ចៅក្រមជំនុំជម្រះសំណុំរឿងលោកកឹម សុខា ដែលជាមេដឹកនាំគណបក្សប្រឆាំងនៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចទទួលយកភស្តុតាងថ្មីដែលដាក់បន្ថែមដោយមេធាវីការពារលោកកឹម សុខា ចំនួន១៦រួមមានវីដេអូ លិខិតនិងរូបថតមួយចំនួន។
នៅថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី៨ សប្តាហ៍ទី៤នៃសវនាការជំនុំជម្រះសំណុំរឿងរបស់លោកកឹម សុខា ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ឬស្មើនឹងបទក្បត់ជាតិ។ សវនាការព្រឹកនេះចាប់ផ្តើមបន្តដោយចៅក្រមបានបង្ហាញឡើងវិញពីភស្តុតាងចំនួន៣៥ ដែលក្រុមមេធាវីរបស់លោក កឹម សុខា បានដាក់កាលពីពីរសប្តាហ៍មុន។
លោកចៅក្រម កូយ សៅ ក៏បានឲ្យបង្ហាញភស្តុតាងថ្មីចំនួន១៦ ដែលមេធាវីរបស់លោក កឹម សុខា ដាក់បន្ថែមកាលពីថ្ងៃអង្គារដោយភស្តុតាងចំនួន៨ជាវីដេអូ មួយជាលិខិតរបស់គណបក្សប្រជាជនកម្ពុជាជូនលោក John Cavanaugh អតីតប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI) ។ ហើយចំនួនភស្តុតាង៧ទៀតគឺជារូបថតដែលបង្ហាញពីជំនួបរវាងលោកកឹម សុខា និងលោក John Cavanaugh រូបថតលោកហេង សំរិន ជួបលោក John Cavanaugh ព្រមទាំងរូបថតដែលបង្ហាញអំពីសិក្ខាសាលានិងការបណ្តុះបណ្តាលគណបក្សនយោបាយផ្សេងៗដែលរៀបចំដោយអង្គការ NDI។
ក្រោយការបង្ហាញភស្តុតាងទាំងនោះក្នុងអង្គសវនាការ ចៅក្រមបានអនុញ្ញាតឲ្យភាគីពាក់ព័ន្ធពិភាក្សាពីភស្តុតាងទាំងនោះ។
តំណាងអយ្យការលោក ប្លង់ សុផលបានលើកឡើងអំពីឯកសារជាអក្សរស្រង់ពីវីដេអូឃ្លីបមួយ ថាមានបាត់ពាក្យ។ លោកក៏លើកឡើងដែរថារូបថតមួយចំនួនក្នុងភស្តុតាងនោះថាមិនមានដាក់កាលបរិច្ឆេទ និងទីកន្លែងច្បាស់លាស់។ លោកតំណាងអយ្យការបានទាមទារឲ្យមានការបញ្ជាក់បន្ថែមលើរូបថតទាំងនោះ។
ចំណែកមេធាវីតំណាងរដ្ឋាភិបាលលោក គី តិចក៏បានលើកឡើងពីចំណុចស្រដៀងគ្នាទៅនឹងតំណាងអយ្យការផងដែរ។លោក គី តិច លើកឡើងថាភស្តុតាងជាអក្សរដែលមានការបាត់ពាក្យ និងថាលើភស្តុតាងមួយចំនួនមិនមានការបញ្ជាក់ពីមេធាវី។
លោកនិយាយថា៖ «រាល់ឯកសារអត់ចុះហត្ថលេខាត្រឹមត្រូវ អាចបង្ហាញពីការគេចវេសទទួលខុសត្រូវ»។
ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានឆ្លើយតបនឹងការលើកឡើងរបស់តំណាងអយ្យការ និងមេធាវីរដ្ឋាភិបាល ពាក់ព័ន្ធនឹងភស្តុតាងទាំងនោះថាការសរសេរដែលស្រង់ពីវីដេអូឃ្លីបតែងមិនមានភាពឥតខ្ចោះ។ ពួកគេបានស្នើឲ្យយកវីដេអូជាគោលនិងថា ពួកគេនឹងកែតម្រូវប្រសិនបើមានការមិនសុខចិត្ត។
អ្នកស្រី ម៉េង សុភារី មេធាវីការពារក្តីលោក កឹម សុខា មួយរូប បានការពារភស្តុតាងជារូបថតដែលក្រុមមេធាវីបានដាក់នោះថារូបថតដែលមេធាវីដាក់ដែលបញ្ជាក់ត្រឹមឆ្នាំគឺដោយសារមេធាវីមានចេតនាបង្ហាញតែខ្លឹមសារ។ អ្នកស្រីថារូបទាំងនេះបញ្ជាក់ថាមិនមែនមានតែលោក កឹម សុខា ទេដែលជួបជាមួយជនបរទេសប៉ុន្តែមានទាំងតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយផ្សេងៗទៀតសុទ្ធតែជួបជាមួយបរទេស និងទទួលបានការបណ្តុះបណ្តាលពីអង្គការបរទេស។
អ្នកស្រីបញ្ជាក់ថា៖ «សំខាន់តើអ្នកដាក់ភស្តុតាងចង់បញ្ជាក់ពីអ្វី? គឺមិនមែនបញ្ជាក់ពីការប្រព្រឹត្តិបទល្មើសទេ[...]ខ្ញុំចង់បញ្ជាក់ពីខ្លឹមសារ»។
តំណាងអយ្យការលោក ប្លង់ សុផល បញ្ជាក់ថា៖ «ក្នុងរូបថតដែលបង្ហាញពីការអង្គុយជាមួយជនបរទេស ខ្ញុំអាចនិយាយថាជាការត្រូវរ៉ូវគ្នាជាមួយបរទេសក៏បាន»។
អ្នកស្រី ម៉េង សុភារី ឆ្លើយតបទៅវិញថា តំណាងអយ្យការមិនអាចចោទប្រកាន់បែបនេះបានទេ ប្រសិនបើគ្មានភស្តុតាង។
អ្នកស្រីបញ្ជាក់ថា៖ «លោកតំណាងអយ្យការចង់ចោទអីក៏ចោទទៅ តែលោកត្រូវតែមានភស្តុតាងមកបញ្ជាក់ [...]បើលោកមានខ្សែអាត់សំឡេងនិយាយនោះខ្ញុំជឿ»។
ក្រោយការជជែករវាងភាគីពាក់ព័ន្ធដោយមានការដំឡើងសំឡេង តឹងសរសៃកផងនោះ លោក ចៅក្រម កូយ សៅ បានសម្រេចទទួលយកភស្តុតាងទាំង១៦។ ទោះយ៉ាងណាលោកបានប្រាប់ឲ្យក្រុមមេធាវីរបស់លោកកឹម សុខា សរសេរបន្ថែមអំពីកាលបរិច្ឆេទនិងទីកន្លែងជាក់លាក់ ភ្ជាប់ជាមួយលេខកូដរូបថតដែលជាភស្តុតាងនីមួយៗ។
មុននឹងបង្ហាញភស្តុតាងថ្មីចំនួន១៦នោះចៅក្រមក៏បានបញ្ជាឲ្យបង្ហាញភស្តុតាងចំនួន៣៥ដែលបានដាក់កាលពីបីរសប្តាហ៍មុនដែលមានវីដេអូឃ្លីបខ្លីៗចំនួនជិត២០ឯកសារជាលិខិតផ្សេងៗពាក់ព័ន្ធនឹងលក្ខន្តិកៈការចុះបញ្ជីនិងកម្មវិធីនយោបាយគណបក្សសង្គ្រោះជាតិសេចក្តីប្រកាសព័ត៌មានពីបាតុកម្មអហិង្សា ឯកសារពាក់ព័ន្ធនឹងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ព្រមទាំងលិខិតដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំផ្ញើជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលិខិតលោកហ៊ុន សែន ផ្ញើជូនលោកត្រាំ ជាដើម។
មុននឹងបិទបញ្ចប់សវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកចៅក្រម កូយ សៅ បានប្រកាសថា នៅសវនាការសប្តាហ៍ក្រោយតុលាការនឹងពិភាក្សាអង្គហេតុចាប់ពីឆ្នាំ២០១២រហូតដល់ពេលដែលលោក កឹមសុខា ត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៧។ លោកបន្តថាការពិភាក្សានោះនឹងត្រូវចែកចេញជាបីដំណាក់កាល ដោយនឹងជជែកពីអង្គហេតុនៃការបង្កើត និងរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ អង្គហេតុជុំវិញការបោះឆ្នោតឆ្នាំ២០១៣ និងអង្គហេតុក្រោយការបោះឆ្នោតឆ្នាំ២០១៣ រហូតដល់ការចាប់ខ្លួនលោក កឹម សុខា។
លោកចៅក្រមបានប្រកាសបិទសវនាការនៅម៉ោង១១ និង៣០នាទីព្រឹក ដោយមានការសម្រេចតាមការស្នើរបស់មេធាវីតំណាងរដ្ឋាភិបាលមួយរូបផងថាចាប់ពីសប្តាហ៍ក្រោយរៀងរាល់ថ្ងៃពុធ សវនាការនឹងបញ្ចប់ក្នុងអំឡុងម៉ោង១១ព្រឹកចំណែកថ្ងៃព្រហស្បតិ៍អាចធ្វើដល់ម៉ោង១២រសៀល៕