​ជ័យលាភី​​៥នាក់​បាន​រង្វាន់​សម្រាប់​អត្ថបទ​​អំពី​អំពើ​ពុក​រលួយ​​

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មានឆ្នើមអំពីអំពើពុករលួយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/VOA)

អង្គការ​តម្លាភាព​កម្ពុជា​សហការ​ជា​មួយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ បាន​ប្រកាស​ជ័យ​លាភី​ដល់​ការ​ប្រកួត​ពាន​រង្វាន់​អ្នក​សារព័ត៌មាន​ឆ្នើម​សម្រាប់​អត្ថបទ​រាយការណ៍​អំពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់ឆ្នាំ​២០១៥​នេះ។​

ការ​ប្រកួត​ប្រជែង​សរសេរ​អត្ថបទ​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​សារ​ព័ត៌មាន​ឲ្យកាន់​តែ​មាន​ភាព​ក្លាហាន​ និង​មាន​ឆន្ទៈក្នុង​ការ​សរសេរ​អត្ថបទ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ព្រម​ទាំង​ធ្វើ​ឲ្យមាន​ការ​ផ្សព្វ​ផ្សាយ​អំពី​ករណី​អំពើ​ពុករលួយ​ ដែល​ជា​បញ្ហា​ប្រឈម​របស់​កម្ពុជាឲ្យ​កាន់​តែ​មាន​ភាពទូលំ​ទូលាយ​ជាង​មុន។​

ជា​ជ័យ​លាភី​លេខ​មួយ​នៃ​ពាន​រង្វាន់​នេះ​ លោក ​ផាក់ ស៊ាងលី មក​ពី​សារព័ត៌មាន​ ភ្នំពេញ​ប៉ុស្តិ៍ ​បាន​ឲ្យដឹង​ថា​ អ្វី​ដែល​លោក​ចង់​ឃើញ​ពី​ការ​សរសេរ​អត្ថបទ​របស់​លោកគឺ​ការ​រួម​ចំណែក​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។​

«គោល​បំណង​របស់​ខ្ញុំ ​ក្រៅ​អំពី​ចង់​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ចំពោះអំពើ​ពុក​រលួយ​ក្នុង​សង្គម​កម្ពុជា​ ​ការ​ដែល​ខ្ញុំ​សរសេរ​គឺ​ខ្ញុំ​អាច​ចូលរួម​កែប្រែ​សង្គម​ទាក់ទង​នឹង​អំពើ​ពុករលួយ»។​

កញ្ញា​ខន ចំប៉ា​ ជា​អ្នក​សារ​ព័ត៌មាន​របស់​គេហទំព័រ​ថ្មីថ្មី។​ ជ័យ​លាភី​លេខ៣​នេះ​បាន​ប្រាប់​ VOA ​ឲ្យដឹង​ថា​ អំពើ​ពុក​រលួយ​ជា​ឫស​គល់​ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​សង្គម​ ក៏​ដូច​ជា​សេដ្ឋ​កិច្ច​កម្ពុជា។​

«ជ័យ​លាភី​នេះ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​យើង​ ក៏ប៉ុន្តែ​អ្វី​ដែល​នឹង​ទទួល​បាន​គឺ​ឆន្ទៈ​ដែល​ចង់​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ទាំង​អស់​គ្នា​ ​ហើយ​ខ្ញុំ​ក៏​ជំរុញ​ឲ្យអ្នក​សារ​ព័ត៌មាន​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ទាំង​អស់ ​រួម​គ្នា​ទប់​ស្កាត់​ និង​ប្រឆាំង​អំពើ​ពុករលួយ​ទាំង​អស់​គ្នា»។​

អំពើ​ពុករលួយ​គឺ​ជា​បញ្ហា​ចម្បង​ដែល​កម្ពុជា​បាន​ជួប​ និង​ត្រូវ​ដោះស្រាយ។​ ​ នៅ​ក្នុង​ឆ្នាំ​២០១០​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ដោយ​បង្កើត​ច្បាប់ ​និង​ស្ថាប័ន​ប្រឆាំង​នឹង​អំពើ​ពុករលួយ។​

ការប្រកាសជ័យលាភីពានរង្វាន់ដល់អ្នកសារព័ត៌មានឆ្នើមអំពីអំពើពុករលួយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/VOA)

លោក ​ព្រាប កុល​ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​ ដែល​ជា​អង្គការ​ជួយ​ឧបត្ថម្ភ​កម្មវិធី​នេះ បាន​ឲ្យដឹង​ថា​ ​មក​ទល់​ពេល​នេះ​ អង្គការ​តម្លាភាព​កម្ពុជា​ រួម​ជាមួយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ បាន​បណ្តុះ​បណ្តាលអ្នក​សារព័ត៌មាន​បាន​ចំនួន​ជាង​១០០​រូប​ហើយ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ករណី​អំពើ​ពុករលួយ​នេះ។​ ជាង​នេះ​ទៅ​ទៀត​ លោក​សង្កេត​ឃើញ​ថា​ ចំនួន​អ្នក​សារព័ត៌មាន​ប្រជា​ពលរដ្ឋ និង​អ្នក​សរសេរ​ប្លុក​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ។​ ហើយ​លោក​រំពឹង​ថា ​ចំនួន​នេះ​នឹង​កាន់​តែ​កើន​ឡើង​ថែមទៀត​នៅ​ឆ្នាំ​បន្ទាប់។​

«បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​កាល​ពី​៣​ឆ្នាំ​មុន ​និង​ពេល​ឥឡូវ​នេះ​ យើង​សង្កេត​ឃើញ​ថា ​មាន​អ្នក​សារ​ព័ត៌មាន​វិជ្ជាជីវៈ​កាន់​តែ​ច្រើន​ជាង​មុន​ដែល​ហ៊ាន​និង​មាន​ចំណេះ​ដឹង​សរសេរ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ»។​

ថ្លែង​ក្នុង​ឱកាស​ប្រគល់​រង្វាន់​ដល់ជ័យលាភី​អ្នក​សារព័ត៌មាន​ស្ដីពីអំពើ​ពុករលួយ​នៅ​កម្ពុជា​ លោក ​ឱម​ យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ អះអាង​ថា ​បច្ចុប្បន្ន​នេះ​ វិស័យ​សារ​ព័ត៌មាន​បាន​នឹង​កំពុង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រាយ​ការណ៍​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុក​រលួយ​ក្នុង​សង្គម​កម្ពុជា។​

«យើង​ខ្ញុំ​វាយ​តម្លៃ​ខ្ពស់​ណាស់​ចំពោះ​អ្នក​សារ​ព័ត៌មាន​ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ខ្លួន​ នូវ​អំណាច​មួយ​ដែល​សង្គម​បាន​ប្រគល់​ជូន​ខ្លួន​ នូវ​អ្វី​ដែល​សាធារណ​មតិ​ទាំង​អស់​ទទួល​បាន​ពី​អ្នក​សារ​ព័ត៌មាន​ជា​រៀងរាល់​ថ្ងៃ។​ ​យើង​សាក​បិទ​ភ្នែក​ គិត​ពិចារណា​មើល ​បើ​សិន​ជាពេល​នេះ​គ្មាន​វិស័យ​សារ​ព័ត៌មាន​វិញ​ តើ​យើង​អាច​រស់​បាន​ដោយ​យ៉ាង​ម៉េច? ​ គិត​ថា​ ពិបាក​នឹង​រស់​ ពិបាក​នឹង​ដក​ដង្ហើម។​ ​ជា​ជំនាញ​មួយ​ដែល​សង្គម​យើង​កំពុង​តែ​ត្រូវ​ការ​ផ្គុំ​កម្លាំង​យ៉ាង​ខ្លាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ»។​

លោក​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យដឹង​ថា​ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​គម្រោង​នឹង​បើ​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​ដល់​អ្នក​សារ​ព័ត៌មាន​ដើម្បីឲ្យអ្នកសារ​ព័ត៌​អាច​យល់​កាន់​តែ​ច្បាស់​ទាក់ទង​នឹង​បញ្ហា​ច្បាប់ ​និង​បទ​ល្មើស​អំពើ​ពុករលួយ​នេះ។​ ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យអត្ថបទ​រាយ​ការណ៍ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​កាន់​តែ​មាន​គុណភាព​ និង​គ្រប់​ជ្រុង​ជ្រោយ​ជាង​មុន។

អ្នក​សារ​ព័ត៌មាន​ ដែល​ជា​ជ័យ​លាភី​ទាំង​៥រូប​ មក​ពីស្ថាប័ន​ចំនួន​៣​គឺ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ វិទ្យុ​បារាំង​ RFI ​និង​គេហទំព័រ​ថ្មីថ្មី។​ ក្នុង​នោះ​ក៏​មាន​លោក​ម៉ៃ ទិត្យថារ៉ា​ អ្នក​សារ​ព័ត៌មាន​ផ្នែក​ស៊ើប​អង្កេត​ និង​ការ​ការពារ​បរិស្ថាន​ ដែល​ទទួល​បាន​ពាន​រង្វាន់​ទាំង​ជាតិ​ និង​អន្តរជាតិ​ជាង​២០​ពាន​រង្វាន់​ផង​ដែរ៕