គណៈវិនិច្ឆ័យដែលមានសមាជិក១២រូបត្រូវបានជ្រើសរើសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកាត់ក្តីនៅក្នុងសវនការក្រុងញូវយ៉ក ស្តីពីសំណុំរឿងសូកលុយបំបិតមាត់របស់ លោក Donald Trump ដែលជាសំណុំរឿងព្រហ្មទណ្ឌលើកទី១ប្រឆាំងនឹងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូប។
សមាជិកទាំង១២រូបនេះដែលមានបុរស៧នាក់និងស្ត្រី៥នាក់ត្រូវបានជ្រើសរើសឡើង ដើម្បីធ្វើការពិចារណាកាត់សេចក្តីទៅលើការចោទប្រកាន់ថា អតីតប្រធានាធិបតីអាមេរិកទី៤៥លោកDonald Trump បានបើប្រើល្បិចកលក្នុងឆ្នាំ២០១៦ គឺមុនបន្តិចមុនពេលលោកទទួលជោគជ័យក្នុងយុទ្ធនាការបោះឆ្នោតដើម្បីក្លាយជាប្រធានាធិបតីអាមេរិក ដោយបានលាក់បាំងលុយសូកបំបិទមាត់ដល់នារី២រូបកុំឱ្យនិយាយប្រាប់គេ ពីរឿងមានសាហាយស្មន់ផ្លូវភេទជាមួយលោក។
ក្រុមរដ្ឋអាជ្ញាចោទប្រកាន់ថា លោកTrump បានលាក់កំបាំងព័ត៌មានអំពីជីវិតឯកជនរបស់លោក ដោយមិនឱ្យអ្នកបោះឆ្នោតដឹង គឺមុនថ្ងៃបោះឆ្នោតបន្តិចកាលពី៨ឆ្នាំមុន។
ប៉ុន្តែលោក Trump ដែលបានក្លាយជាប្រធានាធិបតីអាមេរិកពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១ និងត្រូវបានគេសន្មតថានឹងក្លាយជាបេក្ខជនប្រធានាធិបតីអាមេរិកសម្រាប់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខនេះ បានបដិសេធពីរឿងមានសាហាយស្មន់ និងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន៣៤ករណីផ្សេងទៀត នៅក្នុងដីកាចោទប្រកាន់ប្រឆាំងនឹងរូបលោកកាលពីមួយឆ្នាំកន្លងទៅ។
ប្រសិនបើត្រូវរកឃើញថាមានទោស លោកអាចជាប់ពន្ធនាគាររហូតដល់៤ឆ្នាំ។
ចៅក្រមតុលាការកំពូលរដ្ឋញូវយ៉កលោក Juan Merchan បាននិយាយថា ការផ្តល់សេចក្តីសន្និដ្ឋានទាញហេតុផលជាលើកដំបូងនៅក្នុងសំណុំរឿងនេះ អាចចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទខាងមុខនេះ នៅក្នុងសវនាការកាត់ក្តីមួយដែលអាចមានរយៈពេល៦សប្តាហ៍៕