ចៅក្រម​បង្ហាញ​ផ្នែក​បន្ថែម​ទៀត​នៃ​លិខិត​ដែល FBI ស្នើ​សុំ​ដីកា​ឆែកឆេរ​លើ​ភូមិគ្រឹះ​របស់​លោក Trump  

ទំព័រ​មួយ​នៃ​លិខិត​​របស់​ទីភ្នាក់ងារ​ FBI សម្រាប់​ស្នើ​សុំ​ដីកា​ឆែកឆេរ​ភូមិគ្រឹះ Mar-a-Lago ​របស់​អតីត​ប្រធានាធិបតី​លោក Donald Trump ថត​នៅ​ថ្ងៃ​ទី ១៣ ខែកញ្ញា ឆ្នាំ២០២២។

កាលពី​ថ្ងៃ​អង្គារ ចៅក្រម​តុលាការ​ថ្នាក់​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ផ្នែក​បន្ថែម​ទៀត​នៃ​លិខិត​ផ្លូវ​ច្បាប់​ដែល​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) បាន​ដាក់​ជូន​តុលាការ​ដើម្បី​ស្នើ​សុំ​ដីកា​ឆែកឆេរ​លើ​ភូមិគ្រឹះ Mar-a-Lago របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ក្នុង​រដ្ឋ Florida។

ការ​ឆែកឆេរ​ភូមិគ្រឹះ​របស់​លោក Trump នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ FBI លើ​ការ​រក្សាទុក​របស់​លោក Trump នូវ​ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបាល​នៅ​ក្រោយ​ពេល​លោក​បាន​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​កាលពី​ខែ​មករា ឆ្នាំ ២០២១។

ផ្នែក​នៃ​លិខិត​ដែល​ចៅក្រម​បាន​បង្ហាញ​នោះ​បាន​លាត​ត្រដាង​ឱ្យ​ឃើញ​ថា អ្នក​ស៊ើប​អង្កេត​បាន​អនុវត្ត​តាម​ដីកា​របស់​តុលាការ​លើ​ក្រុមហ៊ុន Trump Organization របស់​លោក Trump កាលពី​ថ្ងៃ​ទី ២៤ ខែ​មិថុនា ដោយ​ទាមទារ​ឱ្យ​មាន​ការ​ប្រគល់​ជូន​នូវ​វីដេអូ​និង​រូបភាព​ដែល​ថត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នៅ​ជិត​បន្ទប់​ផ្ទុក​ឯកសារ​នៅ​ក្នុង​ភូមិគ្រឹះ Mar-a-Lago របស់​លោក Trump ដែល​នៅ​ក្នុង​បន្ទប់​នោះ​មាន​ប្រអប់​ជា​ច្រើន​ដែល​មាន​ផ្ទុក​ឯកសារ​សម្ងាត់​នៅ​ក្នុង​នោះ។

លិខិត​នេះ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន Trump Organization បាន​ប្រគល់​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ដែល​មាន​ផ្ទុក​វីដេអូ​នៃ​កាមេរ៉ា​សុវត្ថិភាព​នោះ​ឱ្យ​ទីភ្នាក់ងារ FBI កាលពី​ថ្ងៃ​ទី ៦ ខែ​កក្កដា តប​តាម​ដីកា​របស់​តុលាការ។

កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា ទីភ្នាក់ងារ FBI បាន​អនុវត្ត​តាម​ដីកា​ឆែកឆេរ​ដែល​តុលាការ​យល់ព្រម​ចំពោះ​លិខិត​ស្នើ​សុំ​របស់​ខ្លួន​លើ​ភូមិគ្រឹះ Mar-a-Lago របស់​លោក Trump ដោយ​រឹបអូស​បាន​របស់របរ​នានា​ចំនួន​ជិត ១៣.០០០ ដែល​ក្នុង​នោះ​មាន​ទាំង​ឯកសារ​សម្ងាត់​ជាង ១០០ ផង​ដែរ។

ទីភ្នាក់ងារ FBI កំពុង​ស៊ើប​អង្កេត​លើ​បទ​ឧក្រិដ្ឋ​ដែល​អាច​ប្រព្រឹត្តិ​ឡើង​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក​របស់​លោក Trump នូវ​ឯកសារ​រដ្ឋាភិបាល ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​រំលោភ​ដែល​អាច​ទៅ​រួច​លើ​ច្បាប់​ចារកម្ម​និង​ការ​រារាំង​ដំណើរការ​យុត្តិធម៌​ផង​ដែរ៕

លោក Masood Farivar ដែល​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters