កាល​ពី​ថ្ងៃ​ទី​២២​ ខែកញ្ញា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​មិន​ឈ្លោះ​ឆ្លើយឆ្លង​ពាក្យ​សម្ដី​ជាមួយ​គណបក្ស​ប្រឆាំង​ដែល​លោក​ហៅ​ថា​ជា​ «បទ​ឈប់បាញ់គ្នា» ​តាម​ពាក្យ​សម្ដី។

លោក​ ហ៊ុន សែន​ បាន​ថ្លែង​ដូចនេះ​ថា៖

«ខ្ញុំ​រង់​ចាំ​មើល​រដូវ​ភ្ជុំ​បិណ្ឌ​នេះ​ថា​អ្នក​ណា​វ៉ៃ​អ្នកណា​មុន ព្រោះ​ជាធម្មតាគឺខ្ញុំ​ចង់​ឱ្យ​សភាពការណ៍​វា​ស្ងប់ស្ងាត់។ មិន​ចង់​ឱ្យ​មាន​ការ​ឆ្លង​ឆ្លើយ​គ្នា ព្រោះ​ចាំ​មើល​បទ​ឈប់​បាញ់​គ្នា​នេះអ្នក​ណាអ្នក​ផ្ដើម​មុន»។

លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​ថា​ គណបក្ស​ប្រឆាំង​ស្វាគមន៍​និង​អបអរ​សាទរ​ចំពោះ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ ក៏​ប៉ុន្តែ​លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​បាន​ត្រឹម​តែ​ភាព​ស្ងប់ស្ងាត់​នោះ​ទេ តែ​ក៏​ចង់​បាន​ដំណោះស្រាយ​សម្រាប់​ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។​

លោក​យឹម​ សុវណ្ណ មាន​ប្រសាសន៍​ថា៖​

«អញ្ចឹង​យើង​ឈាន​មួយ​ជំហាន​ទៀត ​ថា​យើង​គួរ​តែ​ជួបជុំ​គ្នាដើម្បី​រក​ដំណោះស្រាយ​ឱ្យ​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​តែ​តានតឹង​ហ្នឹង វិល​ទៅ​រក​ភាព​ប្រក្រតី រួច​ត្រៀម​លក្ខណៈ​ដើម្បី​ចូល​រួមក្នុងការ​បោះឆ្នោត​ឃុំ ហើយ​និង​ការ​បោះឆ្នោត​ជាតិ ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ខាង​មុខ​ហ្នឹង​បាទ»។

លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់ ​VOA ​ថា ការ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែល​ជា​មិន​អាច​ធ្វើ​ទៅរួច​នោះ​ទេ ដោយ​លោក​ថា គណបក្ស​ប្រឆាំង​តែងតែ​ចង់​លើក​យក​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​នីតិវិធី​តុលាការ​យក​ទៅ​ចរចា។

«ចង់​ចរចា​ក៏​វា​ទៅ​អត់​រួច​ដែរ ពីព្រោះ​ភាគី​ដៃ​គូ​ហ្នឹង​គាត់​លើក​តែ​ពី​បញ្ហា​ដោះលែង​អ្នក​ទោស​ ឬ​មួយ​អ្នក​ជាប់​ពិរុទ្ធ​អំពី​បទ​ល្មើស​ច្បាប់​ហ្នឹង​ឯង។ គាត់​រឿង​ទិស​ដៅ​តែ​មួយ​របស់​គាត់​ទេ គឺ​ដោះលែង​អ្នក​ជាប់​ទោស អ្នក​ដែល​មាន​សាលក្រម​ស្ថាពរ​របស់​តុលាការ​ហើយ ហើយ​និង​ឱ្យ​លើក​លែង​បទ​ចោទ​ប្រកាន់​អ្នក​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ។ អញ្ជឹង​ទោះ​បី​ជួប​គ្នា​ពេល​នេះ​ក៏​ដោយ​ ជួប​គ្នា​ពេល​ខាង​មុខ​ក៏​ដោយ​ បើ​ប្រធានបទ​នៅ​តែ​លើក​យក​បញ្ហា​ហ្នឹង​មក​ដដែល​ទេ អាហ្នឹង​មិន​អាច​ទៅ​រួច​ទេ»។

លោក សុខ ឥសាន អះអាងដែរ​ថា​ មក​ទល់ពេល​នេះ​ គណបក្ស​កាន់​អំណាច​មិន​ទាន់​ទទួល​បាន​ការ​ស្នើ​សុំ​ចរចា​ណា​មួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទេ។

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​យល់​ថា​ ការ​បញ្ឈប់​ការ​វាយ​ប្រហារ​គ្នា​តាម​ពាក្យ​សម្ដី​គឺ​ជាជំហាន​មួយ​ដ៏​សំខាន់​ដែល​គណបក្ស​បក្ស​ទាំង​ពីរ​គួរ​យក​ចិត្ត​ទុកដាក់​ ដើម្បី​ឈាន​ទៅ​ដល់​ការ​រក​ដំណោះស្រាយ​នយោបាយ។​ លោក​បន្ត​ថា​ ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​ភាគី​ណាមួយ​នោះ​ទេ​ ដូច្នេះ​ គណបក្ស​ទាំង​ពីរ​គួរ​ជួប​ចរចា​គ្នា​ ដោយ​មិន​ចាំបាច់​កំណត់​លក្ខខណ្ឌ​នៃ​ការ​ចរចា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«ដើម្បី​រក​ដំណោះស្រាយ​រក​ច្រក​បាន ខ្ញុំ​ថា​គួរ​តែ​សន្ទនា​ដោយ​គ្មាន​លក្ខខណ្ឌ​។ ការ​ជួប​គ្នា​មិនបាច់ [កំណត់​លក្ខខណ្ឌ​] ជជែក​គ្នា​ពី​រឿង​តុលាការ​ក៏ដោយ ករណី​ជាប់​ពន្ធនាគារ​ក៏​ដោយ ការ​ជួប​ជជែក​ពី​រឿង​បញ្ហា​ផ្សេង​ក៏​ដោយ ក៏​មិន​ចាំ​បាច់​មាន​លក្ខខណ្ឌដែរ។ គួរ​តែ​ជួប​គ្នា​ជជែក​គ្នា​ទៅ»។

កាល​ពី​កន្លង​ទៅ គណបក្ស​ប្រឆាំងបានប្រកាស​ពី​គម្រោង​ធ្វើ​មហា​បាតុកម្មទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ។​ សមាជិក​សភា​បក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​របស់សភា​ក្រោយ​រដ្ឋាភិបាល ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា។ ទោះ​យ៉ាង​ណា​ លោក​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ ការ​ចរចា​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​អាច​ធ្វើ​ឡើង​បាន​តែ​ក្នុង​រដ្ឋសភា​ប៉ុណ្ណោះ​ មិន​អាច​កើត​ឡើង​តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​នោះ​ទេ៕