ចៅក្រម​បដិសេធ​សំណើ​សុំ​លើកលែង​ការចោទ​ប្រកាន់​លោក កឹម សុខា

រូបឯកសារ៖ លោក​ កឹម សុខា​ ប្រធានគណបក្ស​សង្គ្រោះជាតិ​ ជម្រាប​សួរ​អ្នកគាំទ្រ​គណបក្ស​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​សហរដ្ឋអាមេរិក​វិញ​ កាលពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA)

ចៅក្រម​ស៊ើបអង្កេត​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើ​របស់​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ​ដែល​សុំ​ឱ្យ​លើកលែង​ការចោទប្រកាន់​លើ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ។​ នេះ​បើ​តាម​ឯកសារ​តុលាការ​ដែល​បាន​ចែក​ផ្សាយ​ជា​សាធារណៈ។

លោក​ចៅក្រម ​គី ឫទ្ធី ​បាន​ច្រានចោល​សំណើ​នេះ​កាលពី​ថ្ងៃសុក្រ​ ដោយ​សំអាង​ហេតុផល​ថា ​សំណុំ​រឿង​ក្បត់ជាតិ​របស់​លោក កឹម សុខា​ នៅ​កំពុង​តែ​ត្រូវ​តុលាការ​ស៊ើបសួរ​នៅឡើយ ហើយ​ថា​តុលាការ​កំពុងតែ​មាន​គម្រោងការ​កោះហៅ​សាក្សី​បន្ថែម​ដើម្បី​ឆ្លើយ​បំភ្លឺ​នៅ​ពេល​ខាងមុខ។

កាលពី​ចុងខែ​ធ្នូ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រធានគណបក្ស​សង្គ្រោះ​ជាតិដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​បាន​ដាក់​លិខិត​ជា​លើក​ទី​៣​ទៅ​តុលាការ​ ​ស្នើ​សុំ​ឱ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ក្រោយ​ការ​ស៊ើប​អង្កេត​បន្ត​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។​

លោក គង់ គាំ ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​លោក​ចៅក្រម ​គី ឫទ្ធី ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​នៅ​ថ្ងៃទី​ ២៣ ខែ ​មករា ​ក្នុង​សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹម សុខា។ នេះ​បើ​តាម​ដីកា​កោះ​ដោយឡែក​មួយ​ទៀត​ចុះ​ថ្ងៃ​ទី​២៦​ ខែ ធ្នូ​ ឆ្នាំ ​២០១៨។

លោក កឹម សុខា​ ត្រូវ​បាន​ចាប់​ខ្លួន​តាំងពី​ដើមខែ​កញ្ញា​ឆ្នាំ​២០១៧ ​ពី​បទ​ឃុបឃិត​ជាមួយ​នឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន៕