សហរដ្ឋ​អាមេរិក​ត្រៀម​ប្រកាស​​វិធាន​ការ​ថ្មី​​​​​ប្រឆំាង​នឹង​ការ​រត់ពន្ធ​និង​ការ​ជួញដូរ​គ្រឿង​ញៀន

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris គ្រវី​ដៃ ខណៈ​ដែល​អ្នកស្រី​ឡើង​ជិះ​យន្ដហោះ Air Force Two ដើម្បី​ធ្វើ​ទស្សនកិច្ច​ទៅ​បរទេស​ជា​លើក​ដំបូង​ក្នុង​នាម​ជា​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​ត្រៀម​ប្រកាសនៅ​ថ្ងៃ​ច័ន្ទនេះ​អំពី​វិធាន​ការ​ថ្មី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆំាង​នឹង​ការ​រត់ពន្ធ​និង​ការ​ជួញដូរ​គ្រឿង​ញៀន ​ខណ:ពេល​ដែលលោក​ស្រី​អនុ​ប្រធានធីបតី​សហ​រដ្ឋ​អាមេរិក ​Kamala Harris ​ជួប​ជា​មួយ​មេដឹកនាំ​ប្រទេស​ក្វាតេម៉ាឡា​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អន្តោប្រវេសន៍ សន្តិសុខ និង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន និង​អំពើ​ពុក​រលួយ។

លោក​ស្រី Harris បាន​ទៅ​ដល់​រដ្ឋធានី​ក្វាតេម៉ាឡា​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ និង​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ក្វាតេម៉ាឡា​ លោក​ Pedro Brolo ​នៅ​អាកាសយានដ្ឋាន។​

នេះ​ជាដំណើរ​ទស្សនកិច្ច​នៅ​បរទេស​ជា​លោក​ដំបូង​របស់​លោក​ស្រី ​Harris ​ក្នុង​នាម​ជា​អនុ​ប្រធានាធិបតី។ ​លោក​ស្រី​នឹងទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ិកស៊ិក​ផង​ដែរ។​

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​លោក ​Joe Biden​ បាន​ប្រគល់ការងារ​ឲ្យ​លោកស្រី​ Harris ​ដឹកនាំ​កិច្ច​ប្រឹងប្រែង ​ដើម្បី​ដោះ​ស្រាយបញ្ហា​នេះ ​នៅ​ពី​ក្រោយ​ការ​កើន​ឡើង​នៃ​ចំនួន​ជន​អន្តោប្រវេសន៍​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​សហ​រដ្ឋ​អាមេរិក ​និង​ប្រទេស​ម៉ិកស៊ិក។​

មន្ត្រី​របស់​រដ្ឋបាល​ លោក Biden​ បានលើក​ឡើង​ថា ​អំពើ​ពុក​រលួយ​ជា​កត្តា​ចម្បង​ទំាង​នៅ​ក្នុង​ការ​ធ្វើ​អន្តោប្រវេសន៍ ​និង​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​ ដែលមិន​វិនិយោគ​នៅ​ក្នុង​តំបន់​អាមេរិក​កណ្ដាល។​

ក្រៅ​ពី​ការ​ជួប​ពិភាក្សា​ជា​មួយ លោក ​Alejandro Giammattei​ ​ប្រធានាធិបតី​ក្វាតេម៉ាឡា ​ លោក​ស្រី Harris ​នៅ​ថ្ងៃ​ច័ន្ទ​នេះក៏​នឹង​ជូប​ប្រជុំ​ជា​មួយ​មេដឹក​នំា​សហគមន៍ ​និង​មេដឹក​នាំ​សហគ្រិន​ផង​ដែរ។​

លោក​ស្រី ​Harris នឹង​បន្ត​ការ​ជែក​ពិភាក្សា​ដូច​គ្នា​នៅ​ថ្ងៃ​អង្គារ​ នៅ​ក្នុង​ទីក្រុង​ Mexico City ​ជា​មួយប្រធានាធិបតី​ម៉ិកស៊ិក​លោក​ Andrés Manuel López Obrador​ សហគ្រិន ​និង​មេដឹក​នាំ​ផ្សេងៗ​ក្នុង​វិស័យ​ការងារ៕