ចៅក្រម​រដ្ឋ Texas ផ្អាក​គោលនយោបាយ​កំណែ​ទម្រង់​អន្តោប្រវេសន៍​របស់​លោក Biden

រូបឯកសារ៖ លោកប្រធានាធិបតី Joe Biden ថ្លែងក្នុងអំឡុងព្រឹត្តិការណ៍រំលឹកខួបលើកទី១២ នៃកម្មវិធី Deferred Action of Childhood Arrivals នៅបន្ទប់ East Room នៃសេតវិមាន ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងរដ្ឋធានី Washington។

ចៅក្រម​រដ្ឋ Texas បាន​បញ្ជា​ឱ្យ​ផ្អាក​ជា​បណ្តោះ​អាស័ន្ន​លើ​គោលនយោបាយ​មួយ​ដែល​នឹងសម្រួលដល់​ដំណើរការ​អនុញ្ញាត​ឱ្យ​ប្តីប្រពន្ធ​របស់​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​ ក្នុងការទទួល​បាន​ភាព​ស្របច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ សេចក្តីសម្រេចនេះ​ជាបរាជ័យ​មួយ​ដល់​គោលនយោបាយ​កំណែ​ទម្រង់​អន្តោប្រវេសន៍​ដ៏​ធំ​មួយ​របស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ចៅក្រម J. Campbell Barker​ បានអនុញ្ញាត​ឱ្យ​ផ្អាក​ជា​បណ្តោះ​អាស័ន្ន​ចំនួន ១៤ថ្ងៃ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​រឿង​ក្តី​ដែល​បាន​លើក​ឡើង​ដោយ​អគ្គរដ្ឋអាជ្ញា​បក្ស​សាធារណរដ្ឋ​របស់​រដ្ឋ​ចំនួន១៦ ដើម្បី​ជំទាស់​ប្រឆាំង​នឹង​គោលនយោបាយ​នេះ។

កាលពី​ខែ​មិថុនា លោក​ប្រធានាធិបតី Biden បាន​ប្រកាស​គោលនយោបាយ​ថ្មី​មួយ​ដែល​បានសម្រួលដល់​ការចូល​សញ្ជាតិ​សម្រាប់​ជន​អន្តោប្រវេសន៍​កន្លះ​លាន​នាក់​ដែល​បាន​រៀបការ​ជាមួយ​ពលរដ្ឋ​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ រដ្ឋ​ចំនួន១៦ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​នេះ​និយាយ​ថា​គោលនយោបាយ​របស់​លោក Biden បាន​ធ្វើ​ឱ្យ​ពួកគេ​ខាតបង់​ប្រាក់​រាប់​លាន​ដុល្លារ​នៅ​ក្នុង​សេវា​សាធារណៈ រួមមាន​ការថែទាំ​សុខភាព ការសិក្សា​អប់រំ​និង​ការពង្រឹង​ច្បាប់​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ពួក​ជន​អន្តោប្រវេសន៍។

នៅ​ក្នុង​សេ​ចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ លោក Biden បាន​ហៅ​ការសម្រេច​ថ្មី​នេះ ថា​«ខុស»​ ហើយសន្យាថា​នឹង«បន្ត​ប្រយុទ្ធ​ដើម្បី​ជួយការពារ​ព្រំដែន​របស់​យើង​និង​ជួសជុល​ប្រព័ន្ធ​អន្តោប្រវេសន៍​បែកបាក់​របស់​យើង​នេះ»។

រដ្ឋបាល​របស់​លោក Biden បាន​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍ ជា​បញ្ហា​បែក​បាក់​ដ៏​ខ្លាំង​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​មុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ព្យាយាម​ចាត់វិធានការ​តឹងរ៉ឹង ​លើ​ជន​ចំណាក​ស្រុក​ខុសច្បាប់ ស្របពេលជាមួយការដាក់ចេញ​កំណែ​ទម្រង់ដល់​ប្រព័ន្ធ​អន្តោប្រវេសន៍​គ្មាន​ប្រសិទ្ធភាព​របស់​អាមេរិក។

យុទ្ធនាការ​បោះឆ្នោត​របស់​លោក Trump ដើម្បី​កាន់កាប់​សេតវិមាន​បាន​ផ្តោតលើ​ការពណ៌នា​សហរដ្ឋ​អាមេរិក​ថា​ស្ថិត​នៅ​ក្រោម​ការវាយ​ប្រហារ​ដោយ​អ្វី​ដែល​លោក​បាន​ហៅ​ថា«ការលុកលុយ»​របស់​ជន​ចំណាកស្រុក។

ច្បាប់​ថ្មី​នឹងសម្រួលដល់ដំណើរការ​របស់អ្នកមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការតាំង​លំនៅ​អចិន្ត្រៃយ៍​ដោយ​ការលប់ចោល​ការតម្រូវ​ឱ្យ​ពួកគេ​ចាកចេញ​ពី​អាមេរិក​ជា​ផ្នែក​មួយ​នៃ​ដំណើការ​ដាក់ពាក្យ​សុំ​រស់នៅក្នុងប្រទេសអាមេរិក៕