ប្រទេសហ្ស៊កដានី បានក្លាយជាប្រទេសដំបូងបំផុតមួយក្នុងពិភពលោកដែលចាប់ផ្តើមការផ្តល់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាទៅដល់ជនភៀសខ្លួនដែលបានចុះឈ្មោះជាមួយនឹងអង្គការសហប្រជាជាតិ។ នេះ បើយោងតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និងព្រះបរមរាជវាំងហ្ស៊កដានី។
ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងផ្តល់វ៉ាក់សាំងថ្នាក់ជាតិរបស់ប្រទេសនេះ ជនគ្រប់រូបដែលរស់នៅក្នុងប្រទេសនេះ រួមទាំងជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនផងដែរ មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។ ប្រទេសហ្ស៊កដានីជាប្រទេសទទួលយកជនភៀសខ្លួនរាប់សែននាក់ដោយសារតែជម្លោះនៅក្នុងតំបន់ ដូចជានៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ យេម៉ែន និងលីប៊ី។
ជនភៀសខ្លួនប្រមាណ៨០%ដែលកំពុងជ្រកកោនពីជម្លោះនៅក្នុងបណ្តាប្រទេសក្នុងតំបន់ រស់នៅក្នុងតំបន់ទីប្រជុំជននៃប្រទេសហ្ស៊កដានី ហើយពួកគេ នឹងទទួលបានវ៉ាក់សាំងនៅក្នុងគ្លីនិកសុខភាពមូលដ្ឋានទាំងនោះ។ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងសុខាភិបាលហ្ស៊កដានី ដើម្បីគ្រប់គ្រងការផ្តល់វ៉ាក់សាំងទៅដល់អ្នកដែលស្ថិតនៅក្នុងជំរំ Zaatari និង Azraq សម្រាប់ជនភៀសខ្លួនស៊ីរី។
លោក Francesco Burt អ្នកនាំពាក្យប្រចាំនៅហ្ស៊កដានីនៃឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ហៅកាត់ថា UNHCR បានប្រាប់ VOA ថា កាលពីថ្ងៃទី១៣ ខែមករា ជនភៀសខ្លួនអ៊ីរ៉ាក់ និងស៊ីរីចំនួន៤៣នាក់ ជាក្រុមជនភៀសខ្លួនដំបូងដែលទទួលបានវ៉ាក់សាំងនៅក្នុងក្រុង Irbid និង Mafraq ដែលស្ថិតនៅភាគខាងជើងនៃប្រទេស និងនៅជិតព្រំដែនជាមួយស៊ីរី។
លោក Francesco Burt បាននិយាយក្នុងន័យដើមថា៖ «ប៉ុន្តែមានមនុស្សច្រើនជាងនេះបានចុះឈ្មោះ។ មានគេហទំព័ររបស់រដ្ឋាភិបាលមួយ ដែលជាកន្លែងមនុស្សគ្រប់គ្នាត្រូវចុះឈ្មោះ។ រហូតមកដល់ពេលនេះ មានមនុស្សប្រមាណ ២៥០.០០០នាក់ បានចុះឈ្មោះ រួមទាំងជនភៀសខ្លួនផងដែរ។ នេះពិតជាត្រូវពឹងផ្អែកលើចំនួនវ៉ាក់សាំងដែលរដ្ឋាភិបាលហ្ស៊កដានីមាន។ រដ្ឋាភិបាលមានប្រមាណជា៣លានដូសមកដល់ពេលនេះ។ ដូច្នេះ ពួកគេមានគម្រោងផ្តល់ឱ្យប្រជាជនចំនួនប្រមាណ២៥% នៅក្នុងខែបន្តបន្ទាប់»។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា ប្រទេសហ្ស៊កដានី បានដាក់បញ្ចូលជនភៀសខ្លួនទៅក្នុងផែនការឆ្លើយតបថ្នាក់ជាតិរបស់ខ្លួន ចាប់តាំងពីពេលចាប់ផ្តើមការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ លោក Dominik Bartsch ដែលជាអ្នកតំណាងរបស់ទីភ្នាក់ងារ UNHCR ប្រចាំនៅប្រទេសហ្ស៊កដានីបាននិយាយថា៖ «ដើម្បីកាត់បន្ថយការរាតត្បាតនៃជំងឺកូវីដ១៩ ឥឡូវនេះ វាជាការចាំបាច់ដែលអ្នកដែលងាយរងគ្រោះបំផុតនៅក្នុងសង្គមរបស់យើងនិងនៅជុំវិញពិភពលោក អាចទទួលបានវ៉ាក់សាំង មិនថាពួកគេមកពីកន្លែងណានោះទេ»។
ជំងឺកូវីដ១៩ គឺជាជំងឺដែលបង្កដោយវីរុសកូរ៉ូណា។
លោក Burt បាននិយាយថា ការរាតត្បាតនៃជំងឺកូវីដ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់ការតាំងទីលំនៅឡើងវិញទៅកាន់ប្រទេសផ្សេងនៅប្រទេសលោកខាងលិច។
លោក Burt បាននិយាយក្នុងន័យដើមថា៖ «នេះជាផ្នែកនៃបញ្ហាជាមួយនឹងជំងឺកូវីដ១៩ និងការរឹតត្បិតការធ្វើដំណើរ។ ប៉ុន្តែយើងបានមើលឃើញប្រទេសមួយចំនួន ចាប់ផ្តើមដំណើរការឡើងវិញហើយ។ វាពិតជាពឹងផ្អែកលើបទប្បញ្ញត្តិរបស់ប្រទេសទាំងនោះ ហើយវាផ្លាស់ប្តូរលឿនណាស់។ ពួកគេ រកឃើញនូវការបំលែងមេរោគថ្មី អ៊ីចឹងហើយអ្វីៗត្រូវពឹងផ្អែកខ្លាំងលើការរកឃើញនេះ។ ប៉ុន្តែជនភៀសខ្លួនមួយចំនួនបានចាកចេញកាលពីប៉ុន្មានខែមុនរួចហើយ ប៉ុន្តែមិនច្រើននោះទេ។ អ្វីៗពឹងផ្អែកលើការផ្តល់វ៉ាក់សាំង និងបទប្បញ្ញត្តិនៅក្នុងប៉ុន្មានខែខាងមុខ»។
ទីភ្នាក់ងារ UNHCR និយាយថា ចំនួនជនភៀសខ្លួនដែលឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសហ្ស៊កដានីនៅតែមានចំនួនទាប ក្នុងអត្រា១,៦% បើប្រៀបធៀបទៅនឹងអត្រា៣%ក្នុងចំណោមប្រជាជនទូទៅ។ ប៉ុន្តែអត្រាភាពក្រីក្រក្នុងចំណោមជនភៀសខ្លួន បានកើនឡើងចំនួន១៨% ចាប់តាំងពីពេលផ្ទុះឡើងនៃការរាតត្បាតនៅក្នុងខែមីនា ឆ្នាំមុនមកម៉្លេះ។ ទាំងរដ្ឋាភិបាលហ្ស៊កដានី និងអង្គការសហប្រជាជាតិនិយាយថា ពួកគេត្រូវការមូលនិធិបន្ថែមដើម្បីជួយដល់ជនភៀសខ្លួនជាង១,៥លាននាក់ដែលរស់នៅក្នុងប្រទេសនេះ។ ទីភ្នាក់ងារ UNHCR ប្រចាំប្រទេសហ្ស៊កដានីកំពុងអំពាវនាវរកជំនួយក្នុងទឹកប្រាក់ចំនួន៣៧០លានដុល្លារដើម្បីជនភៀសខ្លួន៕