ពលករកម្ពុជាចំនួន២០១នាក់កំពុងស្វែងរកជំនួយផ្លូវច្បាប់ពីអង្គការការពារសិទ្ធិមនុស្សក្នុងស្រុក ដើម្បីទាមទារសំណងជាថវិកាចំនួន៨០.៤០០ដុល្លារសហរដ្ឋអាមេរិក ដែលពួកគេបានបង់ទៅឲ្យក្រុមហ៊ុនក្នុងស្រុកចំនួនពីរជាថ្នូរនឹងការរកការងារឲ្យពួកគេធ្វើនៅប្រទេសជប៉ុន និងបានចេញទៅបម្រើការងារនៅប្រទេសជប៉ុនហើយនាំពួកគេទៅធ្វើការនៅទីនោះ។
ការទាមទារសំណងរបស់ពួកគេធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Rice Natural Co.,Ltd. និងក្រុមហ៊ុន Century Cambodia Manpower Co., Ltd. ខកខានមិនបានបំពេញតាមការសន្យាដែលថា នឹងនាំពួកគេទៅធ្វើការក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់នៅប្រទេសជប៉ុនក្នុងពេលប្រាំមួយខែយ៉ាងយូរ។
អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី កុមារ និងការដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការរបស់សមាគមអាដហុក បានថ្លែងប្រាប់វីអូអេជាខេមរភាសាថា សមាគមរបស់អ្នកស្រីនឹងស្នើសុំជួបលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នៅពាក់កណ្តាលខែនេះ ដើម្បីដកយកប្រាក់តម្កល់របស់ក្រុមហ៊ុនទាំងពីរមក ទូទាត់សងទៅពលករខាងលើ ក្រោយពីសមាគមលោកស្រីទទួល បានពាក្យបណ្តឹងរបស់ពួកគេកាលពីដើមខែមេសាឆ្នាំ២០១៥នេះ។
អ្នកស្រីបាននិយាយថា៖ «ខាងខ្ញុំនឹងស្នើសុំជួបជាមួយរដ្ឋមន្ត្រី ដើម្បីជួយជំរុញដោយដកប្រាក់តម្កល់ចំនួន១០ម៉ឺនដុល្លារ យកទៅទូទាត់ឲ្យខាងជនរងគ្រោះ»។
សមាគមអាដហុកក៏បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ដោយថ្លែងថា ប្រធានក្រុមហ៊ុនទាំងពីរដែលទទួលបានអាជ្ញាបណ្ណពីរដ្ឋាភិបាល បានទម្លាក់ស្លាកសញ្ញាក្រុមហ៊ុនចោល និងមិនគោរពទៅតាមការសន្យារបស់ខ្លួនក្នុងការបញ្ជូនពលករកម្ពុជាទាំងនេះទៅកាន់ប្រទេសជប៉ុន ទេ ខណៈ ពេលដែលពលករចាប់ផ្តើមដាក់ពាក្យបណ្តឹង។
ក្រសួងការងារបានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១០ខែមេសាដើម្បីស្នើឲ្យអគ្គនាយកក្រុមហ៊ុនទាំងពីរផ្អាកសកម្មភាពជ្រើសរើសពលករថ្មីរហូតដល់មានដំណោះស្រាយជាមួយពលករ មិនឲ្យលើសពី៤៥ថ្ងៃ។ នេះបើតាមការបញ្ជាក់ពីអ្នកស្រីសុគន្ធា។
អ្នកស្រីសុគន្ធាបានបន្តថា៖ «ក្នុងចំណោម២០១នាក់ហ្នឹង មានជនរងគ្រោះភាគច្រើនគឺគាត់បានខ្ចីលុយពីធនាគារ ឬអ្នករកស៊ីចងការប្រាក់នៅក្នុងតម្លៃការប្រាក់ខ្ពស់»។
អ្នកស្រីបន្តទៀតថា៖ «គាត់ប្រឈមមុខនឹងធនាគារធ្វើការរឹបអូសផ្ទះគាត់ ឬក៏ដីស្រែរបស់គាត់ ដោយសារពេលដែលគាត់អត់ទាន់បានចេញទៅធ្វើការនៅក្រៅ គាត់អត់មានលុយសម្រាប់បង់ការប្រាក់ដើមឲ្យគេវិញ»។
VOA បានព្យាយាមទំនាក់ទំនងទៅកាន់លោកជាវ ផល្លី នាយករងនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៅឯក្រសួងមហាផ្ទៃដើម្បីសុំការបំភ្លឺ តែមិនអាចទាក់ទងបានទេ ដោយសារលោកពុំបានលើកទូរស័ព្ទ។ ចំណែកឯទូរស័ព្ទរបស់ អ្នកនាំពាក្យនៅក្រសួងការងារគឺលោកហេង សួ ក៏ពុំអាចទំនាក់ទំនងបានដែរ។
លោកនូ នឹម ប្រធានមន្ទីរការងារក្រុងភ្នំពេញ បានបដិសេដមិនធ្វើអត្ថាធិប្បាយ ទេ រួចហើយលោកបង្វែរសំណួរទៅកាន់ក្រសួងការងារវិញ។
លោកនិយាយថា៖ «សូមលោកទាក់ទងទៅខាងក្រសួងការងារ។ វាមិនពាក់ព័ន្ធសមត្ថកិច្ចខាងមន្ទីរខ្ញុំទេ»។
VOA ក៏បានព្យាយាមទាក់ទងសុំការបញ្ជាក់ពីលោកហែម ប៊ុននី ប្រធាននាយកដ្ឋានពលករ និងការងារនៃក្រសួងការងារ ហើយក៏ពុំអាចទាក់ទងបានដែរ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។ VOA ក៏បានទាក់ទងតាមទូរស័ព្ទទៅលោកជួប ណារុធ អនុប្រធាននាយកដ្ឋាននេះ តែទូរស័ព្ទរបស់លោកមិនដំណើរការ។
កញ្ញារៃ ថារាជ្យ អាយុ២១ឆ្នាំ ដែលជាពលកររងគ្រោះមកពីខេត្តកណ្តាល បាននិយាយថា កញ្ញាទាមទារឲ្យក្រុមហ៊ុន Rice Natural Co.,Ltd. ប្រគល់ប្រាក់មួយចំនួនមកវិញ ក្រោយពេលដែលក្រុមហ៊ុននេះ មិនធ្វើតាមការសន្យាដែលថា នឹងនំាកញ្ញាទៅធ្វើការនៅប្រទេសជប៉ុន ក្នុងកំឡុងពេលប្រាំមួយខែគិតចាប់ពីខែធ្នូឆ្នាំ ២០១៤ រហូតមកដល់ពេលកញ្ញាដាក់ពាក្យប្តឹងមកសមាគមសិទ្ធិមនុស្សអាដហុក នៅខែមេសាឆ្នាំ២០១៥នេះ។
កញ្ញានិយាយថា៖ «ខ្ញុំចង់ទាមទារលុយមួយចំនួន ហើយនិងលិខិតឆ្លងដែនរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត តែធ្វើម៉េចគេធ្វើអញ្ចឹង[ការបោកប្រាស់]ទៅហើយ»។
VOA បានទូរស័ព្ទទៅលោកប្រធានក្រុមហ៊ុនទាំងពីររូបគឺលោកផុន សុវណ្ណារិទ្ធិនៃក្រុមហ៊ុនRice Natural Co.,Ltd. និងលោកដុល យុទ្ធនៃក្រុមហ៊ុន Century Cambodia Manpower Co., Ltd. តែអ្នកទទួលទូរស័ព្ទមិននិយាយ រួចហើយអ្នកផ្សេងលើកជំនួស។
លោកឌី ថេហូយ៉ា មន្រ្តីកម្មវិធីការងារនៅឯមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ពុំទទួលបានបណ្តឹងពីករណីនៃការបោកប្រាស់ពលករខ្មែរទាំង២០១នាក់ដែលក្រុមហ៊ុនសន្យាយកទៅធ្វើការនៅប្រទេសជប៉ុននោះទេ ប៉ុន្តែលោកមើលឃើញថា ករណីនេះជាករណីដដែលៗ ដែលពលករបានជួបប្រទះ ពីព្រោះរដ្ឋាភិបាលខ្វះយន្តការតាមដាន អង្កេតក្រុមហ៊ុន ដែលនាំពលករកម្ពុជាទៅក្រៅប្រទេស។
លោកនិយាយថា៖ «ខ្ញុំលើកឧទាហរណ៍ងាយៗសម្រាប់ឲ្យយើងយល់ ដូចជានៅប្រទេសថៃអញ្ចឹងគឺក្រសួងការងារគេមានការចាត់ចែងច្បាស់លាស់ ដូចជាមុននឹងបញ្ជូនកម្មករទៅតាមរយៈក្រសួងការងាររបស់គេ គេមានអនុព័ន្ធការងាររបស់គេ។ ឧទាហរណ៍បើសិនគេបញ្ជូនទៅប្រទេសតៃវ៉ាន់ គេត្រូវតែដឹងថា មានក្រុមហ៊ុនចំនួនប៉ុន្មាន? តម្រូវការប៉ុន្មាន? ហើយក្រុមហ៊ុនហ្នឹងវាធ្វើការលើអីខ្លះ? ហើយគេឲ្យភ្នាក់ងារជ្រើសរើសពលករនៅប្រទេសគេហ្នឹង។ ដូចថា ក្រុមហ៊ុនកត្រូវទទួលប៉ុន្មានដើម្បីជ្រើសរើសបុគ្គលិកទៅ។ គេបញ្ជាក់ផ្នែកការងារអីខ្លះ។ គេច្បាស់លាស់ផ្នែកហ្នឹង។ ប៉ុន្តែយើងហាក់ដូចជាមិនបានយកចិត្តទុកដាក់ក្នុងរឿងហ្នឹងទេ»។
VOA ក៏បានព្យាយាមទាក់ទងសុំការបំភ្លឺពីមន្រ្តីស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា តែមិនមានការឆ្លើយតបតាមសារអេឡិចត្រូនិក ឬអ៊ីម៉េលដើម្បីបញ្ជាក់ថា តើក្រុមហ៊ុនក្នុងស្រុកទាំងពីរបានទំនាក់ទំនងទៅស្ថានទូតក្នុងការនាំយកពលករកម្ពុជាទៅប្រទេសជប៉ុន ឬយ៉ាងនោះឡើយ។
ដោយឡែកនៅដើមសបា្តហ៍ខាងមុខនេះដែរ ពលរដ្ឋកម្ពុជាចំនួន៥៨នាក់ គ្រោងចាកចេញពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាវិញ បន្ទាប់ពីពួកគេ ត្រូវបានជួយសង្គ្រោះពីការបោកប្រាស់ឲ្យទៅធ្វើកម្មករនេសាទរបស់ថៃ៕