នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​រំលាយ​រដ្ឋសភា និង​ធ្វើ​ការ​បោះឆ្នោត​នៅ​ខែ​ក្រោយ

លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​វិមាន​នាយករដ្ឋមន្ត្រី នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​ប្រកាស​ថា លោក​នឹង​រំលាយ​រដ្ឋសភា និង​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​បន្ទាន់​មួយ​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ ដែល​ការ​បោះ​ឆ្នោត​នេះ​នឹង​បង្កើន​ឱកាស​ឲ្យ​លោក​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​បាន​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​ហេតុ​ថា លោក​អាច​កាន់​អំណាច​បាន​រហូត​ដល់​ឆ្នាំ ២០២១ ប្រសិនបើ​លោក​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ។

លោក Shinzo Abe បាន​និយាយ​នៅ​ឯ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​នឹង​រំលាយ​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ហើយ​ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២២ ខែ​តុលា​ខាង​មុខ​នេះ។

ការ​សម្រេច​ដូច​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មាន​ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង និង​មាន​ការ​គំរាមកំហែង​តិចតួច​ពី​គណបក្ស​ប្រឆាំង។

ប៉ុន្តែ អភិបាល​ក្រុង​តូក្យូ​ដ៏​មាន​ប្រជាប្រិយ លោកស្រី Yuriko Koike បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោកស្រី​នឹង​ដឹកនាំ​គណបក្ស​អភិរក្ស​និយម​ថ្មី​មួយ​ផ្ដោត​លើ​ការ​កែ​ទម្រង់ ដែល​មាន​ឈ្មោះ​ថា​គណបក្ស​នៃ​ក្ដី​សង្ឃឹម (Party of Hope) ដើម្បី​ប្រជែង​ជាមួយ​នឹង​គណបក្ស​ប្រជាធិបតេយ្យ​សេរី (Liberal Democratic Party) ដែល​ជា​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី Shinzo Abe។

ការ​គាំទ្រ​ចំពោះ​គណបក្ស​របស់​លោក Shinzo Abe មាន​ការ​កើន​ឡើង​ឡើង​វិញ ដែល​មួយ​ផ្នែក​តូច​បណ្ដាល​មក​ពី​ការ​ផ្លាស់ប្ដូរ​គណៈរដ្ឋមន្ត្រី​របស់​លោក​កាល​ពី​ខែ​មុន និង​ការ​ធ្លាក់​ចុះ​នូវ​រឿង​អាស្រូវ​នានា ក្នុង​អំឡុង​ពេល​រដ្ឋសភា​ឈប់​សម្រាក៕