លោក Jimmy Lai ម្ចាស់កាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យបានធ្វើសក្ខីកម្មជាលើកដំបូងនៅក្នុងសវនាការសន្តិសុខជាតិរបស់លោកនៅហុងកុងកាលពីថ្ងៃពុធ។
លោក Jimmy Lai ដែលមានអាយុ៧៧ឆ្នាំនិងមានសញ្ជាតិអង់គ្លេសផងដែរនោះរងបទចោទប្រកាន់គប់គិតជាមួយកងកម្លាំងបរទេសនិងពីបទបះបោរ។ លោក Lai ច្រានចោលបទចោទប្រកាន់ទាំងនេះ ប៉ុន្តែបើត្រូវបានរកឃើញថាមានទោសនោះ លោកនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត។
រដ្ឋាភិបាលបរទេសនិងក្រុមសិទ្ធិមនុស្សបានថ្កោលទោសរឿងក្តីនេះថាជារឿងនយោបាយ។
នៅក្នុងការផ្ដល់សក្ខីកម្មនោះ លោក Lai បានប្រាប់តុលាការថាគោលការណ៍ណែនាំផ្ទាល់ខ្លួនរបស់លោកគឺដូចទៅនឹងកាសែត Apple Daily របស់លោកនិងពលរដ្ឋហុងកុងអ៊ីចឹង។ លោកបានថ្លែងថា៖«យើងតែងតែគាំទ្រចលនាដើម្បីសេរីភាព»។
ថ្លែងអំពីមូលហេតុដែលលោកបង្កើតអាណាចក្រប្រព័ន្ធផ្សព្វផ្សាយរបស់លោកឡើង លោក Lai បានថ្លែងថា «ពេលអ្នកមានព័ត៌មានកាន់តែច្រើន ពេលអ្នកដឹងរឿងកាន់តែច្រើន ពេលនោះអ្នកនឹងកាន់តែមានសេរីភាព»។
កាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily បានបិទដំណើរការក្នុងឆ្នាំ២០២១ បន្ទាប់ពីបើកដំណើរការអស់២៦ឆ្នាំ។
ក្នុងអំឡុងសវនាការ ក្រុមរដ្ឋអាជ្ញាចោទប្រកាន់លោក Lai ថាលោកបានស្នើឱ្យអាមេរិកដាក់ទណ្ឌកម្មឬ«ចូលរួមក្នុងសកម្មភាពនានា»ប្រឆាំងរដ្ឋាភិបាលហុងកុងនិងចិន។
ក្រុមរដ្ឋអាជ្ញាបានលើកឡើងថាជំនួបឆ្នាំ២០១៩រវាងលោក Lai និងអតីតអនុប្រធានាធិបតីលោក Mike Pence និងលោក Mike Pompeo ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកដើម្បីពិភាក្សាអំពីស្ថានការណ៍នយោបាយនៅហុងកុង។
ក្រោមពាក្យសម្បថកាលពីថ្ងៃពុធ លោក Lai បានថ្លែងថាលោកមិនបានស្នើអ្វីឱ្យប្រាកដទៅកាន់លោក Pence នោះទេ។ លោក Lai បានប្រាប់តុលាការក្នុងសម្ដីដើមថា៖«ខ្ញុំមិនហ៊ានស្នើលោកអនុប្រធានាធិបតីអ្វីនោះទេ។ ខ្ញុំគ្រាន់តែប្រាប់លោកពីអ្វីដែលកើតឡើងនៅហុងកុងពេលដែលលោកសួរខ្ញុំប៉ុណ្ណោះ»។
ពាក់ព័ន្ធនឹងលោក Pompeo លោក Lai ថ្លែងថាលោកបានស្នើឱ្យលោក Pompeo «កុំឲ្យធ្វើអ្វីក្រៅពីនិយាយ ដើម្បីផ្ដល់សំឡេងគាំទ្រដល់ហុងកុង»៕