រលកយក្សស៊ូណាមិតូចមួយនិងការរញ្ជួយដីដែលមានកម្លាំងកម្រិត៧,៤ បានកើតមានឡើងនៅប្រទេសជប៉ុនកាលពីព្រឹកថ្ងៃអង្គារនៅតំបន់ឆ្នេរភាគឦសានប្រទេស។ ការរញ្ជួយដីក្នុងសមុទ្រដែលបានបង្កឱ្យមានរលកយក្សស៊ូណាមិកម្រិតតូចមួយនេះគឺជាការសាកល្បងដល់ជញ្ចាំងរលកថ្មីដែលបានសាងសង់ឡើងនៅជុំវិញរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ដែលជាកន្លែងទទួលរងគ្រោះមហន្តរាយដោយសារធាតុនុយក្លេអ៊ែរអាក្រក់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្ត។
ការរញ្ជួយដីនេះបានកើតមានឡើងនៅព្រឹកព្រលឹមនៅក្នុងខេត្ត Fukushima ដោយហើយចាប់ផ្តើមចេញពីក្នុងសមុទ្រដែលនៅចម្ងាយប្រហែល១០គីឡូម៉ែត្រពីច្រាំង។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារឧត្តុនិយមរបស់ជប៉ុន។
មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបានឱ្យដឹងថាដំបូងរលកស៊ូណាមិត្រូវបានគេវាស់ឃើញមានកម្ពស់៩០សង់ទីម៉ែត្រ។ បន្ទាប់មករលកនោះបានថយកម្លាំងចុះវិញ។ នៅក្នុងរយៈប្រហែលមួយម៉ោងកន្លះក្រោយពីការរញ្ជួយដីនោះមកក៏កើតមានរលកមួយទៀតកម្ពស់១.៤ម៉ែត្រ ដែលធំល្មមនឹងអាចបង្កឱ្យមានទឹកជំនន់។
ទូរទស្សន៍ជប៉ុនបានបង្ហាញឱ្យឃើញរលកយក្សស៊ូណាមិហូរចូលក្នុងទន្លេនៅកន្លែងមួយចំនួនហើយមានទូកនេសាទខ្លះបានក្រឡាប់នៅឯកំពង់ផែ Higashi-Matsushima។
ការរងរបួសនិងការខូចខាតកើតមានកម្រិតតិចតួច។ នេះបើតាមសេចក្តីរាយការណ៍នានា។
ពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ត្រូវបានគេជម្លៀសចេញទៅទីខ្ពស់ៗបន្ទាប់ពីសំឡេងស៊ីរ៉ែនព្រមានពីរលកយក្សស៊ូណាមិបានបន្លឺឡើងនៅព្រឹកថ្ងៃអង្គារនេះហើយកប៉ាល់ជាច្រើនបានចាកចេញទៅសមុទ្រដើម្បីគេចចេញពីកម្ពស់ទឹកសមុទ្រដែលជន់ឡើងនេះ៕