កូរ៉េ​ខាង​ត្បូង​ភិតភ័យ​ខណៈ​ករណី​​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​កើន​​យ៉ាង​គំហុក​បី​ថ្ងៃ​ជាប់ៗ​គ្នា

បុរស​ម្នាក់​​ពាក់​ម៉ាស់​ឲ្យ​ក្មេង​ប្រុស​ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី Covid-19 នៅ​សង្កាត់​ពាណិជ្ជកម្ម Myeongdong ក្នុង​ទីក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០។

អាជ្ញាធរ​រដ្ឋធានី​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ហាម​ឃាត់ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ និង​ការ​ប្រមូល​ផ្តុំ​គ្នា​នៃ​ក្រុមសាសនិក​ផ្សេងៗ ដែល​ជា​កន្លែង​ងាយ​ឆ្លង​រាលដាល​នូវ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ហៅ Covid-19 ខណៈ​ដែលមេរោគ​ថ្មី​បន្ត​រាលដាល​ទូទាំង​ប្រទេស។​

​មាន​មនុស្ស​១០០​នាក់​ថ្មី​ទៀត​បាន​ធ្វើ​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​ថា​មាន​វីរុស​ Covid-19 ដែល​ធ្វើ​ឲ្យ​ចំនួន​សរុបនៃ​ឆ្លង​មេរោគ​នេះ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កើន​ដល់​២០៤​នាក់ នៅ​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ នេះ​បើ​តាម​មជ្ឈមណ្ឌល​កូរ៉េ​សម្រាប់​ការ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ឆ្លង។​

ថ្វី​បើ​មន្ត្រី​កូរ៉េ​ខាង​ត្បូង ទទូច​ថា ការ​ផ្ទុះ​រាលដាល​នៃវីរុស​ថ្មី​នេះ​នៅ​«អាច​គ្រប់គ្រង​បាន‍» ក៏​ចំនួន​នៃ​អ្នក​បាន​ឆ្លង​មេរោគ​ថ្មី​នេះ​បាន​កើនទ្វេ​ដង​ក្នុង​ការ​រយៈ​ពេល​បី​ថ្ងៃ​ចុង​ក្រោយ​ជាប់ៗ​គ្នា។​

ភាគ​ច្រើន​នៃករណីឆ្លង​ថ្មី​របស់​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង ជាប់​ទាក់ទង​នឹងគ្រិស្តសាសនិក​មួយ​ក្រុម​ដែល​នៅ​ដាច់​ពី​គេ ​នៅ​ទី​ក្រុង Daegu ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​ទី​៤​របស់​កូរ៉េ​ខាង​ត្បូង។ អភិបាល​ក្រុង បាន​ព្រមាន​ពលរដ្ឋ​ក្នុង​ក្រុង​ឲ្យ​នៅ​ក្នុង​ផ្ទះ។ អាជីវកម្ម​ជា​ច្រើន​ក្នុង​ទី​ក្រុង​នេះ​បាន​បិទ​ ហើយសាលារៀន​ពន្យារ​ពេល​ការ​ចូល​រៀន។

នៅ​រដ្ឋធានី​សេអ៊ូល ដែល​មាន​ករណី​ឆ្លង​ថ្មី​កើន​ឡើង​យ៉ាង​គំហុក​ដែរ​នោះ អ្នក​ធ្វើ​ដំណើរ​ស្ទើរ​តែ​ទាំងអស់​តាម​រថយន្ត​និង​រថភ្លើង​សាធារណៈ​សុទ្ធ​តែ​ពាក់​ម៉ាស់​ការពារ ហើយ​ប្រសិន​បើ​មាន​អ្នក​ដំណើរ​ម្នាក់​ណា​កណ្តាស់ ឬ​ក្អក ពួក​គេ​ធ្វើ​ការ​សម្លឹង​មុខ​អ្នកដំណើរ​នោះ​ដោយ​ការ​ទឹក​មុខ​បារម្ភ។​

និស្សិត​ឆ្នាំ​ទី​១​ឈ្មោះ​ Choi In-woo អាយុ​២០​ឆ្នាំ​ រៀន​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​សង្កាត់ Jongno ដែល​ជា​សង្កាត់មួយ​នៃ​ក្រុង​សេអ៊ូល​ដែល​មាន​ការ​រាយការណ៍​ពី​ចំនួន​ករណី​ឆ្លង​ថ្មី​ច្រើន​ជាង​គេ​នៅ​ក្នុង​សប្ដាហ៍​នេះ។

សាកលវិទ្យាល័យ​របស់​ Choi បាន​ផ្អាកការ​បើក​បវេសនកាល​សម្រាប់​ឆមាស​ថ្មី​ដើម​ឆ្នាំ​នេះ។

និស្សិត​នោះ​ថ្លែង​ថា៖ «ទិដ្ឋភាព​ពេល​នេះដូច​ជា​នៅ​ក្នុង​ភាពយន្តមាន​គ្រោះ​មហន្តរាយ​អញ្ចឹង។ ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់ ប្រសិន​បើ​ស្ថានភាព​នេះ​នឹង​បន្ត​ទៀត​នោះ‍»។

វីរុស​កូរ៉ូណាថ្មី​ដែល​ងាយ​ឆ្លងនិង​បណ្តាល​ឲ្យ​មាន​រោគសញ្ញា​ដូច​ជំងឺ​រលាកសួត​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ផ្លូវ​ការ​ថា Covid-19 ហើយ​បាន​សម្លាប់​មនុស្ស​អស់​ជាង​២.២០០​នាក់ និង​ចម្លង​ដល់​មនុស្ស​ជាង​៧៦.០០០​នាក់ នៅ​ទូទាំង​ពិភពលោក។

ករណី​អ្នក​ផ្ទុក​មេរោគ​ថ្មី​នេះ​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រភព​ដើម​នៃ​មេរោគ​នេះ។ ប៉ុន្តែ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឥឡូវ​នេះ​មាន​ចំនួន​អ្នក​ឆ្លងច្រើន​ជាង​គេ​ទី​ពីរ​ក្នុង​ពិភពលោក។ មក​ទល់​ពេល​នេះ​ មាន​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​តែ​ម្នាក់​ទេ​បាន​ស្លាប់​ពី​មេរោគ​ដ៏​ប្រល័យ​នេះ៕

ប្រែសម្រួលដោយ សឹង សុផាត