តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​បន្ត​ការ​សាកសួរ​​លើ​ជន​សង្ស័យ​ដែល​​​​បាញ់​សម្លាប់​លោក​ កែម ឡី​

ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

លោក ​លី សុផាន់ណា​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ តុលាការ​មិន​ទាន់​សម្រេច​ចោទ​ជន​នេះ​នៅ​ឡើយ​ទេ ដោយ​តុលាការ​កំពុង​ប្រមូល​ផ្ដុំ​ឯកសារ​ និង​ភ័ស្តុតាង​ដែល​ផ្ដល់​ដោយ​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ ​ហើយ​នឹង​ត្រូវ​ការ​ពេល​វេលា​ពិនិត្យ​ និង​ស៊ើបអង្កេត​បន្ថែមទៀត​​​​​។

ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​សាច់ញាតិ្ត​ និង​អ្នក​គោរព​ស្រឡាញ់​លោក​ កែម ឡី​ ​កំពុង​តែ​ធ្វើ​បុណ្យ​តាម​ព្រះ​ពុទ្ធសាសនា​នៅ​វត្ត​ក្តី​ចាស់​នៃ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​អង្គារ ​ទី​១២​ ខែ​កក្កដា​នេះ​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​សាកសួរ​ជន​សង្ស័យ​ដែលបាន​បាញ់​សម្លាប់​លោក​ កែម ឡី​ អ្នក​វិភាគ​កិច្ច​ការ​អភិវឌ្ឍន៍​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅនេះ។ ​ការ​សាកសួរ​ជន​សង្ស័យ​នៅ​ថ្ងៃទី​ពីរ​នេះ ​គឺ​មាន​អស់​រយៈពេល​ជិត​៨​ម៉ោង ​តែ​បើ​តាម​លោក ​លី សុផាន់ណា​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ តុលាការ​មិន​ទាន់​សម្រេច​ចោទ​ជន​នេះ​នៅ​ឡើយ​ទេ ដោយ​តុលាការ​កំពុង​ប្រមូល​ផ្ដុំ​ឯកសារ​ និង​ភ័ស្តុតាង​ដែល​ផ្ដល់​ដោយ​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ ​ហើយ​នឹង​ត្រូវ​ការ​ពេល​វេលា​ពិនិត្យ​ និង​ស៊ើបអង្កេត​បន្ថែមទៀត​។

​លោក​ លី សុផាន់ណា ​ដែលជា​ព្រះរាជ​អាជ្ញារង​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជនល្មើស​ដែល​បាញ់សម្លាប់​លោក​ កែម ឡី​ ទៅ​ឃុំនៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ និង​ត្រូវ​នាំ​ខ្លួន​សាកសួរ​ និង​សម្រេច​ការ​ចោទប្រកាន់​នៅ​ថ្ងៃ​ពុធ ទី​១៣ ​ខែ​កក្កដា​បន្តទៀត។ ​លោក លី សុផាន់ណា​ ជា​តំណាង​អយ្យការ​ទទួល​ចាត់​ការ​សំណុំ​រឿងនេះ​បាន​ឲ្យ​ដឹង​ថា ​ការ​សួរ​ចម្លើយ​នេះ​បាន​ផ្តល់​ប្រយោជន៍​ និង​តម្រុយ​ជា​ច្រើន​សម្រាប់​ការ​ស៊ើប​អង្កេត ​និង​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​រឿង​ក្តី​នេះ។

ជន​សង្ស័យ​ខាង​លើ​នេះ​ត្រូវ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បញ្ជាក់​ថា​ ឈ្មោះ​អឿត អាង អាយុ​៤៤​ឆ្នាំ​ មាន​ទី​លំនៅនៅ​ក្នុង​ភូមិ​ទន្លេ​ស ​ឃុំ​នគរ​ភៀស ស្រុក​អង្គរ​ជុំ​ ខេត្ត​សៀមរាប។ ជន​សង្ស័យ​រូប​នេះ​ត្រូវ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ រាយ​ការណ៍​ថា​ ធ្លាប់​ធ្វើ​ជា​ទាហាន ​បួសជា​សង្ឃ​នៅ​ឆ្នាំ​២០១២​ ហើយ​ត្រូវ​បាន​ផ្សឹក​នៅ​ឆ្នាំ​២០១៤ ​ដោយសារ​ជន​នេះ​ធ្លាប់​យក​កាំភ្លើង​គំរាម​ព្រះ​សង្ឃ​ដទៃ​ទៀត​នៅ​ក្នុង​វត្ត​អារាម៕