នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំសហភាពអឺរ៉ុបលោក Hans Kluge បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អត្ថប្រយោជន៍នៃវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាពលើសហានិភ័យនានា ហើយបណ្តាប្រទេសនានានៅទ្វីបអឺរ៉ុបគួរតែបន្តប្រើវ៉ាក់សាំងនេះដើម្បីសង្គ្រោះជីវិតមនុស្ស។
លោក Hans Kluge បានកត់សម្គាល់ថា និយតករវេជ្ជសាស្ត្រនៅអឺរ៉ុបកំពុងស៊ើបអង្កេតលើករណីកំណកឈាមដែលកើតឡើងលើអ្នកចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca មួយចំនួនតូច ដែលករណីនេះបានជំរុញឲ្យរដ្ឋាភិបាលជាង ១០ នៅសហភាពអឺរ៉ុប ផ្អាកការចាក់វ៉ាក់សាំងនេះ។
លោកបាននិយាយថា៖ «ឥឡូវនេះ យើងនៅទាន់មិនដឹងថាតើករណីកកឈាមមួយចំនួនឬទាំងអស់នេះបានបង្កឡើងដោយវ៉ាក់សាំងនេះ ឬដោយកត្តាចៃដន្យផ្សេងទៀតនោះទេ»។
លោកបានបន្ថែមថា៖ «ទោះជាយ៉ាងនេះក្ដី នៅពេលនេះ ប្រសិទ្ធភាពវ៉ាក់សាំងនេះគឺមានច្រើនលើសពីហានិភ័យ ហើយការចាក់វ៉ាក់សាំងនេះគួរតែបន្តធ្វើដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស»។
ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានឲ្យដឹងថា កន្លងមក ខ្លួនមិនបានរកឃើញថាមានទំនាក់ទំនងណាមួយរវាងការចាក់វ៉ាក់សាំងនេះនិងរបាយការណ៍អំពីការកកឈាមនោះទេ។
ទោះបីជាមានការធានាអះអាងទាំងនេះក៏ដោយ ក៏យ៉ាងហោចណាស់មានប្រទេសចំនួន ១៣ នៃសហភាពអឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលីជាដើម បានផ្អាកការប្រើវ៉ាក់សាំងនេះ ដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតពេញលេញជាងនេះរបស់ទីភ្នាក់ងារ EMA។
ក្រុមហ៊ុន AstraZeneca បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការពិនិត្យឡើងវិញនូវទិន្នន័យសុវត្ថិភាពរបស់មនុស្សជាង ១៧ លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន នៅចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប មិនបានបង្ហាញភស្តុតាងណាមួយអំពីការកើនឡើងនូវហានិភ័យនៃកំណកឈាមនោះទេ៕