ក្នុងដំណើរការបន្តជម្រះក្ដីសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ដែលជាមេដឹកនាំបក្សប្រឆាំងមួយរូប នៅថ្ងៃពុធនេះ ចៅក្រមសាលាដំបូងបានសម្រេចយកវីដេអូមានរយៈពេលជាងមួយម៉ោង ដែលផ្តល់ដោយក្រុមមេធាវីការពារក្តីរបស់លោក កឹម សុខា មកធ្វើជាភស្តុតាងក្នុងសវនាការ។
ការសម្រេចរបស់ចៅក្រមនាពេលរសៀលថ្ងៃពុធនេះ កើតឡើងបន្ទាប់ពីមេធាវីការពារក្តីប្រគល់ភស្តុតាងចំនួន៣៤កញ្ចប់ និងវីដេអូដែលមានរយៈពេលជាងមួយម៉ោងនោះទៅតុលាការ ដើម្បីដកបន្ទុកការចោទប្រកាន់ទៅលើលោក កឹម សុខា។ តុលាការយល់ព្រមទទួលយកភស្តុតាងទាំង៣៤កញ្ចប់ដែលផ្តល់ដោយក្រុមមេធាវីការពារក្តីរបស់លោក កឹម សុខា ផងដែរ។
ទាំងតំណាងអយ្យការ ទាំងមេធាវីដើមបណ្តឹង និយាយថា ពួកគេត្រូវការពេលបន្ថែម ដើម្បីសិក្សាភស្តុតាងដែលផ្តល់ដោយក្រុមការពារក្តីរបស់លោក កឹម សុខា។
ប្រធានក្រុមជំនុំជម្រះ លោកចៅក្រម កូយ សៅ បានសម្រេចថា៖ «សម្រេចទទួលយកឯកសារភស្តុតាងទាំងអស់ និងទុកពេលឲ្យគ្រប់ភាគីនូវពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យ»។
ក្នុងសាលជំនុំជម្រះ តុលាការដែលមានការដេញដោលរវាងក្រុមមេធាវីការពារក្តីរបស់លោក កឹម សុខា និងក្រុមមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីរបស់រដ្ឋាភិបាល ដែលដឹកនាំដោយលោក គី តិច មានការជជែកដេញដោលពីខ្លឹមសារ ប្រភពដើម និងការកាត់តវីដេអូនោះ។
លោក កឹម សុខា អះអាងជាថ្មីថា វីដេអូដែលដើមបណ្ដឹងរដ្ឋប្បវេណីប្រើជាភស្តុតាងដាក់បន្ទុកនោះជា «វីដេអូក្លែងបន្លំកាត់ជាកង់ៗ»។
ទាំងតំណាងអយ្យការ លោក ប្លង់ សុផល និងក្រុមមេធាវីរបស់រដ្ឋាភិបាល សុទ្ធតែបានលើកឡើងថា វីដេអូឃ្លីបជាងពីរនាទីនោះជាសំឡេងនិងរូបភាពពិត ព្រមទាំងមានខ្លឹមសារពិត ដូចទៅនឹងវីដេអូវែង មានរយៈពេលជាង១ម៉ោង។
កញ្ចប់ភស្តុតាងទាំង៣៤នោះ រួមមានឯកសារចុះឈ្មោះគណបក្សសង្គ្រោះជាតិ ឯកសារពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR សេចក្តីថ្លែងការណ៍ និងលិខិតផ្សេងៗទៀតដែលត្រូវបានផ្ញើទៅលោក កឹម សុខា ដោយគណបក្សប្រជាជនកម្ពុជានៅពេលដែលលោកនៅជាតំណាងរាស្ត្រ ដែលរួមមានទាំងសេចក្តីថ្លែងការណ៍ផ្សេងៗទៀតដែលចេញនៅក្នុងឆ្នាំ២០១៤។ ថ្មីៗនេះ ក្រុមអ្នកការពារក្តីក៏បានដាក់ជូនតុលាការនូវរូបភាពដើម្បីគាំទ្រភស្តុតាងដែលបានដាក់ជូនតុលាការផងដែរ។
ក្រុមមេធាវីការពារក៏បានដាក់ឯកសារដែលជាគេហទំព័ររបស់ USAID ដើម្បីបង្ហាញថាស្ថាប័ននេះ បាននិងកំពុងធ្វើការជាមួយរដ្ឋាភិបាលទៅលើការអភិវឌ្ឍជាច្រើន ហើយថា ទំនាក់ទំនងរវាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ជាមួយស្ថាប័ននេះ មិនគួរជាបញ្ហានោះទេ។
ក្រុមមេធាវីការពារក្តីនិយាយថា វីដេអូដែលមានរយៈពេលជាង២នាទី ដែលបង្ហាញពីការថ្លែងរបស់លោក កឹម សុខា ទៅកាន់អ្នកគាំទ្រនៅក្នុងប្រទេសអូស្ត្រាលីនោះជាវីដេអូដែលត្រូវបានកាត់ត ហើយមិនបានបង្ហាញពីការពិត និងចេតនានៃការថ្លែងរបស់លោក កឹម សុខា នោះទេ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧មក ដោយសមត្ថកិច្ចបានប្រើប្រាស់វីដេអូមានរយៈពេលជាងពីរនាទី មកធ្វើជាភស្តុតាងក្នុងការចាប់ខ្លួនលោក ចោទប្រកាន់ ហើយឃុំក្នុងពន្ធនាគារ និងបន្តសវនាការរហូតមកដល់ពេលនេះ។
លោក កឹម សុខា និយាយនៅក្នុងសាលសវនាការនោះថា៖ «អយុត្តិធម៌ណាស់ ហើយវីដេអូពីរនេះ វាបាត់ខ្លឹមសារពិត មិនមែនខ្លឹមសារដូចគ្នាទេ»។
ក្រុមមេធាវីការពារក្តីរបស់លោក កឹម សុខា ក៏បានលើកឡើងថា ឯកសារវីដេអូ រូបថត និងសេចក្តីថ្លែងការណ៍ពីលោក កឹម សុខា នៅពេលដែលលោកជាអ្នកនយោបាយ និងជាអ្នកការពារសិទ្ធិមនុស្សពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៧ ដែលនេះបញ្ជាក់ថា លោកមិនបានបង្ហាញពីគោលបំណងក្បត់ជាតិនោះទេ។
ពួកគេបន្ថែមថា រូបថតទាំងនោះជាការទំនាក់ទំនងក្នុងការងារនយោបាយជាមួយអ្នកតំណាងមកពីប្រទេសចិន ប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត ដែលពួកគេថា នេះមានន័យថា ផ្ទុយនឹងការដែលថាលោក កឹម សុខា បានធ្វើការតែជាមួយប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិកដើម្បីធ្វើសកម្មភាពក្បត់ជាតិនោះ គឺមិនពិតនោះទេ។
ក្រោយការជជែកដេញដោលអស់រយៈពេលជាង២ម៉ោងកន្លះ តំណាងអយ្យការ លោក ប្លង់ សុផល និយាយថា៖ «តំណាងអយ្យការសូមស្នើឲ្យយកវីដេអូនេះ [វីដេអូវែង] ជាភស្តុតាងតទៅ»។
ក្រោយការស្នើរបស់តំណាងអយ្យការ លោកចៅក្រម កូយ សៅ បានសម្រេចទៅតាមការស្នើសុំ ដោយបញ្ជាក់ថា៖ «សម្រេចដេញដោលតែលើវីដេអូវែងតទៅ»។
អ្នកសារព័ត៌មាន និងមន្ត្រីទូត និងអង្គការជាតិនិងអន្តរជាតិមួយចំនួនត្រូវបានអនុញ្ញាតឲ្យចូលស្តាប់អង្គជំនុំជម្រះនៅថ្ងៃពុធនេះ។
ចៅក្រមក៏បានប្រកាសបិទសវនការនារសៀលថ្ងៃពុធនេះ នាល្ងាចម៉ោង៥ និង៥នាទី ហើយប្រកាសបន្តសវនាការទៅព្រឹកថ្ងៃព្រហស្បតិ៍។
ក្រុមមន្ត្រីការទូត ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកនិងក្រៅប្រទេសបាននិយាយថា សវនាការរបស់លោក កឹម សុខា មិនមានគុណភាព ហើយដំណើរការក្តីនេះកើតឡើង ដោយសារហេតុផលនយោបាយនិងបង្ហាញពីការប្រើប្រាស់អំណាចតុលាការមិនត្រឹមត្រូវ ក្នុងគោលបំណងកាច់បំបាក់សំឡេងប្រឆាំងនឹងរដ្ឋាភិបាល។ ពួកគេបានទទូចដដែលៗឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា៕