ក្រុមនិស្សិតសារព័ត៌មានរបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ២៤ ខែសីហាបានដាក់បញ្ចាំងខ្សែភាពយន្តឯកសារខ្លីចំនួន ១២ ដែលបង្ហាញពីតថភាពផ្សេងៗគ្នានៅក្នុងសង្គមកម្ពុជា។
ការដាក់បញ្ចាំងភាពយន្តឯកសារទាំង ១២ ដែលមានរយៈពេលសរុបប្រមាណជិត ១ ម៉ោង ជាផ្នែកមួយនៃការអនុវត្តគម្រោង «Project Three» របស់និស្សិតដែលបានសិក្សាមុខវិជ្ជាសារព័ត៌មានសោតទស្សន៍ និងផលិតវីដេអូ។
ភាពយន្តឯកសារខ្លីទាំង ១២ នោះ បានផ្តិតយកតថភាពជាក់ស្តែងដែលបានកើតមានឡើងនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដូចជាវប្បធម៌ សិល្បៈ ស្ថានភាពប្រឈមរបស់សារព័ត៌មាន ភាពជាអ្នកដឹកនាំស្ត្រីនៅក្នុងសហគមន៍ និងការទទួលបានការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្ររបស់ស្ត្រីដែលនៅមានកម្រិត។
ការចាក់បញ្ចាំងភាពយន្តឯកសារខ្នាតខ្លីនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញដោយមានការចូលរួមពីមនុស្សប្រមាណ ៣០០ នាក់ ក្នុងនោះមាននិស្សិត អ្នកកាសែត ផលិតករភាពយន្តអាជីព និងគ្រូបណ្តុះបណ្តាលមុខវិជ្ជាសារព័ត៌មាន និងមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកកិច្ចការព័ត៌មានផងដែរ។
ថ្លែងនៅក្នុងពិធីបើកការចាក់បញ្ចាំងភាពយន្តឯកសារខ្លីដែលជាស្នាដៃរបស់និសិ្សតឆ្នាំទី ៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ លោក អ៊ុង ប៊ុនអ៊ី ដែលជាប្រធានដេប៉ាតឺម៉ង់នោះ លើកឡើងថា ភាពយន្តឯកសារទាំងនោះជាសមិទ្ធផលរបស់និស្សិតដែលបានរៀនទាំងទ្រឹស្តី និងការចុះទៅអនុវត្តថតដោយ ផ្ទាល់នៅទីតាំងដែលត្រូវនឹងសាច់រឿងនៃភាពយន្តរបស់ពួកគេ។
លោកថ្លែងថា៖ «អ៊ីចឹងនៅក្នុងឆ្នាំនេះដូចគ្នា និស្សិតរបស់យើងបន្ទាប់ពីបានសិក្សាទ្រឹស្តីនៅថ្នាក់មួយមកគឺពួកគាត់បានធ្វើការជាក្រុមចុះស្រាវជ្រាវ ចុះថតនៅតាមទីតាំងផ្ទាល់នៅតាមរាជធានីខេត្តផ្សេងៗ ដែលឆ្នាំនេះពួកគាត់បានចុះទៅដល់ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ចាម ស្ទឹងត្រែង រតនៈគិរី ខេត្តកណ្តាល និងរាជធានីភ្នំពេញផ្ទាល់ដើម្បីផ្តិតយករឿងរ៉ាវជីវិតផ្សេងៗគ្នាចំនួន ១២ រឿង មកផលិតជាស្នាដៃភាពយន្តឯកសារខ្នាតខ្លី»។
បើតាមលោក អ៊ុង ប៊ុនអ៊ី ភាពយន្តឯកសារដែលយកមកចាក់បញ្ចាំងនោះបានបញ្ជាក់នូវភាពជោគជ័យនៃការបញ្ចប់មុខវិជ្ជាសារព័ត៌មានសោតទស្សន៍ និងផលិតវីដេអូរបស់និសិ្សត ដែលសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលមានរយៈពេលបួនឆ្នាំ នៅដេប៉ាតឺម៉ង់ DMC។
និស្សិតឆ្នាំទី ៣ លោក លី រូស្សឡាន អាយុ ២១ ឆ្នាំ ប្រាប់វីអូអេថា ក្រោយការផលិតវីដេអូភាពយន្តឯកសារនេះហើយ លោកទទួលបានការរៀនសូត្រជាច្រើនក្នុងនោះដូចជាការធ្វើការជាក្រុម និងការដោះស្រាយនូវបញ្ហានានាដែលកើតមានអំឡុងពេលដែលលោក និងក្រុមនិស្សិតចុះថតផ្ទាល់នៅតាមទីតាំងនីមួយៗ។
លោកថ្លែងថា៖ «ជាក់ស្តែងយើងបានត្រៀមមុនហើយ ទាំងកាលវិភាគ អ៊ីចឹងទាំងការធ្វើដំណើរហើយទីតាំងយើងបាន Scoop [ត្រួតពិនិត្យ] មើល ក៏ប៉ុន្តែជាក់ស្តែងនៅពេលដែលយើងចុះទៅផ្ទាល់ យើងជួបបញ្ហាផ្សេងទៀតដែលត្រូវដោះស្រាយភ្លាមៗដែលយើងអត់បានគិតទុកមុន»។
និស្សិតរូបនេះបន្តថា លោកបានជ្រើសរើសប្រធានបទបរិស្ថាន និងស្រ្តីជាអ្នកដឹកនាំដែលជាប្រធានបទសំខាន់នៅក្នុងសង្គមបច្ចុប្បន្ន។ លោក លី រូស្សឡានបន្តថា និស្សិតទាំងអស់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងគ្រូបង្គោលដើម្បីឱ្យវីដេអូភាពយន្តឯកសារផលិតចេញមកមានគុណភាព និងសុក្រឹតភាព។
និស្សិតឆ្នាំទី ៣ មួយរូបទៀត កញ្ញា ឈឹម ពេជ្របរមី អាយុ ២៣ ឆ្នាំ ប្រាប់វីអូអេថា កញ្ញាបានរៀនសូត្រជាច្រើនពីការផលិតភាពយន្តឯកសារនេះ ដោយកញ្ញាបានរៀនពីរបៀបនៃការកាត់តវីដេអូ និងការកាន់កាមេរ៉ាថត ដែលវានឹងក្លាយជាដើមទុនសម្រាប់កញ្ញាក្នុងការបន្តកិច្ចការងារនៅពេលអនាគត។
កញ្ញារៀបរាប់ថា៖ «វាមានសារៈសំខាន់សម្រាប់អនាគត។ យើងទៅ យើងប្រើការកាត់ត អីបាន ចេះយល់ដឹង Technical [បច្ចេកទេស] ហ្នឹងម៉េចៗខ្លះ។ ហ្នឹងជាអ្វីដែលខ្ញុំបានរៀនពីវគ្គហ្នឹង»។
រដ្ឋលេខាធិការក្រសួងព័ត៌មានលោក រស់ ថាន់សន កោតសរសើរក្រុមនិសិ្សត និងដេប៉ាតឺម៉ង់ DMC ចំពោះការដាក់បញ្ចាំងភាពយន្តឯកសារនេះ ហើយថា នេះជាការបង្ហាញពីការប្រើប្រាស់សិទ្ធិ និងសេរីភាពសារព័ត៌មានដែលត្រូវបានចែងក្នុងលិខិតបទដ្ឋានគតិយុត្តិនានានៃប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ក្នុងន័យនេះជាថ្មីម្តងទៀត ខ្ញុំសូមអរគុណទៅដល់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលសហការជាមួយបណ្តាដៃគូដើម្បីផលិត និងផ្សព្វផ្សាយភាពយន្តឯកសារខ្នាតខ្លី សម្រាប់ជាការរួមចំណែកលើកកម្ពស់ការទទួលព័ត៌មានជាសាធារណៈ និងចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យមានជំហរនឹងន វិជ្ជមានប្រកបដោយជំនឿទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន និងពេលអនាគត»។
បន្ទាប់ពីការសម្ពោធនៅថ្ងៃទី ២៤ ខែសីហានេះ ភាពយន្តឯកសារខ្នាតខ្លីរបស់និស្សិតឆ្នាំទី ៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នឹងដាក់បញ្ចាំងម្តងទៀតនៅវិទ្យាស្ថានបារំាងក្នុងខែកញ្ញាខាងមុខនេះ។
គួរបញ្ជាក់ថា គម្រោងភាពយន្តឯកសារ Project Three របស់និស្សិតឆ្នាំទី ៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ក្នុងគោលបំណងដាក់បង្ហាញស្នាដៃផលិតភាពយន្តឯកសាររបស់សិស្សនិស្សិត៕