អ្នកវិភាគនយោបាយខ្មែរ ដែលជាអ្នករិះគន់រដ្ឋាភិបាលដ៏ល្បីល្បាញម្នាក់ ត្រូវបានបាញ់ស្លាប់នៅព្រឹកថ្ងៃអាទិត្យនេះ ដោយប៉ូលិសនិយាយថា ដោយសារទំនាស់ផ្ទាល់ខ្លួនរឿងលុយកាក់។
លោក កែម ឡី អាយុ៤៥ឆ្នាំ ត្រូវបានសម្លាប់នៅហាងលក់ទំនិញតូចមួយក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងក្រុងភ្នំពេញ ហើយអ្នកបាញ់រូបលោក ក៏ត្រូវបានចាប់ខ្លួន ក្រោយពីហេតុការណ៍បាញ់សម្លាប់នេះដែរ។ នេះបើយោងតាមអ្នកនាំពាក្យនគរបាលជាតិ លោកឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ។
លោក គៀត ច័ន្ទថារិទ្ធ ថ្លែងថា ជនសង្ស័យ បានអះអាងថា ខ្លួនបានបាញ់លោក កែម ឡី ដោយសារ លោក កែម ឡី មិនបានសងប្រាក់ដែលលោកបានខ្ចីពីជនសង្ស័យរូបនេះ។
មនុស្សម្នារាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅកន្លែងកើតហេតុ រួមទាំងភរិយានិងកូនយ៉ាងតិចម្នាក់ក្នុងចំណោមកូនទាំងបួននាក់របស់លោក កែម ឡី ផងដែរ។
ពួកគេ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធបណ្ដោះអាសន្នដោយដាក់ផ្កានៅលើរថយន្តមួយ ហើយបានប្រកែក មិនឲ្យឡានពេទ្យ ដឹកសាកសពលោក កែម ឡីចេញទៅទេ។ ផ្ទុយទៅវិញ ហ្វូងមនុស្សម្នាទាំងនេះ បានដឹកនិងដង្ហែសាកសពរបស់លោកទៅកាន់វត្តព្រះពុទ្ធសាសនាមួយ។
អ្នកឈរមើលខ្លះ និយាយថា ពួកគេបារម្ភ ខ្លាចក្រែងអាជ្ញាធរ ព្យាយាមបូជាសាកសពលោក កែម ឡី ដោយមិនបានធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ឬក៏ ពុំមានពិធីបូជាសពណាមួយ។
ការបាញ់សម្លាប់នេះ កើតឡើងក្នុងគ្រាមួយ ដែលមានភាពតានតឹងខាងនយោបាយ ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំមុន ដោយមានការដាក់សម្ពាធផ្លូវច្បាប់និងការគាបសង្កត់ផ្សេងៗទៀត ទៅលើគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំង ពីសំណាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក កែម ឡី បានបញ្ចេញមតិរិះគន់រដ្ឋាភិបាលជារឿយៗ ហើយមនុស្សម្នា បានស្គាល់រូបលោក ដោយសារលោក បាននិយាយជាញឹកញាប់ តាមវិទ្យុអាស៊ីសេរី និងVOA ជាភាសាខ្មែរដ៏មានប្រជាប្រិយភាព។
វិទ្យុទាំងពីរនេះ ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអាមេរិកាំង គឺស្ថិតក្នុងចំណោមប្រភពផ្ដល់ព័ត៌មានឯករាជ្យតែពីរបីប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។
លោក កែម ឡី ក៏ត្រូវបានដកស្រង់សម្តីជាញឹកញាប់តាមកាសែតឯករាជ្យដែលមានចំនួនតិចតួចនៅក្នុងប្រទេសកម្ពុជាផងដែរ។
បទអត្ថាធិប្បាយចុងក្រោយបំផុតរបស់លោក កែម ឡី គឺនិយាយអំពីរបាយការណ៍មួយ ដែលបានចេញផ្សាយដោយក្រុមស្រាវជ្រាវនិងតស៊ូមតិមួយឈ្មោះ Global Witness មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
Your browser doesn’t support HTML5
របាយការណ៍របស់Global Witness បានចោទថា លោក ហ៊ុន សែន និងក្រុមគ្រួសាររបស់គាត់ បង្កើនទ្រព្យសម្បត្តិតែខ្លួននិងក្រុមគ្រួសារខ្លួនឯង ហើយរក្សាអំណាច តាមរយៈអំពើពុករលួយ។
សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃ បានថ្កោលទោស ការបាញ់សម្លាប់លោក កែម ឡី ហើយបានបង្ហាញអត្តសញ្ញាណអ្នកបាញ់រូបលោក ថាឈ្មោះ ជួប សម្លាប់ អាយុ ៣៨ឆ្នាំ ជាកម្មករខ្មែរ ដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។
ក្រសួងមហាផ្ទៃ បានសន្យាថា នឹងធ្វើការស៊ើបអង្កេតឲ្យបានម៉ត់ចត់ ដើម្បីកំណត់ថាតើការបាញ់សម្លាប់នេះ គឺជាផ្នែកមួយនៃការសមគំនិតណាមួយឬយ៉ាងណា ហើយក្រសួង ក៏បានស្នើឲ្យសាធារណជន កុំទាន់អាលសន្និដ្ឋានជាមុនអំពីមូលហេតុនៃការបាញ់សម្លាប់នេះ។
ក្នុងការបង្ហោះតាមទំព័រ Facebook លោក ហ៊ុន សែន ក៏បានថ្កោលទោសការបាញ់សម្លាប់នេះ ហើយបានថ្លែងថា លោក បានបញ្ជាឲ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់មួយ។
វីដេអូ របស់ប៉ូលិសដែលសួរសំណួរទៅជនសង្ស័យ ហើយត្រូវបានបង្ហោះនៅលើគេហទំព័រ Fresh News ដែលគាំទ្ររដ្ឋាភិបាលនោះ បង្ហាញបុរសជាជនសង្ស័យនោះ អះអាងថា លោក កែម ឡី បានខ្ចីលុយ៣ពាន់ដុល្លារ ពីគាត់ ដើម្បីជួយអ្នកក្រ ប៉ុន្តែ បុរសនោះ អះអាងថា លោក កែម ឡី មិនបានយកទៅជួយអ្នកក្រទេ។
គេនៅមិនទាន់ប្រាកដនៅឡើយទេ ថាតើការអះអាងរបស់បុរសនោះ មានទាក់ទងនឹងការជាប់ពាក់ព័ន្ធរបស់លោក កែម ឡី នៅក្នុងការរៀបចំបណ្ដាញនយោបាយថ្នាក់មូលដ្ឋាន នៅតាមទីជនបទដែរឬយ៉ាងណានោះ។
ជនសង្ស័យរូបនេះ ក៏បាននិយាយដែរថា ខ្លួនបានទិញកាំភ្លើងខ្លី ដែលខ្លួនបានប្រើ ដើម្បីសម្លាប់លោក កែម ឡី នៅប្រទេសថៃ។
អំពើហិង្សា បានក្លាយជាផ្នែកដ៏លេចធ្លោមួយនៅក្នុងនយោបាយខ្មែរ ទោះបីជា វាកើតឡើងជារឿយៗនៅតាមជនបទ ដែលមិនសូវទទួលបានការចាប់អារម្មណ៍ក៏ដោយ ។
សកម្មជននិងសមាជិកគណបក្សប្រឆាំង ជាញឹកញាប់ គឺជាគោលដៅនៃការវាយប្រហារ ហើយអ្នកវាយប្រហារ កម្រត្រូវបាននាំយកមកកាត់ទោសណាស់។
លោក កែម ឡី គឺជាអ្នករិះគន់រដ្ឋាភិបាល ដ៏លេចធ្លោជាងគេបង្អស់ ដែលត្រូវបានសម្លាប់ ចាប់តាំងពីការបាញ់សម្លាប់មេដឹកនាំសហជីពលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤មក។
កាលពីឆ្នាំ ២០១២ សកម្មជនការពារបរិស្ថាន លោក ឈុត វុទ្ធី ក៏ត្រូវបានបាញ់ស្លាប់ដោយទាហានដែរ។
នៅឆ្នាំ១៩៩៧ ការបោកគ្រាប់បែកទៅលើហ្វូងបាតុករ ដែលដឹកនាំដោយមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី បានសម្លាប់មនុស្សយ៉ាងតិច១៦នាក់ និងធ្វើឲ្យរបួសជាង១០០នាក់ទៀត ដោយគ្មាននរណាម្នាក់ ត្រូវបាននាំខ្លួន យកមកកាត់ទោសនោះទេ។
ឆ្នាំមុន អ្នកតំណាងរាស្ត្របក្សប្រឆាំង ពីរនាក់ ត្រូវបានទាញចេញពីរថយន្តរបស់ពួកគេ ហើយត្រូវបានវាយដុំយ៉ាងដំណំដោយសមាជិកនៃហ្វូងមនុស្សដែលគាំទ្ររដ្ឋាភិបាល។
នៅក្នុងករណីទាំងពីរនេះ អ្នករិះគន់ បានចោទប្រកាន់ថា សមាជិកនៃកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។
លោក សម រង្ស៊ី បច្ចុប្បន្ន កំពុងរស់នៅនិរទេសខ្លួន ដើម្បីគេចចេញពីអ្វីមួយ ដែលលោកអះអាងថា ជាការកាត់ទោស ដែលមានលក្ខណៈនយោបាយ ហើយអនុប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា បានរស់នៅក្នុងទីស្នាក់ការបក្ស អស់ជាច្រើនសប្ដាហ៍មកហើយ ដោយព្យាយាមគេចពីអ្វីមួយដែលលោកនិយាយថា ជាករណីក្លែងបន្លំ ប្រឆាំងនឹងរូបលោកដែរ។
គណបក្សរបស់លោក សម រង្ស៊ី ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ សម្ដែងមរណទុក្ខ ចំពោះការស្លាប់លោក កែម ឡី ដោយស្ងើចសរសើររូបលោក ថាជាមនុស្សម្នាក់ ដែលធ្វើការងារដើម្បីលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យនិងសេដ្ឋកិច្ចរបស់កម្ពុជា៕