ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិក Johnson & Johnson បានផ្អាកកម្មវិធីសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងដំណាក់កាលចុងក្រោយរបស់ខ្លួន បន្ទាប់ពីអ្នកទទួលវ៉ាក់សាំងម្នាក់ ធ្លាក់ខ្លួនឈឺដោយមិនដឹងពីមូលហេតុច្បាស់លាស់។
ការផ្អាកនេះ ត្រូវបានផ្សព្វផ្សាយដំបូងកាលពីថ្ងៃចន្ទ ដោយគេហទំព័រព័ត៌មានសុខភាពStat ដែលទទួលបានឯកសារមួយ ដែលក្រុមហ៊ុនផលិតឱសថនេះ បានផ្ញើទៅឲ្យអ្នកស្រាវជ្រាវនៅក្រៅក្រុមហ៊ុននោះ។
ក្រុមហ៊ុន Johnson & Johnson ទើបបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងទ្រង់ទ្រាយធំសម្រាប់វ៉ាក់សាំងសាកល្បងដែលចាក់តែមួយលើករបស់ខ្លួន។ ការសាកល្បងនេះ មានអ្នកស្ម័គ្រចិត្តចូលរួមទទួលវ៉ាក់សាំងចំនួន៦ម៉ឺននាក់ ក្នុងទីតាំង២០០កន្លែងផ្សេងៗគ្នា ក្នុងសហរដ្ឋអាមេរិក និងក្រៅប្រទេស ដែលក្នុងនោះមានប្រទេសអាហ្សង់ទីន ប្រេស៊ីល ឈីលី ម៉ិកស៊ិក និងប្រទេសអាហ្រ្វិកខាងត្បូងផងដែរ។
ក្រុមហ៊ុនផលិតឱសថនេះ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា អ្វីដែលខ្លួនហៅថាជា«ព្រឹត្តិការណ៍មិនល្អ» ដូចជាការធ្លាក់ខ្លួនឈឺ និងហេតុការណ៍ផ្សេងៗនោះ ត្រូវគេរំពឹងទុកជាមុន ថាអាចនឹងកើតមានឡើងក្នុងពេលសាកល្បង ជាពិសេសក្នុងពេលដែលមានអ្នកចូលរួមទទួលវ៉ាក់សាំងសាកល្បង ក្នុងចំនួនដ៏ច្រើននោះ។
ដោយសារវ៉ាក់សាំងរបស់ Johnson & Johnson នេះតម្រូវឲ្យចាក់តែមួយដូសនោះ វាមានប្រៀបលើវ៉ាក់សាំងសាកល្បងកូវីដ១៩ ចំនួនបីផ្សេងទៀត ដែលតម្រូវឲ្យមានការចាក់សាកល្បងចំនួន២ដងនោះ។ ប្រភេទវ៉ាក់សាំងដែលត្រូវចាក់តែម្តងនេះ មិនចាំបាច់រក្សាទុកក្នុងសីតុណ្ហភាពត្រជាក់កកនោះទេ ហើយមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់មហាជន៕