ស្របពេលទិវាសេរីភាពសារព័ត៌មានពិភពលោកខិតចូលមកដល់នាថ្ងៃទី៣ ខែឧសភាខាងមុខនេះ មជ្ឈដ្ឋានសង្គមស៊ីវិលលើផ្នែកគាំពារសិទ្ធិសេរីភាពសារព័ត៌មានបន្តបង្ហាញការព្រួយបារម្ភ និងជំរុញឱ្យរដ្ឋាភិបាលពង្រឹងការពារលើសិទ្ធិ សុវត្ថិភាព និងប្រព័ន្ធផ្លូវច្បាប់ចំពោះបណ្តាញផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមានតិចតួចនៅកម្ពុជាបានរងការបង្រ្កាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧ គឺក្នុងអំឡុងពេលមានការចាប់ខ្លួនលោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំងធំមួយគឺ គណបក្សសង្គ្រោះជាតិ ហើយគិតចាប់តាំងពីនោះមកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបន្តស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភ។ នេះបើតាមវាយតម្លៃពីក្រុមអ្នកការពារសិទ្ធិសេរីភាពបញ្ចេញមតិក្នុងនិងក្រៅប្រទេសកម្ពុជា។
នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថា CCIM លោក អ៊ិត សូធឿត ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកមិនទាន់ឃើញវិវឌ្ឍនភាពដែលអាចយកជាការណ៍បានជុំវិញលម្ហសិទ្ធិសេរីភាពនៅកម្ពុជានោះទេ។
លោកបានថ្លែងថា៖ «ជាទិដ្ឋភាពរួមសម្រាប់ខ្ញុំ វាដូចជាមិនមានការផ្លាស់ប្តូរអីច្រើនជាដុំកំភួននោះទេ ដោយសារតែបញ្ហាប្រឈមចំពោះអ្នកសារព័ត៌មាននៅតែបន្តកើតមាន ហើយការឆ្លើយតបពីខាងក្រសួង និងរដ្ឋាភិបាលក៏ដូចជានៅដដែល ជាពិសេសពីសំណាក់អាជ្ញាធរ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ»។
ស្របពេលជាមួយគ្នានេះដែរ លោកជំរុញឱ្យអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធស្វែងយល់បន្ថែមទៀតពីតួនាទីរបស់សារព័ត៌មាន ជាពិសេសសារព័ត៌មានឯករាជ្យ ដែលជាធម្មតាតែងរាយការណ៍ពីការរិះគន់ ឬចំណុចអវិជ្ជមាន ឬភាពអសកម្មរបស់រដ្ឋាភិបាល។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ណុប វី សង្កេតឃើញថា មិនទាន់មានចំណុចណាមួយបង្ហាញថា មានភាពល្អប្រសើរខ្លាំងចំពោះសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះទេគិតមកទល់ពេលនេះ។
លោកបានលើកឡើងពីករណីរឹតត្បិតមួយចំនួនដែលបន្តកើតមានមកលើប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានក្នុងស្រុកដូចជា ការដកអាជ្ញាបណ្ណ ការមិនបន្តអាជ្ញាបណ្ណ បណ្តឹងតុលាការប្រឆាំងអ្នកសារព័ត៌មាន ការមិនទាន់ដោះលែង ឬទម្លាក់ចោលចោទប្រកាន់ប្រឆាំងអ្នកសារព័ត៌មានជាដើម។
អ្នកការពារសិទ្ធិអ្នកកាសែតរូបនេះ បានស្នើឱ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធធានាថា អ្នកសារព័ត៌មានមិនប្រឈមនឹងការធ្វើទុក្ខបុកម្នេញ អំឡុងពេលបំពេញវិជ្ជាជីវៈ និងទទួលបានការការពារសមស្របតាមផ្លូវច្បាប់។
លោកបាននិយាយថា៖ «អ្វីដែលរដ្ឋាភិបាលលោកអាចឆ្លើយតប អាចធ្វើបានដែរហ្នឹងគឺ ទាក់ទងនឹងការធានាថា មិនមានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានធ្វើទុក្ខបុកម្នេញ ឬមួយក៏ត្រូវបានវាយដំជាបន្តទៀត។ ហើយមួយវិញទៀត ខ្ញុំទទូច ខ្ញុំគិតថា ការប្រើប្រាស់ច្បាប់ក្រមព្រហ្មទណ្ឌប្រឆាំងនឹងអ្នកសារព័ត៌មានហ្នឹងក៏គួរតែបញ្ឈប់ផងដែរ»។
បើតាមសេចក្តីថ្លែងការណ៍កន្លងមករបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារំាង រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ក្រាបដោយមិនបន្ធូរដៃលើអង្គភាពសារព័ត៌មានឯករាជ្យក្នុងឆ្នាំ២០១៧ ដើម្បីបានក្រាញអំណាច។ អង្គការដដែលបានឱ្យដឹងទៀតថា កម្ពុជាស្ថិតនៅក្នុងចំណាត់ថា្នក់ទី១៤៤ ក្នុងចំណោម១៨០ប្រទេសនៃសន្ទស្សន៍សេរីភាពសារព័ត៌មានសាកលឆ្នាំ២០២១។
អ្នកសម្របសម្រួលគម្រោងលើកកម្ពស់និងការពារសេរីភាពខាងបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហួន ផន បាននិយាយថា យោងតាមរបាយការណ៍របស់អង្គការលោក សេរីភាពសារព័ត៌មាននៅកម្ពុជាមិនទាន់មានភាពសេរីក្នុងកម្រិតល្អប្រសើរមួយនៅឡើយទេ ខណៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសប្រព័ន្ធផ្សព្វផ្សាយនិងអាជ្ញាធរឯករាជ្យកំពុងប្រឈមនឹងការរឹតត្បិតផ្សេងៗពីសំណាក់អាជ្ញាធរ។
លោកលើកទឹកចិត្តឱ្យអាជ្ញាធរក្នុងវិស័យសារព័ត៌មាន ពិនិត្យមើលនិងកែលម្អបទដ្ឋានគតិយុត្តិនានា ដែលត្រូវបានយកមកប្រើប្រាស់ក្នុងបែបផែនមួយដែលដាក់សម្ពាធ ឬរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន។ លោកក៏បានអំពាវនាវឱ្យប្រព័ន្ធតុលាការមានការថ្លឹងថ្លែងឱ្យស្មើភាពរវាងបទចោទប្រកាន់ និងសេរីភាពសារព័ត៌មានផងដែរ។
លោកបានថ្លែងថា៖ «ម្ល៉េះហើយ គួរតែមានការថ្លឹងថ្លែងរវាងការចោទប្រកាន់ ហើយជាមួយនឹងសេរីភាពសារព័ត៌មាន។ បើមិនអ៊ីចឹងទេ សេរីភាពសារព័ត៌មានហ្នឹង អ្នកសារព័ត៌មានហ្នឹង មែនទែនទៅ ពិបាកក្នុងការរាយការណ៍ ឬធ្វើបទយកការណ៍ណាមួយ ដែលជាប្រយោជន៍សាធារណៈ»។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោក ចេញកាលពីថ្ងៃទី២៧ ខែមេសា បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ត្រូវបានរងការដៅមុខសញ្ញា និងសេរីភាពសារព័ត៌មានបានរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សេចក្តីថ្លែងការណ៍បានបន្តថា អ្នកសារព័ត៌មានធ្វើការនៅក្នុងប្រទេសតែងតែរងការបំភិតបំភ័យ ឃ្លាំមើល គំរាម និងយាយីតាមប្រព័ន្ធតុលាការចំពោះការបំពេញការងារស្របច្បាប់របស់ខ្លួន។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានច្រានចោលការលើកឡើងពីមជ្ឈដ្ឋានសង្គមស៊ីវិលធ្វើការផ្នែកគាំពារសិទ្ធិសេរីភាពសារព័ត៌មានដែលបានរិះគន់ពាក់ព័ន្ធនឹងការរឹតត្បិតលម្ហសេរីភាពសារព័ត៌មាន និងការបំពេញការងាររបស់អ្នកសារព័ត៌មាននៅកម្ពុជា។
លោកបានផ្តល់ការអត្ថាធិប្បាយជាសារតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមក្នុងន័យដើមថា៖ «សេរីភាពសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធានាការពារយ៉ាងគត់មុត ដោយច្បាប់របបសារព័ត៌មាន ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា ស្របតាមរដ្ឋធម្មនុញ្ញ។ តាមរយៈនេះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន គ្រប់និន្នាការនិងពហុនិយម អាចបំពេញតួនាទី ភារកិច្ច និងអនុវត្តសេរីភាពរបស់ពួកគេដោយសេរី និងស្មើភាពគ្នា បានគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងពុំមានការរើសអើង ឬបំពានសិទ្ធិសេរីភាព ឬការគំរាមកំហែងនោះទេ»។
អំឡុងខែមេសានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញរបាយការណ៍ថ្មីមួយដោយបង្ហាញថា សិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់អ្នកការពារសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន បាន«រងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ»នៅចន្លោះខែកញ្ញា ឆ្នាំ២០២០ដល់ខែសីហាឆ្នាំ២០២១។
របាយការណ៍ជាភាសាខ្មែរ កម្រាស់៦៦ទំព័រ ចេញផ្សាយនៅខែមេសានេះ ឱ្យដឹងថា ស្ថាប័នសារព័ត៌មានចំនួន៧ ត្រូវបានដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានយ៉ាងហោចណាស់៩នាក់ និងអ្នកការពារសិទ្ធិមនុស្ស១៧នាក់ ទទួលរងនូវផលប៉ះពាល់ពី«ការគាបសង្កត់មិនឈប់ឈរ» និង«គោលការណ៍មិនអត់ឱនចំពោះមតិរិះគន់ពីសំណាក់រដ្ឋាភិបាល»។ ការគាបសង្កត់នោះនៅក្រោមរូបភាពប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ដូចជាការកោះហៅដោយអាជ្ញាធរ ការសួរចម្លើយ ការចាប់ខ្លួន ការឃុំខ្លួន ការបង្ខំឱ្យចុះកិច្ចសន្យា ការចោទប្រកាន់ និងការផ្តន្ទាទោស។
តាមរយៈរបាយការណ៍នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានជំរុញឱ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ដូចជា ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឱ្យស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ និងត្រូវពិនិត្យមើលច្បាប់ផ្សេងទៀតដែលប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ឱ្យអនុលោមតាមច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន និងលុបចោលអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិជាដើម៕