នាយក​រដ្ឋមន្រ្តី​ជប៉ុន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រយៈពេល​មួយ​ខែ សម្រាប់​ទីក្រុង​តូក្យូ និង​ខេត្ត​៦​ផ្សេង​ទៀត

លោក Shinzo Abe ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តីពី​ការ​ឆ្លើយតប​របស់​ជប៉ុន​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្រ្តី​ជប៉ុន និយាយ​ថា លោក​នឹង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រយៈពេល​៣០ថ្ងៃ​នៅ​ក្នុង​ផ្នែក​ខ្លះ​នៅ​ក្នុង​ប្រទេស​នៅក្នុង​ការឆ្លើយតប​ទៅ​នឹង​ការ​កើនឡើង​នូវ​ករណី​មេរោគ​កូរ៉ូណា។

លោក​នាយក​រដ្ឋមន្រ្តី អាបេ បាន​ប្រកាស​ពី​បំណង​របស់​លោក​កាលពី​ថ្ងៃចន្ទម្សិលមិញ​ក្នុង​អំឡុង​នៃ​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​បន្ទាប់ពី​ជួប​ជាមួយ​ ក្រុម​ការងារ​ពិសេស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​ការ​ផ្ទុះឡើង​នូវ​មេរោគ​កូរ៉ូណា​នេះ។ លោក​អាបេ បាន​មាន​ប្រសាសន៍​ថា លោក នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃអង្គារ​នេះ​សម្រាប់​រាជធានី​តូក្យូ និង​ខេត្ត៦​ផ្សេង​ទៀត រួម​មាន​ទីក្រុង​កំពង់ផែ​អូសាកា​ផង​ដែរ។

ការ​ប្រកាស​ភាពអាសន្ន​នេះ​នឹង​ផ្តល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នូវ​អំណាច​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ផ្ទះ និង​សុំបិទ​សាលារៀន និង​កន្លែង​ពាណិជ្ជកម្ម។ រដ្ឋធម្មនុញ្ញ​ជប៉ុន ដែល​ផ្តល់​អំណាច​យ៉ាង​ខ្លាំង​ដល់​សេរីភាព​ពលរដ្ឋ​មិន​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ពី​គេ​នោះ​ទេ។

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ប្រកាស​សេចក្តីព្រាង​ច្បាប់​ដាក់​ប្រាក់​ចូល​សេដ្ឋកិច្ច​ដែល​មាន​ទឹកប្រាក់​៩៩០ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ការរាលដាល​ជា​សាកល​នូវ​មេរោគ​កូរ៉ូណា​ រួម​មាន​ប្រាក់​៥៥ពាន់​លាន​ដុល្លារ​ផ្តល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ និង​ពាណិជ្ជកម្ម​ខ្នាត​តូច។

លោក​អាបេ មាន​ការ​ស្ទាក់ស្ទើរ​ប្រើ​ស្ថានភាព​អាសន្ន​នេះ ក៏​ប៉ុន្តែ បាន​បង្ហាញ​នូវ​ការ​ចាត់​វិធានការ​បន្ទាប់ពី​រាជធានី​តូក្យូ បាន​រាយការណ៍​ករណី​ឆ្លងថ្មី​ចំនួន​១៤៣ករណី កាលពី​ថ្ងៃអាទិត្យ ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ ដោយ​ធ្វើ​ឲ្យ​មាន​ចំនួន​សរុប​ទាំងអស់​នៅ​ក្នុង​រាជធានី​នោះ​ឡើង​ទៅ​ដល់​ជាង​១ពាន់​ករណី។

នៅ​ទូទាំង​ប្រទេស​ជប៉ុន មាន​៣ពាន់​៥រយ​ករណី​មេរោគ​កូរ៉ូណា រួម​មាន​មនុស្ស ស្លាប់​ជាង៧០នាក់៕