មេធាវី៖ វត្តមាន​លោក​កឹម សុខា​ នៅ​សាលា​ឧទ្ធរណ៍នៅស្អែកនេះ​នៅ​តែ​មិន​ច្បាស់

រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​បក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ បាន​ផ្ដល់បទ​សម្ភាសខ្លីដល់ VOA មុនពេល​លោក​ធ្វើដំណើរ​ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

មេធាវី​ម្នាក់​ដែល​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​ថា រហូត​មក​ដល់​ពេល​នេះ ​វត្តមាន​របស់​លោក កឹម សុខា​នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ស្អែក​ នៅ​តែ​មិន​ច្បាស់​នៅ​ឡើយ​ទេ ដោយ​សារ​អតីត​មេបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​រឿង​ក្តីក្តាំ​រូប​នេះ ជាប់​រវល់​ជួប​អ្នក​ការទូត​បរទេស​នានា។​

​លោក ចាន់ ចេន ដែល​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​៥​នាក់​របស់​លោក​ កឹម សុខា​ បាន​ប្រាប់​វីអូអេ​ យ៉ាង​ដូច្នេះ​ថា៖​

«រហូត​មក​ទល់​ពេល​នេះគឺ​ខ្ញុំ​អត់​ទាន់​បាន​ទទួល​ដំណឹង​ពី​ឯកឧត្តម កឹម សុខា កូន​ក្តី​របស់​យើង​ខ្ញុំ​ថា​តើ​គាត់​នឹង​បង្ហាញ​ខ្លួន ​ឬ​មិន​បង្ហាញ​ខ្លួន​នៅ​សវនាការ​សាលា​ឧទ្ធរណ៍ ដែល​ជា​សវនាការ​មុន​អង្គសេចក្តី​ទេ​នៅ​ថ្ងៃ​ស្អែក ពី​ព្រោះ​បើ​តាម​ខ្ញុំ​ដឹង មួយ​រយៈ​នេះ ឯកឧត្តម កឹម សុខា គាត់​មមាញឹក​ទទួល​ជួប​ជាមួយ​អង្គទូត​នានា»។​

លោក ​កឹម សុខា ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ក្នុង​សវនាការ​មួយ​នៅសាលា​ឧទ្ធរណ៍នៅ​ថ្ងៃ​ទី​១៣​ខែ​ឧសភា​នេះ​ ​ក្រោយ​ពី​ក្រុម​មេធាវី​ការ​ពារក្តី​របស់​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បានទទួល​យក​ភស្តុតាង​ថ្មី​ដាក់​ចូល​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ប្រឆាំង​នឹង​មេ​ដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​រូប​នេះ។​

លោក ចាន់ ចេន ស្នើ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ផល​ប៉ះពាល់​នៃ​វត្តមាន​ ឬ​អវត្តមាន​របស់​លោក កឹម សុខា​ក្នុង​សវនាការ​នៅសាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ស្អែក​នេះ​ទេ។​

វីអូអេ បាន​ទាក់ទង​អ្នកនាង កឹម មនោវិទ្យា កូន​ស្រី​ម្នាក់​របស់​លោក​ កឹម សុខា​និង​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ទទួល​បន្ទុក​ខាង​ទំនាក់ទំនង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្នើ​សុំ​ការ​បញ្ជាក់​ថា តើ​លោក កឹម សុខា​នឹង​បង្ហាញ​ខ្លួន​នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ស្អែក​ដែរ​ឬ​ទេ។ ប៉ុន្តែ មិន​ទាន់​មាន​ការ​ឆ្លើយតប​ណា​មួយ​នៅ​ឡើយ​ទេ​ គិត​មក​ត្រឹម​ម៉ោង​ផ្សាយ​របស់​វីអូអេ នៅ​យប់​ថ្ងៃ​អង្គារ ​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា។​

ចំណែក​ លោក មុត ចន្ថា ជំនួយការ​ផ្ទាល់​របស់​លោក កឹម សុខា ក៏​មិន​បាន​ផ្តល់​ការ​បញ្ជាក់​ណាមួយ​ដែរ ដោយ​លោក​គ្រាន់តែ​ឆ្លើយ​តប​តាម​បណ្តាញទំនាក់ទំនង​សង្គម​យ៉ាង​ខ្លី​ដោយ​ស្នើ​ឲ្យ​ទាក់ទង​ក្រុម​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា​វិញ៕