ពលរដ្ឋ​ខេត្ត​កណ្តាល​សុំ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍

ប្រជាពលរដ្ឋខេត្តកណ្តាលប្រមូលផ្តុំគ្នានៅក្រៅព្រឹទ្ធសភាដើម្បីសុំកិច្ចអន្តរាគមន៍ឱ្យជួយដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេងអភិវឌ្ឍន៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​កណ្តាល​ជាង​ ៥០ ​នាក់​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល ​និង​ម៉ូតូ ​មក​សុំ​កិច្ច​អន្តរាគន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ​លោក ​ហ៊ុន ម៉ាណែត ​និង​ប្រធាន​ព្រឹទ្ធ​សភា​ លោក​ ហ៊ុន សែន​ ឱ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ​ដែល​ពួកគេ​មាន​ជម្លោះ​ជាមួយ​អ្នកស្រី​ សៀង ចាន់ហេង ​ម្ចាស់​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍។

ជម្លោះ​ដីធ្លី​នោះ​ កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០០៥ ​ដែល​មាន​ទំហំ​ប្រមាណ​ ២០០ ​ហិកតា ​ស្ថិត​នៅ​ក្បែរ​ព្រលាន​យន្តហោះ​ថ្មី​ ក្នុង​ខេត្ត​កណ្តាល។​

អ្នកស្រី ​អួង ស៊ីម ​អាយុ​ ៦៣ ​ឆ្នាំ ​រស់​នៅ​ក្នុង​ឃុំ​កណ្តោក ​ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល​ ដែល​បាន​មក​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ព្រឹទ្ធ​សភា ​និង​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​វីអូអេ​ថា ​អ្នកស្រី​រំពឹង​ថា​ ប្រធាន​ព្រឹទ្ធ​សភា​ថ្មី​ លោក​ ហ៊ុន សែន ​អតីត​នាយក​រដ្ឋមន្រ្តី ​និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​នឹង​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​រ៉ាំរ៉ៃ​ជូន​ប្រជា​ពលរដ្ឋ​ចំនួន ​៩៦ ​គ្រួសារ ​ដែល​មាន​ទំហំ​ផ្ទៃ​ដី​ប្រមាណ ​២០០ ​ហិកតា។​

អ្នកស្រី​ថ្លែង​ថា៖ ​«ខ្ញុំ​មក​ថ្ងៃ​នេះ ក្នុង​គោល​បំណង​យក​ញត្តិ​មក​ដាក់​ឱ្យ​សម្តេច​តា ​ហើយ​នឹង​សម្តេច​ ហ៊ុន ម៉ាណែត​ ឱ្យ​គាត់​ជួយ​ដោះ​ស្រាយ​រឿង​ដី​ឱ្យ​ខ្ញុំ ​ព្រោះដី​ខ្ញុំ ​តុលាការ​បាន​កាត់​ឱ្យ​តាំង​ពី​ឆ្នាំ ​២០០៧​ [និង]​ ឆ្នាំ​ ២០០៦​ ហើយ​នឹង​បាញ់​ភូមិបាល ហើយ​ទៀត ​ប៉ុន្តែ​អត់​បាន​ដី​ទេ ​បាន​តែ​ក្រដាស​ ហើយ​គេ​មិន​ឱ្យ​ខ្ញុំ​ចូល​អាស្រ័យ​ផល​នៅ​កន្លែង​ដី​ហ្នឹង​ទេ»។​

បើ​តាម​អ្នកស្រី ​អួង ស៊ីម ​ដី​របស់​អ្នកស្រី​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ​មាន​ទំហំ​ជិត​២​ហិកតា។​ អ្នកស្រី​បន្ថែម​ថា​ ដី​របស់​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ​ភាគ​ច្រើន​ស្ថិត​នៅ​ឃុំ​បឹង​ខ្យាង ​ស្រុក​កណ្តាល​ស្ទឹង។​ ប៉ុន្តែ​ក្រុមហ៊ុន​បាន​មក​វាតទី​ យក​ដី​ពលរដ្ឋ​ នៅ​ឃុំ​កណ្តោក ​ឃុំ​ជើង​កើប ​ស្រុក​កណ្តាល​ស្ទឹង ​និង​សង្កាត់​ព្រែក​ហូរ ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល ​និង​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ចូល​អាស្រ័យ​ផល ​និង​ដាំ​ដុះ​ដំណាំ​តាំង​ពី​ឆ្នាំ​ ២០០៩ ​មក។​

អ្នកស្រី​បង្ហាញ​ក្តី​រំពឹង​ទាក់ទង​ការ​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​នោះ​ថា៖ ​«ខ្ញុំ​សង្ឃឹម​ជឿជាក់​ថា ​សម្តេច​ពុក​នឹង​ដោះស្រាយ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្ញុំ​នេះ​បាន​ ហើយ​នឹង​សម្តេច​ ហ៊ុន ម៉ាណែត ​គាត់​នឹង​ដោះ​ស្រាយ​ឱ្យ​ពួក​ខ្ញុំ​បាន។​ អ៊ីចឹង​បាន​ខ្ញុំ​យក​[ញត្តិ]​មក​ដាក់​ ខុទ្ទកាល័យ ​និង​ព្រឹទ្ធ​សភា​ កន្លែង​គាត់​ហ្មង»។​

បើ​តាម​លិខិត​ស្នើ​សុំ​របស់​ប្រជា​ពលរដ្ឋ ​ដែល​ដាក់​ទៅ​កាន់​ស្ថាប័ន​ព្រឹទ្ធ​សភា ​និង​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី ​ដែល​វីអូអេ​ទទួល​បាន ​ប្រជា​ពលរដ្ឋ​បាន​រស់​នៅ​និង​អាស្រ័យ​ផល​នៅ​ឃុំ​កណ្តោក ​ឃុំ​ជើង​កើប​ ស្រុក​កណ្តាល​ស្ទឹង ​និង​សង្កាត់​ព្រែក​ហូរ​ ក្រុង​តាខ្មៅ ​តាំង​ពី​ឆ្នាំ ​១៩៩០ ​លុះ​រហូត​ដល់​ឆ្នាំ​ ២០០៩ ​ក្រុមហ៊ុន​របស់​អ្នកស្រី ​សៀង ចាន់ហេង ​បាន​បញ្ជូន​កង​កម្លាំង​ប្រដាប់​អាវុធ​ មក​រារាំង​ប្រជា​ពលរដ្ឋ ​និង​បាញ់​លើ​ពលរដ្ឋ​ ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ពីរនាក់​រង​របួស ​និង​មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​អាស្រ័យ​ផល​ដូច​មុន ​បើ​ទោះ​បី​ជា​មាន​សាលក្រម​ស្ថាពរ​របស់​តុលាការ​ខេត្ត​កណ្តាល​ដែល​បញ្ជាក់​ថា​ វា​ជា​ដី​របស់​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​អាស្រ័យ​ផល ​ហើយ​មិន​មែន​ជា​ដី​ក្រុម​ហ៊ុន​ក៏ដោយ។

ជាមួយ​គ្នា​នេះ​ ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មក​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ជាមួយ​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត ​លោក​ ញ៉ ញែម​ រស់​នៅ​សង្កាត់​ព្រែក​ហូរ​ ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល ​ក៏​អះអាង​ដូច​អ្នកស្រី ​អួង ស៊ីម ​ដែរ។ ​លោក​បញ្ជាក់​ថា ​ជម្លោះ​ដីធ្លី​នេះ ​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០០៥ ​មក​ ដោយ​ក្រុមហ៊ុន​បាន​ប្តឹង​ប្រជា​ពល​រដ្ឋ ​ទៅ​តុលាការ​ខេត្ត​កណ្តាល ​លុះ​នៅ​ឆ្នាំ ​២០០៦ ​និង​ ២០០៧ ​តុលាការ​បាន​ចេញ​សាលក្រម​ស្ថាពរដែល​ទទួល​ស្គាល់​ថា​ ជា​ដី​របស់​ប្រជា​ពលរដ្ឋ ​និង​ឱ្យ​អាជ្ញាធរ​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​សម្គាល់​ជូន​ពល​រដ្ឋ។ ​ប៉ុន្តែ​នៅ​ឆ្នាំ ​២០០៩ ​ក្រុម​ហ៊ុន​របស់​អ្នកស្រី​ សៀង ចាន់ហេង ​បាន​បញ្ជូន​កង​កម្លាំង​ប្រដាប់​អាវុធ ដោយ​រារាំង​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ចូល​អាស្រ័យ​ផល​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ​និង​ធ្វើ​ឱ្យ​វិវាទ​ដីធ្លី​នេះ​បន្ត​អូស​បន្លាយ​ដល់​ពេល​បច្ចុប្បន្ន​នេះ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ជម្លោះ​កាល​ហ្នឹង ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បាន​ប្តឹង​ប្រជា​ពល​រដ្ឋ​ទៅ​តុលាការ។ ​ដល់​ហើយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ក៏​បាន​ដាក់​ប្លង់​របស់​គាត់ ​៤២ ​បណ្ណ ​ដាក់​ចូល​ឱ្យ​តុលាការ​ ដើម្បី​ឱ្យ​តុលាការ​កាត់​[ក្តី]។ ​តុលាការ​សម្រេច​ក្តី​សាលក្រម ​៤០​(វ)​ ដោយ​ទទួល​ស្គាល់​បណ្ណ​ក្រុមហ៊ុន ​តែ​បណ្ណ​ក្រុមហ៊ុន​មិន​ជាន់​លើ​ដី​ប្រជា​ពលរដ្ឋ​ទេ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកស្រី ​សៀង ចាន់ហេង ​ម្ចាស់​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ និង​លោក​ លោក ​គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត​កណ្តាល​បាន​នៅ​ឡើយ​ទេ។​

ទាក់ទង​ការ​ដាក់​លិខិត​របស់​ប្រជា​ពលរដ្ឋ ​លោក​ គង់ ចំរើន ​មន្រ្តី​ខុទ្ទកាល័យ​នា​យក​រដ្ឋ​មន្រ្តី ​ប្រាប់​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​យក​លិខិត​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌​ជំនួស​វិញ​ ដោយ​លោក​ថា​ ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី​មិន​ទទួល​ញត្តិ​ទៀត​ឡើយ។​

លោក​ថ្លែង​ថា៖​ «ហើយ​យើង​ចេះ​តែ​និយាយ​ផ្លូវ​កាត់ៗ​ថា​ អភិវឌ្ឍ​អត់​បាន​ដី ​ហ្ហេ?​ វា​អត់​បាន​ដី។​ វា​មាន​ហេតុ​អី? ​រក​ហេតុ​វា​ហ្នឹង​ឱ្យ​ឃើញ ​ពីព្រោះ​អី​គេ​ធ្វើ​អ្វី​មាន​របៀប​របស់​វា។ ​អ៊ីចឹង​អញ្ជើញ​ទៅ​ក្រសួង​យុត្តិធម៌»។​

បើ​ទោះ​ជា​មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​មិន​ទទួល​យក​លិខិត​នោះ​ ​ក៏​ប្រជា​ពលរដ្ឋ​ទាំង​នោះ​រំពឹង​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​និង​លោក​ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធ​សភា​នឹង​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​វិវាទ​នេះ​និង​ផ្តល់​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ។ ​ពលរដ្ឋ​ទាំង​នោះ​ថា ​ពួក​គេ​ក៏​តែង​តែ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​លើក​ច្រើន​សា ​ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ដំណោះ​ស្រាយ​អ្វី​ឡើយ៕