សកម្មជនឡពាងម្នាក់ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ២ ឆ្នាំ កាលពីថ្ងៃពុធ ពីបទប្រើប្រាស់ហិង្សាលើអ្នកភូមិម្នាក់។ នេះបើតាមមេធាវី និងប្រជាសហគមន៍។ ប៉ុន្តែការសម្រេចនេះត្រូវបានប្រជាសហគមន៍អះអាងថា អយុត្តិធម៌។
លោក រាជ សីម៉ា អាយុ ៤១ ឆ្នាំ ជាសកម្មជនសហគមន៍ឡពាងដែលតែងតែចេញមុខក្នុងការតវ៉ារឿងទំនាស់ដីធ្លីក្នុងសហគមន៍ ដែលអូសបន្លាយប្រមាណ ១០ ឆ្នាំមកហើយ។ លោកត្រូវបានសមត្ថកិច្ចហៅសួរនាំ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ពីដំណើររឿងបង្ករបួសស្នាម និងហិង្សាលើអ្នកភូមិម្នាក់ ហើយនៅថ្ងៃបន្ទាប់លោកត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ។
មេធាវីការពារក្តីឱ្យលោក រាជ សីម៉ា អ្នកស្រី សឹម សោភា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោក រាជ សីម៉ា ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង កាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ រួមទាំងពិន័យជាប្រាក់ ៤ លានរៀល។ មេធាវីរូបនេះអះអាងថា អ្នកស្រីបានពិភាក្សាជាមួយកូនក្តី ហើយក៏សម្រេចថា ប្តឹងទាស់នឹងសេចក្តីសម្រេចនេះ។ អ្នកស្រីបន្ថែមថា ពាក្យបណ្តឹងទាស់ត្រូវបានដាក់ទៅសាលាឧទ្ធរណ៍រួចរាល់ហើយ។
អ្នកស្រីចាត់ទុកការសម្រេចរបស់តុលាការ អយុត្តិធម៌ និងមិនត្រឹមត្រូវឡើយ ដោយសារដើមបណ្តឹងបានដកពាក្យប្តឹងរួចហើយ។
អ្នកស្រីថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា ព្រោះអីដើមបណ្តឹងដកពាក្យបណ្តឹងហើយ។ អ៊ីចឹងនៅផ្តន្ទាទោសគាត់ទៀត អយុត្តិធម៌សម្រាប់គាត់»។
បងប្រុសរបស់លោក រាជ សីម៉ា លោក ស្ងួន ញឿន អាយុ ៤៣ ឆ្នាំ លើកឡើងថា ការសម្រេចរបស់តុលាការ គឺអយុត្តិធម៌ និងមិនមានឯករាជ្យភាព ដោយលោកថា តុលាការមិនបានចុះមកកត់កំណត់ហេតុដោយផ្ទាល់ឡើយ គឺធ្វើទៅតាមកំណត់ហេតុរបស់នគរបាលតែប៉ុណ្ណោះ។
លោកបន្ថែមថា នគរបាលធ្លាប់ត្រូវបានលោក រាជ សីម៉ា ប្តឹង ហេតុនេះក៏មានគំនុំជាមួយលោក រាជ សីម៉ា។ លោកចាត់ទុករបាយការណ៍របស់នគរបាលដែលបញ្ជូនទៅតុលាការ «សុទ្ធតែក្លែងក្លាយ និងបំផ្លើស»។
លោកថ្លែងថា៖ «រឿងនេះ គឺយើងនិយាយថា វាអយុត្តិធម៌ដោយតុលាការកាត់នេះមិនមានភាពឯករាជ្យ និងត្រឹមត្រូវ និងយុត្តិធម៌ទេ ដោយសារតែតុលាការកាត់ក្តីនេះ គឺនៅតែក្នុងការិយាល័យ គឺអត់បានចុះមកស៊ើបអង្កេតនៅកន្លែងកើតហេតុផ្ទាល់។ ធ្វើទៅតាមតែរបាយការណ៍របស់សមត្ថកិច្ច»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបាននៅឡើយទេ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ហុង គឹមហាក់ ប្រាប់វីអូអេថា ការសម្រេចរបស់តុលាការ គឺផ្អែកទៅលើភស្តុតាង សាក្សី និងចម្លើយរបស់ភាគីពាក់ព័ន្ធ គឺមិនមែនដោយគ្រាន់តែយោងទៅតាមកំណត់ហេតុរបស់សមត្ថកិច្ចឡើយ។
លោក រាជ សីម៉ា ធ្លាប់ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំ ក្នុងរឿងដីធ្លី ប៉ុន្តែលោកមិនត្រូវបានចាប់ខ្លួនមកឃុំក្នុងពន្ធនាគារឡើយ។
គួរបញ្ជាក់ថា សហគមន៍ឡពាងបានជាប់នៅក្នុងជម្លោះដីធ្លីអស់រយៈពេលជិត ១០ ឆ្នាំមកហើយជាមួយក្រុមហ៊ុន KDC ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម៕