ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គឺមានសារៈសំខាន់ចំពោះអ្នកនេសាទ និងប្រជាជនមូលដ្ឋានព្រោះថា បើជ្រើសរើសមេឃុំខុស គឺមិនអាចទប់ស្កាត់បទល្មើសនេសាទក្នុងឃុំកំពង់ភ្លុកបានទេ ហើយបញ្ហាដែលមិនធ្លាប់កើតមាន អាចនឹងកើតមាន។
កំពុងជួលជុលទូកនៅតាមផ្លូវទៅភូមិកំពង់ភ្លុកលោក គន់ ថា ជាអ្នកនេសាទក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រាប់វីអូអេថាប្រជាពលរដ្ឋត្រូវបោះឆ្នោត ដើម្បីជ្រើសរើសមេឃុំចៅសង្កាត់ឬក្រុមប្រឹក្សាឃុំសង្កាត់ដែលល្អបម្រើពលរដ្ឋក្នុងឃុំ និងបន្តអនុវត្តវិធានការរបស់រដ្ឋាភិបាលដើម្បីបង្ក្រាបបទល្មើសនេសាទ។
ជុំវិញការបង្ក្រាបបទល្មើសនេសាទ លោក គន់ ថា បន្ថែមថាគិតចាប់តាំងពីការចេញបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបកាលពីខែមីនា ត្រីចាប់ផ្តើមសម្បូរជាងមុន។
លោកនិយាយថា៖ «តាំងពីរដ្ឋាភិបាលបិទយ៉ាំងកាវ បិទស៊ីប បិទអី និយាយចំទៅឧបករណ៍មួយចំនួនធំ… ត្រីកើន។ កើន ខ្ញុំអ្នកនៅទន្លេខ្ញុំដឹង ហើយខ្ញុំជាប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុក ក៏ដូចប្រជានេសាទ ដែលរកស៊ីរបរស្របច្បាប់ គឺពួកខ្ញុំសប្បាយចិត្តណាស់»។
ក្រៅពីបញ្ហានេសាទខុសច្បាប់ អ្នកនេសាទនិងជាម្ចាស់ទូកទេសចរណ៍សម្បុរស្រអែមនេះឲ្យដឹងថា នៅឃុំកំពង់ភ្លុកនៅមានបញ្ហាគ្រឿងញៀនតិចតួចក្រោយពីការបង្ក្រាបដ៏ចាស់ដៃកាលពីចុងឆ្នាំ២០២១។ លោកគន់ ថា ចង់ឃើញមេឃុំជាប់ឆ្នោត បន្តចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ លុបបំបាត់គ្រឿងញៀនក្នុងឃុំផងដែរ។
បុរសអាយុ៣៧ឆ្នាំនេះ ឱ្យដឹងថា តាំងពីលោកធំដឹងក្តីមករហូតដល់បច្ចុប្បន្ននេះ ឃុំកំពង់ភ្លុកមិនមានជនជាតិវៀតណាមរស់នៅទេ ហើយលោកក៏រំពឹងថា គ្រឿងញៀននឹងលែងមាន ដូចដែលគ្មានវត្តមានជនជាតិវៀតណាមនៅក្នុងឃុំរបស់លោកដែរ។
លោកប្រាប់វីអូអេកាលពីសប្តាហ៍មុនថា៖ «ចង់និយាយថា ថ្នាំញៀនបើយើងទប់ស្កាត់អត់បាន វាមិនត្រឹមតែប៉ះពាល់តែក្មេងទេ វាប៉ះពាល់ដល់គ្រួសារទៀត។ ចង់និយាយថា ចង់ឱ្យរដ្ឋាភិបាលជួយគិតគូររឿងនេះផងបាទ ឱ្យវាស្អាត ដូចដែលអត់មានវៀតណាមរស់នៅឃុំកំពង់ភ្លុក»។
ឃុំកំពង់ភ្លុក គឺជាឃុំមួយស្ថិតនៅក្នុងចំណោមឃុំសង្កាត់សរុបចំនួន១០០ឃុំសង្កាត់របស់ខេត្តសៀមរាប។ គណបក្សមួយចំនួនបានដាក់បេក្ខជនឈរឈ្មោះក្នុងឃុំនេះដែលមានពលរដ្ឋជាង៩០០គ្រួសាររស់នៅ។
អំឡុងពេលដែលគណបក្សនយោបាយកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ អ្នកនេសាទ វ័យ៣៧ ឆ្នាំ លោក គន់ ថា និយាយថា មេឃុំដែលជាប់ឆ្នោតត្រូវបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសនេសាទក្នុងឃុំកំពង់ភ្លុកដែលជាជម្រករបស់អ្នកនេសាទ។
លោក គន់ ថា និយាយថា ទោះរវល់ខ្លាំងយ៉ាងណា ក៏លោកនៅតែឆ្លៀតទៅបោះឆ្នោតឱ្យបាន ដើម្បីរើសមេឃុំដែលធ្វើការបម្រើប្រយោជន៍ពលរដ្ឋ។
លោកប្រាប់វីអូអេថា៖ «ចង់និយាយថា ទាំងគេ ទាំងខ្ញុំកាតព្វកិច្ចរៀងៗខ្លួន។ ឱ្យតែដល់ពេលទៅបោះឆ្នោតយើងត្រូវតែទៅបោះ ពីព្រោះថា មិនមែនការងារដែលយើងឆ្លៀតមិនបានឯណា!»។
ឃុំកំពង់ភ្លុក ជាទីកន្លែងនេសាទផង ហើយក៏ជាទីតាំងទេសចរណ៍សំខាន់មួយរបស់ខេត្តសៀមរាបផងដែរ។ ពលរដ្ឋដែលរស់នៅក្នុងឃុំក្បែរបឹងទន្លេសាបនេះភាគច្រើនជាអ្នកនេសាទ ហើយខ្លះទៀតជាកម្មករ និងជាអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍។
លោក ហែម មុំ អាយុ៤៧ឆ្នាំ ជាកម្មករស៊ីឈ្នួលជួសជុលទូក ដែលរកចំណូលបានមួយថ្ងៃ១០ដុល្លារ ដើម្បីចិញ្ចឹមកូនស្រី២នាក់ដែលកំពុងរស់នៅជាមួយលោក ខណៈកូនលោកបួននាក់ទៀតបានចេញធ្វើការ។
ការរកចំណូលបានតិចតួចជាកង្វល់មួយសម្រាប់គ្រួសារគាត់ តែការប្រើប្រាស់គ្រឿងញៀនដែលនៅសេសសល់ និងបទល្មើសនេសាទធំៗដែលធ្លាប់កើតឡើងកន្លងមកក្នុងឃុំកំពង់ភ្លុក នាំឱ្យកម្មករជួសជុលទូករូបនេះត្រូវរើសមេឃុំណា ដែលមានការតាំងចិត្តក្នុងការបំបាត់ភាពអសកម្មទាំងនេះ។
លោកនិយាយថា៖ «ខ្ញុំចង់បានឱ្យពង្រឹងបន្ថែមអារឿងបញ្ហាគ្រឿងញៀនរឿងអី ហើយនិងបទល្មើសនេសាទដែលវាធំៗពេក»។
ដោយឡែក អ្នកទិញត្រីទៅលក់នៅផ្សាររលោះ អ្នកស្រី ជា ចន្នី ក្នុងវ័យ៤៣ឆ្នាំ និងជាម្តាយមានកូន៦នាក់និយាយថា ការអភិវឌ្ឍផ្លូវថ្នល់បន្ថែមទៀតក្នុងឃុំកំពង់ភ្លុក ជាតម្រូវការដែលពលរដ្ឋក្នុងឃុំនេះចង់បាន។
អ្នកស្រីថ្លែងថា៖«បើខ្វះខាត ខ្វះខាតកំពង់ភ្លុកយើង។ ផ្លូវលោកគ្រូមើល ផ្លូវគ្រលុកក្រលាក់ដល់កំណត់ហើយ រលាក់ ក្រហេងក្រហូង។យើងធ្វើដំណើរមកពិបាក។ ពេលភ្លៀងមក រអិល។ បើតាមសំណូមពរខ្ញុំចង់បានតែផ្លូវល្អ»។
បើតាមលទ្ធផលបឋមចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) គណបក្សប្រជា ជនកម្ពុជា កំពុងនាំមុខគណបក្សផ្សេងទៀត នៅក្នុងការគ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំងខេត្តសៀមរាប។ បច្ចុប្បន្ន អាសនៈមេឃុំ របស់ឃុំកំពង់ភ្លុកនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលក្តោបក្តាប់អំណាចជាច្រើនទសវត្សរ៍មកហើយ៕