លោក​ Joe Biden ទទួល​ការ​គាំ​ទ្រ​ពីលោក Kerry

រដ្ឋលេខាធិការលោក​ John Kerry និយាយ​ជាមួយ​នឹង​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៥។

លោក John Kerry អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសសហរដ្ឋ​អាមេរិកនិងជា​បេក្ខជនប្រធានាធិបតី​សហរដ្ឋ​អាមេរិកខាង​គណបក្ស​ប្រជាធិបតេយ្យ​កាលពីឆ្នាំ២០០៤ គាំទ្រ​លោក​ Joe Biden សម្រាប់​តំណែង​ប្រធានាធិបតី​ ដោយ​បង្ហាញហេតុផល​បទពិសោធន៍អន្តរជាតិ​របស់លោកលោកអតីត​អនុប្រធានាធិបតីរូបនេះគួរ​តែ​ជា​កត្តា​សម្រេចចិត្ត​សម្រាប់ក្រុមអ្នកបោះឆ្នោត​អាមេរិកាំង​នៅឆ្នាំ២០២០។

ក្រុម​អ្នកឃោសនា​បោះឆ្នោត​ជូនលោក​ Biden បានបញ្ចេញ​ការគាំទ្រ​របស់លោក Kerry នៅពេលពួក​គេបន្ត​រឹះគន់លោកប្រធានាធិបតី​ Donald Trump ថា​ជា​អគ្គមេបញ្ជាការ​កង​យោធពល​និងជា​ប្រមុខរដ្ឋម្នាក់​ដែលអាចនាំ​ឱ្យមាន​គ្រោះថ្នាក់និង​មិនទៀងទាត់។ ក្រុម​អ្នកឃោសនា​បោះឆ្នោតជូនលោក Biden បាន​ពង្រឹង​ការនិយាយបង្ហាញ​ហេតុផល​នេះ​កាលពីថ្ងៃពុធជាមួយ​ការឃោសនា​មួយតាម​បណ្តាញ​ Internet ដែល​បង្ហាញ​វីដេអូមួយ​អំពី​មេដឹកនាំ​ឯទៀតៗ​ក្នុងពិភព​លោកចំអក​ឱ្យលោក Trump នៅ​ក្នុង​ពិធី​បដិសណ្ឋារកិច្ចមួយ​នៅ​ក្នុង​វាំង Buckingham ដែលបានធ្វើឡើង​ជាមួយ​សន្និសីទ​កំពូលនៃ​អង្គការអូតង់។

លោក Kerry បានមានប្រសាសន៍​នៅក្នុងសេចក្តីថ្លែងការណ៍​មួយថា«ខ្ញុំ​មិនដែល​ឃើញពីមុនថា​ពិភពលោក​ត្រូវការ​ជាងមុន​នូវមនុស្សម្នាក់ដែល​នៅថ្ងៃ​ដំបូង​អាចចាប់ផ្តើមការងារ​ដ៏ពិបាក​ដើម្បី​បង្រួបបង្រួម​ពិភពលោកដែល Donald Trump បានបំបែកបំបាក់»។

ការណ៍នេះ​បន្ទរសេចក្តី​ថ្លែងមានការទះដៃ​អបអរសាទរដែលលោក Biden បានប្រើជា​ញឹកញយ​នៅ​ពេលលោកធ្វើការ​ឃោសនា​បោះឆ្នោត។

លោក Biden បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​«ប្រធានាធិបតី​បន្ទាប់​នឹង​ទទួល​ថ្មបាក់​នូវ​ពិភពលោកមួយ​ដែលមាន​ភាពច្របូក​ច្របល់»ដោយលោក​បានសរសើរ​បទ​ពិសោធន៍ខាង​គោល​នយោបាយ​ការបរទេសច្រើន​ទសវត្សរ៍​របស់​លោកក្នុង​ឋានៈលោកជា​សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកប្រចាំរដ្ឋ​ Delaware ៦ អណត្តិ​និងជា​អនុប្រធានាធិបតី​ចំនួន​ពីរ​អណត្តិ​ផងដែរ៕