ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ស្លាប់​លោក កែម ឡី គឺ​ការ​បាត់​ទ្រព្យ​សាធារណៈ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ


ក្បួនដង្ហែ​សពរបស់​លោកកែម ឡីត្រូវ​បាន​ធ្វើឡើង​នៅ​តាម​បណ្តោយផ្លូវព្រះមុនីវង្ស ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

លោក ប៉ា ងួនទៀង ​ថ្លែង​បន្ត​ថា ទោះ​បី​ជា​ការ​ស្លាប់​លោក​ កែម ឡី គឺ​ជា​ការ​បាត់បង់​ដ៏​ធំ​ធេង​របស់​កម្ពុជា​ក៏​ដោយ ក៏​លោក​ជឿ​ថា មនសិការ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​សង្គម​មួយ​ស្អាតស្អំ នឹង​បន្ត​បេសកកម្ម​របស់​លោក កែម ឡី​ ជា​បន្ត​ទៀត។

អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ កែម ឡី ​ថា ជា​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​សាធារណៈ​ដ៏​មាន​តម្លៃ​មួយ​របស់​កម្ពុជា។

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ Hello VOA ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទទី​១១​ ខែ​កក្កដា ឆ្នាំ​២០១៦៖

«ចំពោះ​ខ្ញុំ ការ​បាត់​បង់​លោក​ កែម ឡីនេះ មិនមែន​គ្រាន់​តែ​ជា​ការ​បាត់​បង់​ជា​ទ្រព្យសម្បត្តិ​គ្រួសារ​របស់​លោក​ទាំង​មូល​ទេ គឺ​លោក​ កែម ឡី គាត់​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈទៅ​ហើយ។ បាន​ន័យ​ថា គាត់​ជា​ទ្រព្យ​សម្បត្តិ​មួយ​របស់​ខ្មែរ​ទាំងអស់​គ្នា ហើយ​ការ​បាត់​បង់​លោក កែម ឡី គឺ​ជា​ការ​បាត់​បង់​ទ្រព្យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ»។

លោក កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្កដា ខណៈ​ដែល​លោក​កំពុង​អង្គុយ​នៅ​ក្នុង​ហាង​លក់​ទំនិញ​នៅ​ស្ថានីយ​ឥន្ធនៈ​កាល់តិច នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​ត្រូវ​បាន​សាធារណជន​ជាតិ​ និង​អន្តរជាតិ​ ទទួល​ស្គាល់​ជា​ទូទៅ​ថា​ជា អ្នក​វិភាគ​បញ្ហានយោបាយ​និង​សង្គម​ដ៏​គួរ​ឲ្យ​ជឿជាក់​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ការ​វិភាគ​របស់​លោក ជារឿយៗ និយាយ​ត្រង់ៗ និង​ចំៗ​បញ្ហា​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស។

ពីរ​ថ្ងៃ​មុន​ពេល​លោក​ត្រូវ​បាន​បាញ់​ស្លាប់ លោក កែម ឡី បាន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​របាយការណ៍​ស្រាវជ្រាវ​ថ្មី ​និង​ដ៏​រសើប​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា ‍«Hostile Takeover»​នេះ បាន​លាតត្រដាង​ពី​ទំហំ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បង្ហាញ​ថា សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​មក​ហើយ​នេះ ​មាន​ឬ​ធ្វើជា​ប្រធាន​ក្រុមហ៊ុន​ចំនួន​ជាង​១០០ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​យ៉ាងតិច​២០០​លាន​ដុល្លារ។ របាយការណ៍​នេះ ក៏​ចោទ​ប្រកាន់​ថា របរ​រកស៊ី​នៃ​ក្រុមហ៊ុន​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន​ ក៏​ជាប់ពាក់ព័ន្ធ​នឹង​ទម្រង់​នៃ​អំពើ​ពុករលួយ​ដូចជា​ទំនាស់​ផលប្រយោជន៍​រវាង​មុខតំណែង​សាធារណៈ​ និង​ឯកជន​ជាដើម។

អ្នក​វិភាគ​មួយ​ចំនួន​ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​បញ្ហា​នយោបាយ​ដ៏​លេចធ្លោ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ នឹង​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ការ​ជជែក​ពិភាក្សា​ជា​សាធារណៈនិង​ដោយ​ចំហ​ទៅលើ​បញ្ហា​ជាតិ​សំខាន់ៗ ជាពិសេស​បញ្ហា​ទាក់ទង​នឹង​អ្នក​ដឹកនាំ​នយោបាយ​ ឬ​អ្នក​ជំនួញ​ ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រូបឯកសារ៖ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ពិភាក្សា​អំពី​យុទ្ធនាការ​«‍ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ» ដើម្បី​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស កាលពី​ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ពិភាក្សា​អំពី​យុទ្ធនាការ​«‍ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ» ដើម្បី​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស កាលពី​ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

ប៉ុន្តែ លោក ប៉ា ងួន​ទៀង​ យល់​ខុស​ពី​នេះ​ទៅ​វិញ។

លោក​ថា៖ «ពេល​លោក កែម ឡី មុន​នឹង​ស្លាប់ យើង​ឃើញ​មាន​ការ​ដុះដាល​នៃ​អ្នក​វិភាគ​និង​អ្នកចូលរួម​ក្នុង​សង្គម ហើយ​មាន​ការ​ចងក្រង​គ្នា​ជា​បណ្ដាញ​ជា​ក្រុម។ ពេល​ដែល​លោក​ស្លាប់​ទៅ​ អា​ចលនា​ហ្នឹង វា​កើត​ជា​យន្តការ​ទៅ​ហើយ គឺ​វា​អត់​មាន​ការ​បាត់​ទេ»។

លោក ប៉ា ងួនទៀង បាន​លើក​ឧទាហរណ៍​នៃ​ការ​បន្ត​ចលនា​របស់​អ្នក​ចូលរួម​ក្នុង​កិច្ចការ​សង្គម ក្រោយ​ពី​ការ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤ និង​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី កាល​ពី​ឆ្នាំ​២០១២​ កន្លង​ទៅ​នេះ។

​«ពេល​លោក ឈុត វុទ្ធី ស្លាប់​ទៅ មាន​បាត់​បង់​ឯណា សំឡេង​ហ្នឹង គឺ​វា​កើត​ឡើង​លើស​ដើម។ សកម្មជន​ព្រៃឡង់ គឺ​កាន់​តែ​ខ្លាំង​ ហើយ​សកម្មជន​ការពារ​នៅ​អារ៉ែង ទាំង​យុវជន ទាំង​សហគមន៍​ក៏​កាន់​តែ​ខ្លាំង»។

លោក​ថ្លែង​បន្ត​ថា ទោះ​បី​ជា​ការ​ស្លាប់​លោក​ កែម ឡី គឺ​ជា​ការ​បាត់បង់​ដ៏​ធំ​ធេង​របស់​កម្ពុជា​ក៏​ដោយ ក៏​លោក​ជឿ​ថា មនសិការ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​សង្គម​មួយ​ស្អាតស្អំ នឹង​បន្ត​បេសកកម្ម​របស់​លោក កែម ឡី​ ជា​បន្ត​ទៀត៕

XS
SM
MD
LG