អ្នកចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ នៃការស្លាប់របស់លោក កែម ឡី បានបញ្ជាក់ជាថ្មីម្តងទៀតថា ពួកគេគ្មានសង្ឃឹមថា យុត្តិធម៌អាចកើតមានដល់អ្នកវិភាគដ៏ល្បីល្បាញរូបនេះទេ។ ក៏ប៉ុន្តែដើម្បី ជាការចងចាំដល់ការលះបង់របស់លោកក្នុងការនិយាយរិៈគន់កែលំអររដ្ឋាភិបាល អ្នកចូលរួមពិធីបុណ្យ ទាមទារឲ្យមានការតម្កល់រូបសំណាកលោក កែម ឡី នៅក្នុងទីលានប្រជាធិបតេយ្យដ៏ចម្រូងចម្រាសក្នុងរាជធានីភ្នំពេញ។
ពិធីបុណ្យខួបគម្រប់១០០ថ្ងៃសពលោក កែម ឡី ដែលជាអ្នកព្រមានអំពីភាពផុយស្រួយនៃនយោបាយអន្តរជាតិខ្មែរក្នុងការពឹងផ្អែកលើកម្ចី និងជំនួយចិន បានចាប់ផ្តើមឡើង កាលពីថ្ងៃសុក្រ គឺចំថ្ងៃដែលលោកប្រធានាធិបតីចិន Xi Jinping បានចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីការធ្វើទសន្សកិច្ចផ្លូវរដ្ឋរបស់លោករយៈពេលពីរថ្ងៃក្នុងរាជធានីភ្នំពេញ។
លោក កែម ឡី អ្នកវិភាគនយោបាយដ៏សំខាន់របស់កម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់កាលពីថ្ងៃ ទី១០ ខែកក្កដា នៅក្នុងហាងលក់ទំនិញមួយស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈ Caltex ក្បែរស្តុបបូកគោ ក្នុងខ័ណ្ឌចំការមន។
នៅឯពិធីបុណ្យខួបគម្រប់១០០ថ្ងៃ នៃការស្លាប់របស់លោក អ្នកចូលរួមក្នុងពិធីបុណ្យជាច្រើន បានរំឮកដល់សេចក្តីក្លាហានរបស់លោក ក្នុងការនិយាយរិៈគន់ការដឹកនាំរបស់រដ្ឋាភិបាល ដែលលោកយល់ថា នៅហ៊ុំព័ទ្ធ ដោយអំពើពុករលួយនិងពុំទាន់មានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការបម្រើប្រជារាស្ត្រខ្មែរ។
ជាការចងចាំដល់វីរៈភាព របស់លោកកែម ឡី អ្នកដែលបានចូលរួមក្នុងពិធីបុណ្យខួបគម្រប់១០០ថ្ងៃជូនសពលោក កែម ឡី បានប្រាប់ VOA ថា ពួកគេចង់ឲ្យមានការតម្កល់រូប សំណាករបស់ អ្នកវិភាគរូបនេះ នៅក្នុងទីលានប្រជាធិបតេយ្យដែលរៀបចំឡើងដើម្បីឲ្យប្រជារាស្ត្រខ្មែរប្រមូលផ្តុំ សំដែងមតិ។
ពេលដើរចេញពីទីន្លែងធ្វើបុណ្យកាលពីល្ងាចថ្ងៃសុក្រ កញ្ញា ក្លឹម បូតា វ័យ ១៩ ឆ្នាំនិយាយថា៖
«ខ្ញុំគិតថា ខ្ញុំក៏ដូចជាប្រជាពលរដ្ឋទូទៅដែរ ខ្ញុំគិតថា ស្នាដៃរបស់គាត់គឺមានច្រើនណាស់ ហើយខ្ញុំគិតថាគាត់ គាត់រូបសំណាកគាត់ ខ្ញុំចង់ឲ្យដាក់នៅទីលានប្រជាធិបតេយ្យ។ ហេតុអី? ដោយសារគាត់ត្រូវបានគេ គោរពស្រឡាញ់ច្រើន។ ខ្ញុំគិតថា ប្រសិនជាយើងដាក់រូបគាត់ យើងចង់និយាយថា ធ្វើឲ្យកូនខ្មែរ គ្រប់រូបបាន ឃើញគាត់ នៅខ្មែរជំនាន់ៗ ក្រោយទៀត និងបានឃើញពីគាត់ហ្នឹង ថាគាត់ មិនអាចបំភ្លេចគាត់ ថាគាត់គឺជាវីរៈបុរស»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានចូលរួមពិធីខួបគម្រប់១០០ថ្ងៃនេះ ដែរ មានព្រះបន្ទូលប្រាប់ VOA ថា ការតម្កល់រូបសំណាកលោក កែម ឡីនៅទីលានប្រជាធិបតេយ្យ នឹងកើតមាននៅពេលដែលគណបក្សប្រឆាំង ឈ្នះសម្លេងឆ្នោតគ្រប់គ្រាន់សម្រាប់ដឹកនាំប្រទេស។
«យើងតស៊ូមតិ ចេះតែបានហើយ ក៏ប៉ុន្តែគេកាន់អំណាច ក៏ប៉ុន្តែក្រោយពីគណបក្សសង្គ្រោះជាតិ ឈ្នាះឆ្នោត យើងនឹងយករូបសំណាកហ្នឹង យកមកដាក់ នៅទីលានប្រជាធិបតេយ្យវិញ ពីព្រោះគាត់ជានិមិត្តរូប នៃសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងគោលជំហរលិទ្ធិប្រជាធិបតេយ្យ»។
ការបាញ់សម្លាប់លោក កែម ឡី ដែលបានលើកឡើងពីការខាតបង់របស់កម្ពុជាអំពីជំហរនយោបាយគំាទ្រចិនតែមួយរបស់រដ្ឋាភិបាល បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងរបាយការណ៍មួយរបស់អង្គការ Global Witness ដែលបានបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុលា្លរ។
លោក សៅ កុសល្យ សមាជិកគណៈកម្មការរៀបចំបុណ្យខួបគម្រប់ ១០០ថ្ងៃជូនសព លោក កែម ឡី ថ្លែងថា គណៈកម្មការមិនទាន់អាចគិតគូ អំពីការស្នើសុំសាលារាជធានីភ្នំពេញ តម្កល់រូបសំណាកលោក កែមឡី នៅទីលានប្រជាធិបតេយ្យនោះទេ បន្ទាប់ពីសាលារាជធានីបានបដិសេធមិនផ្តល់ការអនុញ្ញាតិឲ្យតម្កល់រូបសំណាកនេះ ទៅនឹងសំណើររបស់អ្នកតំណាងរាស្ត្រប្រឆាំងមួយរូបគឺលោក អ៊ូ ច័ន្ទរ័ត្ន។
«ដូច្នេះ យើងមិនមានបំណង ក្នុងពេលខ្លីៗនេះ មិនមានបំណងសុំបន្តដាក់ទៀតទេ ប៉ុន្តែនៅអនាគត យើងនឹងពិចារណា សុំដាក់រូបសំណាកនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ យើងនឹងមានផែនការថា រូបសំណាកនេះ មិនត្រឹមតែដាក់នៅ តម្កល់ខេត្តតាកែវទេ ប្រសិនជាបងប្អូន ជនរួមជាតិណា ដែលមានលទ្ធភាព ហើយផ្តល់រូបសំណាក ជូនគណៈកម្មការបន្តទៀត យើងនឹងសុំដាក់នៅបណ្តាខេត្ត ផ្សេងៗទៀតដែល ទៅតាមលទ្ធភាពរបស់យើង និងរូបដែលមាន»។
សាលារាជធានីភ្នំពេញ បានលើកឡើងអំពីការជំទាស់របស់ខ្លួនមិនឲ្យមានការតម្កល់រូបសំណាក លោកកែម ឡី កាលពីចុងខែកញ្ញាថា កន្លងមកមានប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការ និងយុទ្ធជនជាច្រើន បានពលិកម្មយ៉ាងធំធេង ដើម្បីបុព្វហេតុឯករាជ្យជាតិ មាតុភូមិ បូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ហើយរដ្ឋាភិបាលបានលើកតម្កើងគុណបំណាច់ និងស្នាដៃរបស់ពួកគេដោយគ្រាន់តែបានកសាងនូវស្តូបអនុស្សាវរីយ៍រំឭកគុណជានិមិត្តរូបតែប៉ុណ្ណោះ ដោយពុំមានការកសាងរូបសំណាកជាលក្ខណៈបុគ្គលនោះទេ។
នៅក្នុងពិធីបុណ្យខួបគម្រប់១០០ថ្ងៃ ដែលធ្វើឡើងក្នុងរយៈពេលបីថ្ងៃនេះ រូបសំណាកលោក កែម ឡី ត្រូវបានតម្កល់នៅក្បែរកន្លែងព្រះសង្ឃធ្វើធម្មទេសនា។ អ្នកចូលរួមពិធីបុណ្យត្រូវគេឃើញមានពាក់អាវយឺតស ខ្មៅ រំលេចជាមួយនឹងសម្តីលោក កែម ឡី ដែលនិយាយថា «ជូតទឹកភ្នែករបស់អ្នករួចបន្តដំណើរទៅមុខទៀត» និង សម្តីរបស់លោកផ្សេងទៀត ដែលនិយាយថា «នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថា ខ្ញុំនៅមានជីវិតទេ»។ រូបថតអនុស្សាវរីយ៍ដែលបង្ហាញពីការចុះស្រាវជ្រាវរបស់លោក ក្នុងសហគមន៍នានា ក៏ត្រូវបានគេបិទនៅក្នុងរោងបុណ្យនោះផងដែរ។
អ្នករៀបចំចាត់ចែងពិធីបុណ្យដដែលនោះ ក៏បានបង្ហោះវីឌីអូរូបភាព នៃពិធីបុណ្យសពលោក កែម ឡី និងបានចាក់ផ្សាយឡើងវិញ នូវការសន្ទនារបស់លោក កែម ឡីជាមួយអ្នកសារព័ត៌មានវិទ្យុនិងទូរទស្សន៍។ មន្ត្រីរដ្ឋាភិបាល មិនត្រូវគេឃើញមានវត្តមាននៅក្នុងពិធីបុណ្យនេះទេ។
នៅមុនពេលដែលលោក ត្រូវ គេបាញ់ស្លាប់ លោកកែម ឡី បានផ្តល់មតិស្នើឲ្យរដ្ឋាភិបាលធ្វើការថ្លឹងថ្លែងឲ្យបានសមស្របចំពោះទំនាក់ទំនងចិននិងបស្ចិមប្រទេស ដើម្បីឲ្យកម្ពុជាមានតុល្យភាពនៃទំនាក់ទំនងការបរទេស ដែលជាកតា្តចាំបាច់មួយឲ្យកម្ពុជាឈរនឹងនរបាន ទោះមានការប្រទាញប្រទង់គ្នារវាងប្លុកសេរីនិងកុម្មុយនីស្ត។
នៅក្នុងថ្ងៃចុងក្រោយនៃ ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ នាថ្ងៃអាទិត្យនេះ រូបសំណាក លោក កែម ឡី នឹងត្រូវដង្ហែយកទៅតម្កល់ក្នុងខេត្ត តាកែវ ដែលជាស្រុកកំណើតរបស់លោក៕