ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ជាមួយ​លោក Obama និង​លោក Clinton រៃ​អង្គាស​បាន​២៥លាន​ដុល្លារ​នៅ​ទីក្រុង New York សម្រាប់​បោះ​ឆ្នោត


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Barack Obama អនុប្រធានាធិបតីលោក Joe Biden និង​អតីតប្រធានាធិបតីលោក Bill Cliton ចូលរួម​ពិធី​មួយ​ នៅ​ទីក្រុង Charleston រដ្ឋ​ West Virginia កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Barack Obama អនុប្រធានាធិបតីលោក Joe Biden និង​អតីតប្រធានាធិបតីលោក Bill Cliton ចូលរួម​ពិធី​មួយ​ នៅ​ទីក្រុង Charleston រដ្ឋ​ West Virginia កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០។

ពិធី​រៃ​អង្គាស​ថវិកា​សម្រាប់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅ​ក្នុង​ទីក្រុង New York ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែល​មាន​វត្តមាន​ចូលរួម​ពី​លោក​អតីត​ប្រធានាធិបតី Barack Obama និង​លោក​អតីត​ប្រធានាធិបតី Bill Clinton ផងដែរ បាន​រៃ​អង្គាស​ថវិកា​ចំនួន ​២៥​លាន​ដុល្លារ ​ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​ក្នុង​កំណត់ត្រា​សម្រាប់​ព្រឹត្តិការណ៍​នយោបាយ​មួយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden។

ថវិកា​ដែល​រៃ​អង្គាស​បាន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​គឺ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ដ៏​ធំ​មួយ​នៃ​ការ​គាំទ្រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​លោក Biden ​នៅ​ចំ​ពេល​ដែល​អត្រា​គាំទ្រ​លោក​ស្ថិត​នៅ​ទាប​ជា​បន្ត​រហូត​មក។

លោក Biden នឹង​សាកល្បង​អំណាច​នៃ​ថវិកា​ដែល​រៃ​អង្គាស​បាន​នេះ​នៅ​ពេល​លោក​ប្រឈម​នឹង​លោក Donald Trump ដែល​ជា​អ្នក​ដែល​គេ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។ លោក Trump ធ្លាប់​បាន​បង្ហាញ​ឱ្យ​ឃើញ​រួច​ហើយ​តាម​រយៈ​ការ​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ របស់​លោក​លើ​អ្នកស្រី Hillary Clinton ថា លោក​មិន​ត្រូវការ​រៃ​អង្គាស​ថវិកា​ច្រើន​បំផុត​ដើម្បី​ឈ្នះ​តំណែង​ជា​ប្រធានាធិបតី​នោះទេ។

ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា​នៅ​សាល Radio City Music Hall នេះ​នឹង​ក្លាយជា​សញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ចាប់ផ្ដើម​នៃ​ការ​ធ្វើ​ដំណើរ​ឃោសនា​បោះឆ្នោត​របស់​លោក Biden។ លោក Biden បាន​ធ្វើដំណើរ​ទៅ​សមរភូមិ​នយោបាយ​ជាច្រើន​នៅ​ក្នុង​រយៈពេល ​៣ ​សប្ដាហ៍​នេះ​តាំងពី​ពេល​លោក​ថ្លែង​សុន្ទរកថា​អំពី​ស្ថានភាព​ប្រទេស​ជាតិ​មក។ សុន្ទរកថា​អំពី​ស្ថានភាព​ប្រទេស​ជាតិ​របស់​លោក​នេះ​គឺជា​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ប្រមូលផ្ដុំ​គ្នា​ដើម្បី​កិច្ច​ប្រឹងប្រែង​ឈរ​ឈ្នោះ​មួយ​អាណត្តិ​ទៀត​របស់​លោក។

ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា​នេះ​ក៏​មាន​វត្តមាន​ចូលរួម​ផងដែរ​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ពេល​ជាង​៣​ទសវត្សរ៍​កន្លង​មក។

ព្រឹត្តិការណ៍​ដែល​មាន​រយៈពេល​ពេញ​មួយ​ម៉ោង​នេះ​មាន​លំដាប់ថ្នាក់​ផ្សេង​គ្នា​នៃ​លទ្ធភាព​ចូល​ទៅកាន់​ព្រឹត្តិការណ៍​នោះ​អាស្រ័យ​លើ​ភាព​សប្បុរស​របស់​ម្ចាស់​ជំនួយ​នេះ។ ចំណុច​ផ្ដោត​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​កិច្ច​សន្ទនា​នៅ​លើ​ឆាក​ជាមួយ​នឹង​លោក Biden លោក Obama និង​លោក Clinton ដែល​សម្របសម្រួល​ដោយ​លោក Stephen Colbert ដែល​ជា​អ្នក​កាន់​កម្មវិធី​ពិភាក្សា​ពេល​យប់ជ្រៅ។ គេ​រំពឹង​ថា​មនុស្ស​រាប់​ពាន់​នាក់​នឹង​ចូលរួម ​ហើយ​សំបុត្រ​ចូលរួម​មាន​តម្លៃ​ទាប​បំផុត​ចំនួន​២២៥​ដុល្លារ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG