លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានផ្ញើសារមួយច្បាប់ជូនពរដល់ប្រជារាស្ត្រខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្នុងពេលខាងមុខនេះ។
សារនេះមានសេចក្តីទាំងស្រុងថា៖
ក្នុងនាមលោកប្រធានាធិបតីអូបាម៉ានិងប្រជារាស្ត្រអាមេរិកាំង ខ្ញុំសូមជូនពរដ៏កក់ក្តៅបំផុតដល់ប្រជារាស្ត្រនៃប្រទេសកម្ពុជាសូមឱ្យមានឆ្នាំថ្មីខ្មែរមួយប្រកបដោយសុវត្ថិភាពនិងការសប្បាយរីករាយ។
ស.រ.អា.និងប្រទេសកម្ពុជាមានចំណងទាក់ទងគ្នាខ្លាំងនិងជាប់លាប់ផ្អែកលើគ្រឹះនៃពាណិជ្ជកម្ម សន្តិសុខក្នុងតំបន់និងការផ្លាស់ប្តូរគ្នារវាងប្រជារាស្ត្រនិងប្រជារាស្ត្រ។ ថាមពលនិងការសាទររបស់ក្រុមយុវជននៃប្រទេសកម្ពុជាជាការលើកទឹកចិត្តមួយសម្រាប់ខ្ញុំ ក៏ដូចជាសម្រាប់លោកស្រី Michelle
Obama ដែរនៅក្នុងឱកាសទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកស្រីកាលពីខែមីនា។ ខ្ញុំមានមោទនភាពដល់ភាពជាដៃគូរបស់យើងជាមួយប្រជារាស្ត្រខ្មែរក្នុងការកសាងអនាគតមួយមានភាពសុខសាន្ត មានភាពសំបូររុងរឿងនិងប្រកបដោយលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជារាស្ត្រគ្រប់ៗគ្នា។
ខ្ញុំសូមជូនពរមហាប្រសើរដល់ប្រជារាស្ត្រខ្មែរគ្រប់ៗរូបក្នុងថ្នាំថ្មីនេះ៕