ចៅក្រមសហព័ន្ធកាលពីល្ងាចថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបើកឯកសារកំណែថ្មីនៃលិខិតបញ្ជាក់ដែលក្រសួងនេះប្រើដើម្បីទទួលបានដីកាថ្មីមួយសម្រាប់ឆែកឆេរគេហដ្ឋាន រមណីយដ្ឋាន Mar-A-Lago របស់អតីតប្រធានាធិបតីលោក Donald Trump។
លោកចៅក្រម Bruce Reinhart បានចេញដីកាប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងយុត្តិធម៌បានស្នើសុំឯកសារកំណែថ្មីដែលរដ្ឋអាជ្ញាបាននិយាយថា ត្រូវការចាំបាច់ដើម្បីការពារព័ត៌មានលម្អិតសំខាន់ៗនៃការស៊ើបអង្កេតរបស់ខ្លួនអំពីរបៀបដែលលោក Trump គ្រប់គ្រងឯកសារសម្ងាត់។
ស្ថាប័នព័ត៌មានអាមេរិកនិងក្រុមផ្សេងទៀតកំពុងស្វែងរកលិខិតបញ្ជាក់នេះចំពេលសាធារណជនចាប់អារម្មណ៍ជាយ៉ាងខ្លាំងចំពោះការឆែកផ្ទះរបស់អតីតប្រធានាធិបតីអាមេរិកដោយ ការិយាល័យសហព័ន្ធស៊ើបអង្កេត FBI កាលពីថ្ងៃទី ៨ ខែសីហា ដែលមិនធ្លាប់មានពីមុនមក។
ក្នុងអំឡុងពេលនៃការឆែកឆេរនោះ ភ្នាក់ងារការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានដកយកសំណុំឯកសារចំនួន ១១ ដែលមានស្លាកសញ្ញាសម្ងាត់ឬសម្ងាត់បំផុត។ នេះបើយោងតាមបង្កាន់ដៃដែលផ្តល់ឱ្យមេធាវីរបស់លោក Trump។ ដីកាឆែកឆេរត្រូវបានលាតត្រដាងរយៈពេលបួនថ្ងៃក្រោយមក ដោយបង្ហាញថា លោក Trump កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទបំពានច្បាប់ចារកម្ម និងបទល្មើសផ្សេងទៀត។
លោក Trump និងសម្ពន្ធមិត្តរបស់លោកបានថ្កោលទោសសកម្មភាពនេះ ដោយចោទប្រកាន់ថា រដ្ឋបាលលោក Joe Biden «ប្រើប្រាស់ការពង្រឹងច្បាប់ជាអាវុធ»ប្រឆាំងនឹងលោក។ លោកបាននិយាយថា លោកចង់ឱ្យបើកលិខិតបញ្ជាក់នោះ។ រដ្ឋមន្ត្រីយុត្តិធម៌លោក Merrick Garland ដែលបានអនុញ្ញាតឱ្យក្រសួងយុត្តិធម៌សុំដីកានោះ បានបានច្រានចោលការចោទប្រកាន់នេះ។
នៅក្នុងបទបញ្ជារបស់លោក លោក Reinhart បានសរសេរថា លោកបានពិនិត្យមើលឡើងវិញនូវឯកសារកំណែថ្មីនោះ ហើយនឹងលិខិតរដ្ឋបាលផ្លូវច្បាប់ដែលភ្ជាប់មកជាមួយ ហើយលោកបានរកឃើញថា «រដ្ឋាភិបាលមានកាតព្វកិច្ចទទួលបន្ទុកចាំបាច់និងមានហេតុផលល្អក្នុងការរក្សាការសម្ងាត់ផ្នែកខ្លះនៃឯកសារនោះ ពីព្រោះហេតុផលទីមួយគឺការលាតត្រដាងនឹងបង្ហាញអត្តសញ្ញាណសាក្សី ភ្នាក់ងារអនុវត្តច្បាប់ និងភាគីដែលមិនត្រូវបានចោទប្រកាន់។
ហេតុផលទីពីរគឺយុទ្ធសាស្ត្រនៃការស៊ើបអង្កេត ទិសដៅ ទំហំ ប្រភព និងវិធីសាស្រ្ត ហើយហេតុផលទី៣ គឺព័ត៌មានរបស់គណៈវិនិច្ឆ័យដែលត្រូវបានការពារដោយច្បាប់សហព័ន្ធសម្រាប់នីតិវិធីព្រហ្មទណ្ឌ៕