លោក Barack Obama លោក Bill Clinton និងតារាសម្តែងល្បីៗបានថ្លែងសុន្ទរកថាគាំទ្រលោកប្រធានាធិបតី Joe Biden នៅក្នុងពិធីរៃអង្គាសប្រាក់ដែលប្រមូលបាន២៥លានដុល្លារសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាថ្មីរបស់ប្រធានាធិបតីកំពុងកាន់តំណែងរូបនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
បរិយាកាសនៅក្នុងសាល Radio City Music Hall កាលពីយប់ថ្ងៃព្រហស្បតិ៍ មានការរំភើបខ្លាំងនៅពេលលោក Obama បាននិយាយថា លោកផ្តល់«ករណីវិជ្ជមាន»ដល់ជនម្នាក់ដែលជាប្រធានាធិបតីដ៏ល្អប្រសើរម្នាក់។ លោក Clinton បានសុំឱ្យពលរដ្ឋ«ឈរជាមួយអ្វីដែលបានការ»នៅក្នុងការបោះឆ្នោតនេះ។
លោក Biden ខ្លួនឯងផ្ទាល់បានរិះគន់លោក Donald Trump ដោយនិយាយថាគំនិតរបស់គូប្រជែងខាងគណបក្សសាធារណរដ្ឋដែលរំពឹងទុកគឺ «ចាស់បន្តិចហើយមិនទាន់សម័យទេ»។
អ្នកសម្របសម្រួលកម្មវិធី លោក Stephen Colbert នៅក្នុងការសន្ទនាជាមួយប្រធានាធិបតីទាំងបីបានហៅពួកអស់លោកថា «ជើងឯកខាងសម្តី» ហើយបាននិយាយបែបលេងសើចថា លោកប្រធានាធិបតីទាំងបីបានមកទីក្រុង New York «ហើយគ្មាននរណាម្នាក់ក្នុងចំណោមនេះមកទីនេះ ដើម្បីបង្ហាញខ្លួននៅក្នុងតុលាការនោះទេ» ដែលជាការថ្លែងយោងដល់បញ្ហាផ្លូវច្បាប់ជាច្រើនរបស់លោក Trump ។
ការរៃអង្គាសប្រាក់ដែលគួរឱ្យចាប់អារម្មណ៍នេះគឺជាការបង្ហាញដ៏សំខាន់នៃការគាំទ្រពីគណបក្សប្រជាធិបតេយ្យដល់លោក Biden នៅពេលដែលការស្ទង់មតិលើការគាំទ្រលោកBiden ធ្លាក់ទាបជាបន្តបន្ទាប់។
លោក Biden ខាងគណបក្សប្រជាធិបតេយ្យមានប្រៀបខាងអង្គាសប្រាក់បានច្រើនក្រាស់ក្រែលលើគូប្រជែងគឺលោក Donald Trump ដោយបានច្រើនលើសជាងបួនដងនៅដំណាច់ខែកុម្ភៈ៕
វេទិកាបញ្ចេញមតិ