មេបញ្ជាការកងទ័ពមកពីប្រទេសនានានៅជិតខាងអាហ្វហ្គានីស្ថាន រួមជាមួយនឹងសហរដ្ឋអាមេរិក និងមេដឹកនាំអង្គការអូតង់បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារកន្លងទៅនៅក្នុងទីក្រុងកាប៊ុល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការជួញដូរថ្នាំញៀន និងអំពើភេរវកម្ម។
អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន លោក Dawlat Waziri បាននិយាយថា កិច្ចប្រជុំនេះមានគោលបំណងស្វែងរកវិធីសាស្ត្រចូលរួមក្នុងកិច្ចព្រមព្រៀងដោះស្រាយបញ្ហាសន្តិសុខរវាងប្រទេសទាំងពីរ។
ក្រុមមន្ត្រីនិយាយថាគណប្រតិភូដែលបានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំដែលមានរយៈពេលពេញមួយថ្ងៃបានសម្រេចបន្តកិច្ចសហប្រតិបត្តិការសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Javed Bajwa ក៏បានចូលរួមនៅក្នុងកិច្ចពិភាក្សានេះដែរ។ ក្រុមមន្ត្រីអាហ្វហ្គានីស្ថាន និងមន្ត្រីអាមេរិកបានចោទប្រកាន់កងទ័ពប៉ាគីស្ថានពីការផ្តល់ជម្រកដល់ក្រុមតាលីបង់ និងដាក់សម្ពាធដល់ប្រទេសជិតខាងរបស់ខ្លួនឲ្យចាត់វិធានការណ៍ប្រឆាំងនឹងពួកគេ។ អ្នកនាំពាក្យរបស់លោក Bajwa បានដកស្រង់សម្តីរបស់លោកBajwaដែលបានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា «ប្រទេសប៉ាគីស្ថានបានលុបបំបាត់ជម្រកទាំងអស់របស់ពួកភេរវកម្មនៅក្នុងប្រទេសរបស់ខ្លួន»។
លោកមេបញ្ជាការកងទ័ពបាននិយាយដែរថា កងកម្លាំង ប៉ាគីស្ថានកំពុងតាមរក និងដាក់គោលដៅលើ «ក្រុមភេរវកម្មដែលបានទទួល អត្ថប្រយោជន៍ពីវត្តមានរបស់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន២លាន៧សែននាក់ និងពីការខ្វះកិច្ចសហការសន្តិសុខព្រំដែនដែលមានប្រសិទ្ធនោះ»៕