កាលពីខែមុន រលកដំបូងបង្អស់នៃរឿងរ៉ាវពាក់ព័ន្ធនឹងឯកសារសម្ងាត់ដែលបែកធ្លាយពីប្រទេសប៉ាណាម៉ា ដែលបានបង្ហាញពីវិធីដែលវរជននៅទូទាំងពិភពលោកប្រើប្រាស់កន្លែងសម្រាប់គេចវេសពីការបង់ពន្ធនៅបរទេស ដើម្បីលាក់ទ្រព្យសម្បត្តិរបស់ខ្លួនបានធ្វើឲ្យក្រុមមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសអ៊ីស្លង់ និងអេស្ប៉ាញ ចុះចេញពីតំណែង ធ្វើឲ្យនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron អាម៉ាស់ និងបានចោទប្រកាន់មនុស្សជំនិតរបស់លោកប្រធានាធិបតីរុស្សី Vladimir Putin ចំពោះករណីលាងលុយកខ្វក់ផងដែរ។
សមាគមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិដែលហៅកាត់ថា (ICIJ) បានឲ្យដឹងថា មានឯកសារជាង១១,៥លានច្បាប់ដែលបានបែកធ្លាយពីក្រុមហ៊ុនច្បាប់មួយក្នុងប្រទេសប៉ាណាម៉ា។ ពីដំបូងឡើយ សមាគមនេះចែករំលែកឯកសារទាំងនេះតែជាមួយនឹងអ្នកកាសែតមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែការបញ្ចេញទិន្នន័យទាំងនោះជាសាធារណៈកាលពីថ្ងៃច័ន្ទ អាចនឹងមានផលប៉ះពាល់កាន់តែខ្លាំងជាងមុន។
លោកស្រី Marina Walker Guevara អនុប្រធានសមាគមអ្នកកាសែត ICIJ បានថ្លែងប្រាប់ VOA កាលពីថ្ងៃច័ន្ទថា «ខ្ញុំគិតថា អាវុធធំបំផុតនោះគឺថា ពួកយើងកំពុងតែផ្តល់អំណាចទៅក្នុងដៃរបស់ប្រជាពលរដ្ឋវិញហើយ»។
កាលពីម៉ោង២រសៀលថ្ងៃច័ន្ទ សមាគម ICIJ បានបើកឲ្យគេអាចចូលទៅមើលទិន្នន័យរបស់ស្ថាប័ននៅបរទេសចំនួន២សែន តាមរយៈគេហទំព័ររបស់ខ្លួនបាន ដែលស្ថាប័នទាំងនោះត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹងម្ចាស់គណនីនៅក្នុងបណ្តាប្រទេស និងដែនដីជាង២០០។ ទិន្នន័យទាំងនោះច្របាច់បញ្ចូលព័ត៌មានមូលដ្ឋានអំពីក្រុមហ៊ុននៅក្នុងឯកសារសម្ងាត់ ដែលបែកធ្លាយពីប្រទេសប៉ាណាម៉ា ដែលក្រុមហ៊ុនច្បាប់ Mossack Fonseca បានអះអាងថា ត្រូវបានគេលួច ជាមួយនឹងទិន្នន័យស្រដៀងគ្នានេះ ដែលបានមកពីការស៊ើបអង្កេតរបស់ ICIJ អំពីកន្លែងសម្រាប់គេចវេសការបង់ពន្ធនៅបរទេសកាលពីលើកមុន។
ព័ត៌មានស្តីពីបណ្តាក្រុមហ៊ុន គណនីធនាគារ និងមូលនិធិទាំងនេះអាចស្វែងរកបានតាមរយៈការវាយបញ្ចូលប្រទេស ឈ្មោះ និងអាស័យដ្ឋានជាដើម។ ព័ត៌មានរសើបនានា ដូចជាគណនីធនាគារ និងអត្តសញ្ញាណផ្ទាល់ខ្លួន ត្រូវបានដកចេញ។
លោកស្រី Marina Walker Guevara ជាសហអ្នកគ្រប់គ្រងលើគម្រោងស៊ើបអង្កេតអំពីឯកសារសម្ងាត់ដែលបែកធ្លាយពីប្រទេសប៉ាណាម៉ានេះ ដែលដំបូងឡើយមានការចូលរួមសហការពីអ្នកកាសែតជាង៣៧០នាក់ ពីស្ថាប័នសារព័ត៌មានជាង១០០ក្នុងប្រទេសចំនួនប្រមាណ៨០។ រឿងរ៉ាវនេះ ត្រូវបានបែកធ្លាយកាលពីដើមខែមេសាកន្លងទៅនេះ។
សេចក្តីរាយការណ៍របស់ពួកគេ បានរកឃើញថា មានជាប់ពាក់ព័ន្ធជាមួយនឹងការសមគំនិតរវាងបណ្តាក្រុមហ៊ុននៅបរទេស និងពួកអ្នកមានអំណាច ឬអ្នកធំ។ ក្នុងចំណោមពួកគេទាំងនោះមាន អ្នកនយោបាយចំនួន១៤០នាក់ ដោយរួមមានទាំងអតីតមេដឹកនាំនយោបាយ និងមេដឹកនាំនយោបាយនាពេលបច្ចុប្បន្នចំនួន១២នាក់ មហាសេដ្ឋី កីឡាករល្បីៗ ពួកអ្នកជួញដូរគ្រឿងញៀន និងសមាជិកក្រុមអ្នកលេងជាដើម។ ក្នុងនោះក៏រួមមានមនុស្ស និងក្រុមហ៊ុនយ៉ាងហោចណាស់ចំនួន៣៣ ដែលត្រូវបានរដ្ឋាភិបាលអាមេរិកដាក់បញ្ចូលក្នុងបញ្ជីស្បែកខ្មៅរបស់ខ្លួន ចំពោះភ័ស្តុតាងដែលពាក់ព័ន្ធនឹងការធ្វើជំនួញ មិនត្រឹមត្រូវជាមួយនឹងស្តេចគ្រឿងញៀនម៉ិកសិក ឬជាមួយនឹងបណ្តាប្រទេសដែលមិនស្មោះត្រង់ដូចជា ប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ជាដើម។
សេចក្តីរាយការណ៍អំពីការផ្សព្វផ្សាយឯកសារសម្ងាត់នេះជាវីដេអូដោយលោកស្រី Zlatica Hoke
Your browser doesn’t support HTML5
ព័ត៌មានដែលបានបែកធ្លាយអំពីការពឹងផ្អែកទៅលើកន្លែងសម្រាប់គេចវេសពីការបង់ពន្ធរបស់ពួកគេទាំងនោះ បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្លង់ David Gunnlaugson និងលោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអេស៉្បាញ Jose Manuel Soria ចុះចេញពីតំណែងទៀតផង។ លោក David Cameron ត្រូវបានគេបង្ខំឲ្យឆ្លើយនឹងសំណួរមួយចំនួនអំពីគណនីធនាគារនៅបរទេសដែលបង្កើតឡើងដោយឳពុករបស់លោកផងដែរ។ លោក Putin បានបដិសេធអំពីការចោទប្រកាន់នានា ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តខុស។
លោកស្រី Marina Walker Guevara បានមានប្រសាសន៍ថា មកទល់នឹងពេលនេះមិនទាន់មានចំណាត់ការផ្លូវច្បាប់មកលើ ICIJ នៅឡើយទេ។ លោកស្រីបាននិយាយយ៉ាងដូច្នេះថា «ពួកយើងបានខិតខំធ្វើការដើម្បីឲ្យប្រាកដថា ព័ត៌មានទាំងនោះគឺត្រឹមត្រូវ និងដើម្បីផ្តល់បរិបទលម្អិតនៅក្នុងសេចក្តីរាយការណ៍របស់យើង»។
ឥឡូវនេះ ខណៈពេលបើកចំហរទិន្នន័យទាំងនោះឲ្យសាធារណជនត្រួតពិនិត្យ លោកស្រីបានព្រមានថា ទិន្នន័យទាំងនោះគួរតែត្រូវបានប្រើប្រាស់ដោយមានការទទួលខុសត្រូវ និងមិនត្រូវប្រើប្រាស់វា ដើម្បីតាមចាប់ខ្លួននោះទេ។ លោកស្រីបានលើកឡើងថា ឈ្មោះនៅក្នុងនោះអាចនឹងខុស ហើយត្រូវតែផ្ទៀងផ្ទាត់ជាមួយនឹងអាស័យដ្ឋាន និងអត្តសញ្ញាណផ្សេងទៀត មុននឹងប្រកាសជាសាធារណៈអំពីការចោទប្រកាន់ថា ជនណាម្នាក់ប្រព្រឹត្តខុស។
លោកស្រី Marina Walker Guevara បានមានប្រសាសន៍ថា សំខាន់ជាងនេះទៅទៀតគឺថា «សាធារណជនយល់ដឹងអំពីរឿងរ៉ាវពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងតួនាទីដែលធនាគារ និងក្រុមហ៊ុនច្បាប់ធំៗត្រូវធ្វើ។ តើអ្វីគឺជាផលប៉ះពាល់ដែលអាចកើតមាននៅក្នុងប្រទេសរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា ពួកយើងកំពុងតែឆ្ពោះទៅរកពិភពលោកមួយដែលកាន់តែមានតម្លាភាព ដែលបញ្ជីឈ្មោះសាធារណៈទាំងនេះកាន់តែច្រើនជាងមុន នឹងត្រូវបានគេប្រើប្រាស់»។
ការគំរាមកំហែងទៅលើអ្នកកាសែត
លោកស្រី Marina Walker Guevara បានមានប្រសាសន៍ថា ថ្វីដ្បិតតែសមាគម ICIJ មានឆន្ទៈនឹងនិយាយជាមួយនឹងរដ្ឋាភិបាលនានាក៏ដោយ ក៏ស្ថាប័ននេះមិនមានគោលការណ៍ចែករំលែកឯកសារ ឬបញ្ចេញឈ្មោះអ្នកកាសែតដែលអាចនឹងត្រូវគេគំរាមកំហែងនោះទេ។
ជាឧទាហរណ៍ លោកស្រី Khadija Ismayilova ដែលជាអ្នកកាសែតនៃវិទ្យុអឺរ៉ុបសេរី ត្រូវបានគេដាក់ពន្ធនាគារ បន្ទាប់ពីលោកស្រីបញ្ចេញជាសាធារណៈអំពីទ្រព្យសម្បត្តិរបស់ប្រធានាធិបតី Azerbaijan គឺលោក Ilham Aliyev នោះ។ វិទ្យុអឺរ៉ុបសេរី គឺជាផ្នែកមួយនៃគណៈអភិបាលនៃការផ្សព្វផ្សាយ BBG ដែលត្រួតពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរបស់សហរដ្ឋអាមេរិក ដោយរួមមានទាំង VOA ផងដែរ។
លោកស្រី Marina Walker Guevara បានថ្លែងថា «រដ្ឋាភិបាលជាច្រើនដាក់សំពាធយ៉ាងខ្លាំងនៅលើអ្នកកាសែត ដើម្បីបញ្ចេញ ឬចែករំលែកទិន្នន័យទាំងនោះជាមួយនឹងពួកគេ។ ពួកយើងបាននិយាយយ៉ាងច្បាស់ថា ឯកសារទាំងនោះគឺជារបស់សមាគម ICIJ ឬគ្រប់គ្រងដោយ ICIJ»។
លោកស្រី Marina Walker Guevara បាននិយាយថា ការសហការរបស់បណ្តាអ្នកកាសែតផ្តល់នូវ «ការការពារដល់ពួកគេ និងការការពារបណ្តាញអ្នកកាសែតទាំងមូល។ អ្នកអាចបិទមាត់អ្នកកាសែតម្នាក់បាន ប៉ុន្តែអ្នកមិនអាចបិទមាត់បណ្តាញអ្នកកាសែតទាំងមូលនោះទេ»។
លោកស្រីបានបញ្ជាក់ថា ទិន្នន័យនោះរួមបញ្ចូលទាំងព័ត៌មានអំពីប្រទេសតួកគី ដែលរដ្ឋាភិបាលប្រទេសនេះ បានបង្ក្រាបសេរីភាពសារព័ត៌មាន។ ជាឧទាហរណ៍ កាលពីសប្តាហ៍មុន និពន្ធនាយក និងប្រធានការិយាល័យកាសែត Cumhuriyet របស់ក្រុមប្រឆាំងនៅរដ្ឋធានីអង់ការ៉ា ត្រូវបានរកឃើញថា មានកំហុសចំពោះការបង្ហាញការសម្ងាត់របស់រដ្ឋ។ ទោះបីជាយ៉ាងណាក្តី លោកស្រី Walker Guevara បាននិយាយថា អ្នកកាសែតដែលពាក់ព័ន្ធជាមួយនឹង ICIJ និងដែលត្រូវបានគាំទ្រដោយបណ្តាញអ្នកកាសែតនៅបរទេស ខិតខំបំពេញការងាររបស់ខ្លួន។ នៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ អ្នកនឹងឃើញសេចក្តីរាយការណ៍នានាពាក់ព័ន្ធនឹងប្រទេសតួកគី»។
វីដេអូខ្លីបង្ហាញលោកស្រី Marina Walker Guevara បកស្រាយពីការផ្សព្វផ្សាយឯកសារសម្ងាត់នោះជាសាធារណៈ
Your browser doesn’t support HTML5
ការផ្លាស់ប្ដូរត្រូវបានស្នើឡើង
ដោយប្រតិកម្មឆ្លើយតបទៅនឹងការស៊ើបអង្កេតឯកសារសម្ងាត់ដែលបែកធ្លាយពីប្រទេសប៉ាណាម៉ានេះ កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីអាមេរិក Barack Obama បានស្នើឲ្យសភាអនុម័តលើច្បាប់មួយ ដែលនឹងធ្វើឲ្យកាន់តែមានតម្លាភាព និងកាត់បន្ថយអំពើពុករលួយ។ លោកក៏បានជំរុញថា ក្រុមហ៊ុនរបស់អាមេរិកទាំងអស់បញ្ចេញឈ្មោះម្ចាស់ក្រុមហ៊ុនរបស់ខ្លួន ដែលនឹងទទួលបានផលប្រយោជន៍ពីការគេចវេសពីការបង់ពន្ធ ហើយថា ធនាគារក្នុងស្រុកនិងក្រៅស្រុក ត្រូវតម្រូវឲ្យចែករំលែកព័ត៌មានជាមួយនឹងអ្នកអនុវត្តច្បាប់ ដែលប្រឆាំងនឹងអំពើពុករលួយ។
លោកស្រី Marina Walker Guevara បានបញ្ចេញមន្ទិលសង្ស័យចំពោះច្បាប់នេះ។ លោកស្រីបានមានប្រសាសន៍ថា «នៅពេលដែលអ្នកបង្កើតគោលនយោបាយព្យាយាមដោះស្រាយបញ្ហានេះ។ ពេលខ្លះ ពួកគេបែរជាបង្កើតបញ្ហាថ្មីទៅវិញ»។ លោកស្រីក៏បានលើកឡើងពីសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋដែលប្រឆាំងនឹងលោក Obama ហើយសកម្មភាពនយោបាយដែលស្វែងរកការគាំទ្រក្នុងឆ្នាំបោះឆ្នោតផង ទំនងនឹងក្លាយជាឧបសគ្គនៃដំណើរការនេះ។
រដ្ឋនានាក្នុងសហរដ្ឋអាមេរិក ក៏អាចបង្កើតឲ្យមានឧបសគ្គផងដែរ។ លោកស្រី Marina Walker Guevara បានបញ្ជាក់ថា សេចក្តីរាយការណ៍នានារបស់ ICIJ បង្ហាញថា រដ្ឋ Delaware រដ្ឋ Nevada និងរដ្ឋ Wyoming គឺជាកន្លែងសម្រាប់គេចវេសពីការបង់ពន្ធធំបំផុតនៅក្នុងពិភពលោក។
កាលពីថ្ងៃច័ន្ទ ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា សេដ្ឋវិទូរាប់រយនាក់ បានដាក់សម្ពាធលើរដ្ឋាភិបាលនានា ឲ្យបង្រ្កាបកន្លែងសម្រាប់គេចវេសពីការបង់ពន្ធ ដែលជាកន្លែងដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នកមាន និងធ្វើឲ្យមានវិសមភាពកាន់តែខ្លាំងក្លាជាងមុន។ សេដ្ឋវិទូទាំងនោះបានបង្ហាញពីការជំទាស់របស់ខ្លួននៅក្នុងលិខិតមួយ ដែលរៀបចំឡើងដោយអង្គការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ Oxfam ហើយនឹងត្រូវចេញផ្សាយជាសាធារណៈ មុនកិច្ចប្រជុំកំពូលស្តីពីអំពើពុករលួយអន្តរជាតិ នៅក្នុងទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍ទី១២នេះ។
លោកស្រី Marina Walker Guevara ក៏បានមានប្រសាសន៍ថា សេចក្តីរាយការណ៍របស់សមាគមអ្នកកាសែត ICIJ អំពីកន្លែងសម្រាប់គេចវេសពីការបង់ពន្ធបានអំពាវនាវឲ្យបង្កើតតម្លាភាពបន្ថែមទៀត និងបង្កើតបញ្ជីឈ្មោះជាសាធារណៈ។ ឯកសារទាំងនោះបានធ្វើឲ្យការវិនិយោគទុនមានការថយចុះ យ៉ាងហោចណាស់ក៏ជាបណ្តោះអាសន្នដែរ។ សំណួរគឺថា តើនេះគឺជាការផ្លាស់ប្ដូរក្នុងរយៈពេលវែងឬទេ? តើការផ្លាស់ប្ដូរនេះពិតជាស៊ីជម្រៅឬយ៉ាងណា?
ប្រែសម្រួលដោយ ហុង ចិន្តា