Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ មេដឹកនាំគណបក្សជំទាស់ថ្លែងថាគណបក្សកាន់អំណាចមិនអាចរំពឹងសម្បទាននយោបាយច្រើនពីគណបក្សសង្គ្រោះជាតិទេ ក្នុងពេលជាមួយគ្នាដែលលោក សុំឲ្យសហរដ្ឋអាមេរិកជួយគិតគូរពីសន្តិសុខក្នុងពេលផ្ទេរអំណាចនៅពេលខាងមុខនៅពេលគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតដូចការរំពឹងទុក។
នេះជាការអះអាងរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេពិសេសកាលពីយប់ថ្ងៃពុធទី១៦ខែមេសាឆ្នាំ២០១៤ ស្តីអំពីជំហររបស់គណបក្សសង្គ្រោះជាតិទាក់ទងនឹងកិច្ចព្រមព្រៀងនយោបាយ។
លោកសុខាថ្លែងថា ទោះជាការចរចាតម្រ៉ូវឲ្យមានការសម្របសម្រួលនិងផ្តល់ការលះបង់មែន តែគណបក្សរបស់លោកមិនអាចធ្វើអ្វីផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋ បានដែរ។
លោកថ្លែងថា លោកបានស្នើសុំឲ្យសហរដ្ឋអាមេរិកគៀងគរសហគមន៍អន្តរជាតិដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ឡើងវិញក្នុងប្រទេសកម្ពុជា ដែលលោកអះអាងថា គណបក្សលោកនឹងទទួលបានជ័យជម្នះពេលនោះ។
លោកបានប្រាប់ក្រុមមន្ត្រីសហរដ្ឋអាមេរិករួមទាំងមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក សភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិកនិងមន្ត្រីក្រសួងនានាដូចជាសេតវិមាននិងក្រសួងការពារប្រទេសសហរដ្ឋអាមេរិកឲ្យធានាដល់ការផ្ទេរអំណាចដោយសន្តិវិធីផងដែរ។
ជាការឆ្លើយតបក្រុមមន្ត្រីអាមេរិកមានការចាប់អារម្មណ៍អំពីសំណើទាំងនោះ។
គណបក្សទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមិនទាន់យល់ព្រមគ្នាទៅលើបញ្ហាសំខាន់ៗដែលអាចឲ្យមានការបញ្ចប់ពហិការចូលរួម ប្រជុំសភាដើម្បីផ្តល់ភាពស្របច្បាប់ដល់រដ្ឋសភានិងរដ្ឋាភិបាលថ្មីដែរ។ បញ្ហាមិនទាន់ត្រូវគ្នានោះគឺការកែទម្រង់ការបោះឆ្នោត សមាសភាព ការបរិច្ឆេទការបោះឆ្នោត។
លោកថា លោកមកបំពេញទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិកចំនួនពីរសប្តាហ៍ហើយចប់នៅចុងខែនេះគឺដើម្បីជម្រាបពលរដ្ឋឲ្យដឹងអំពីការវិវត្តនយោបាយចុងក្រោយនិងអរគុណដល់ពួកគេដែលបានផ្តល់ការគាំទ្រផ្នែកថវិកា និងធានាថានឹងធ្វើតាមឆន្ទៈពលរដ្ឋក្រៅពីជួបមន្ត្រីសហរដ្ឋអាមេរិកសំខាន់ៗនោះ៕