គណៈវិនិច្ឆ័យនៅក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងប្រាក់បំបិទមាត់របស់លោក Donald Trump បានសម្រេចថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកមានពិរុទ្ធភាពលើបទចោទព្រហ្មទណ្ឌទាំង ៣៤ ករណីលើរូបលោក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
គណៈវិនិច្ឆ័យបានប្រកាសសាលក្រមនេះនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ពីរថ្ងៃបន្ទាប់ពីការធ្វើសារណាបិទបញ្ចប់សំណុំរឿងដែលបានចំណាយពេលដល់ទៅ ៩ម៉ោង ៣០នាទី។
រដ្ឋអាជ្ញាបានចោទលោក Trump ពីការក្លែងបន្លំឯកសារធ្វើជំនួញផ្ទៃក្នុងដើម្បីលាក់បាំងការចាយប្រាក់បំបិទមាត់ ដែលពាក់ព័ន្ធនឹងផែនការដែលសង្ស័យថាដើម្បីបិទបាំងរឿងរ៉ាវដែលអាចប៉ះពាល់ដល់ការស្វែងរកសំឡេងគាំទ្រដើម្បីតំណែងប្រធានាធិបតីកាលពីឆ្នាំ ២០១៦។
លោក Trump បានបដិសេធថាលោកមិនបានធ្វើអ្វីខុសនោះទេ ហើយបានប្រកាសថាលោកមិនមានពិរុទ្ធភាពចំពោះបទចោទទាំង ៣៤ ករណី លើការក្លែងបន្លំឯកសារធ្វើជំនួញនោះឡើយ។ លោក Trump បានអង្គុយធ្វើមុខធ្មឹងដោយភ្នែករបស់លោកបានសម្លឹងចុះក្រោម នៅពេលដែលសាលក្រមត្រូវបានប្រកាស៕