​របាយការណ៍​ការងារ​ខែ​កក្កដា​របស់​សហរដ្ឋ​អាមេរិក​ឃើញ​កំណើន​កាងារ​នៅ​នឹង

រូបឯកសារ៖ អ្នក​ស្វែង​រក​ការងារ​ម្នាក់​កំពុង​ពិនិត្យ​មើល​តារាង​ការងារ​ នៅ​រដ្ឋ​ Florida។

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិកបាន​ចេញ​ផ្សាយ​ស្ថិតិ​ទូទាំង​ប្រទេសកាល​ពី​ថ្ងៃ​សុក្រស្តី​ពី​ការ​ជួល​មនុស្ស​ធ្វើ​ការ​ងារ​និង​ការ​គ្មាន​ការងារ​ធ្វើសម្រាប់​ខែ​កក្កដា ប្រាប់​ឲ្យ​ដឹង​ពី​ការ​កើន​ឡើង​ ទោះ​ជា​មិន​បានល្អ​នៅ​ពេល​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​សេដ្ឋ​វិទូ​ក៏​ដោយ។

យោង​តាម​របាយការណ៍​នោះ​ប្រាប់​ឲ្យ​ដឹង​ថា ​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ការងារ​១សែន​៥ម៉ឺន​៧ពាន់​ការងារ​នៅ​ខែ​កក្កដា ​តិច​ជាង​ការ​រំពឹង​ទុក​ចំនួន​១ សែន​៩ម៉ឺនការងារ​ដែល​ពួក​សេដ្ឋ​វិទូ​បាន​ព្យាករណ៍។​បន្ថែម​ពី​នេះ​ ​អត្រា​គ្មាន​ការ​ងារ​ធ្វើ​ទូ​ទាំង​ប្រទេសបាន​ធ្លាក់​ចុះ​ពី​៤ភាគ​រយ​មក​៣,៩​ភាគរយ​ ដែលជិត​៣,៨​ភាគរយ​កាល​ពី​ខែ​ឧសភា​ដែល​ជា​ចំនួន​ទាប​បំផុត​ក្នុង​រយៈ​ពេល​១៨​ឆ្នាំ។

ពួក​សេដ្ឋ​វិទូ​មាន​ការ​ភ័យ​ខ្លាច​ថា ​ការ​ពាក់​ព័ន្ធ​សង្គ្រាម​ពាណិជ្ជកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ ដោយ​ការ​យក​ពន្ធគយ​លើ​ទំនិញ​បរទេស ​នឹង​បំផ្លាញ​ការ​ងារ​ផលិតកម្ម​សហរដ្ឋ​អាមេរិក។​ ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​របាយ​ការណ៍​កាល​ពី​ខែ​កក្កដា ​បាន​បង្ហាញ​ថា ​ឧស្សាហ៍កម្ម​ផលិតកម្ម​បាន​បន្ថែម​ការ​ងារ៣ម៉ឺន​៧​ពាន់​ការងារ​ដែល​ជា​ចំនួន​ខ្ពស់​ក្នុង​រយៈពេល​៧​ខែ។

លោក Scott Anderson​ ប្រធាន​សេដ្ឋវិទូ​នៅ​ធនាគារ ​ Bank of the West​ ដែល​មាន​ទីតាំង​ក្នុង​ក្រុង​ San Francisco​ បាន​ប្រាប់កាសែត ​The New York Times​ ថា៖ «យើង​មិន​ឃើញ​មាន​ផល​ប៉ះ​ពាល់​មក​ពី​ការ​តាន​តឹង​ខាង​ពាណិជ្ជកម្ម​នោះ​ ការណ៍​នេះ​ហាក់​ដូចជា​ឆាប់​ពេក​ដើម្បី​និយាយ​ពី​ផល​ប៉ះ​ពាល់​នេះ»។

តាម​សមាគម​ឧស្សាហកម្ម​បច្ចេកវិទ្យា​ CompTIA ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​បច្ចេក វិទ្យា​ក៏​បាន​ឃើញ​ការកើន​ឡើង​នូវ​ចំនួន​ការងារ​តិច​តួច​ដោយ​មាន​ការងារ​ចំនួន​៧ម៉ឺន ៥ពាន់​បាន​ត្រូវ​បន្ថែម​នៅ​ខែ​កក្កដា​ ដែល​ផ្ទុយ​ពី​ការ​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែថ្មី​ៗ​នេះ៕