រដ្ឋមន្ត្រី​ជប៉ុន​៤រូប​លាឈប់​ពី​តំណែង​ដោយសារ​រឿង​អាស្រូវ​ពុករលួយ

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដើរ​ចេញ​បន្ទាប់​ពី​សន្និសីទ​កាសែត​ចប់កាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៣។(Franck Robichon/Pool Photo via AP)

រដ្ឋមន្ត្រីជប៉ុន​បួននាក់​បាន​ដាក់​ពាក្យ​លាលែងពីតំណែង​នៅ​ថ្ងៃព្រហស្បតិ៍​នេះនៅពេល​លោក​នាយករដ្ឋមន្ត្រី Fumio Kishida ​ដែល​គ្មានប្រជាប្រិយភាពកំពុង​ជាប់​វិលវល់​នឹង​រឿង​អាស្រូវ​ពុករលួយ​ធំមួយ​នៅក្នុងគណបក្ស​គ្រប់គ្រង​ប្រទេស។​

វិបត្តិគណៈរដ្ឋមន្ត្រីនេះមានឡើង​នៅក្រោយ​មានការចោទប្រកាន់​អំពី​រឿង​ពុក​រលួយមាន​ទឹក​ប្រាក់​៣,៤​លាន​ដុល្លារនៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយមមាន​បក្ខពួក​ច្រើន​ដែលបាន​គ្រប់គ្រង​ប្រទេស​ជប៉ុនមាន​សេដ្ឋកិច្ច​ធំ​ទីបីក្នុងពិភពលោក​ច្រើន​ទសវត្សរ៍​មក​ហើយ។

របាយការណ៍បណ្តាញ​សារព័ត៌មាន​ចែង​ថាក្រុម​ព្រះរាជអាជ្ញា​នឹងចាប់ផ្តើម​ឆ្មក់​ចូលការិយាល័យ​និងសាកសួរចម្លើយ​សមាជិកសភា​រាប់​សិប​នាក់នៅចុង​សប្តាហ៍​នេះ។

អគ្គលេខាធិការគណៈរដ្ឋមន្ត្រីលោក​ Hirokazu Matsuno​ បាន​បញ្ជាក់​ថាលោក​ចុះចេញ​ពី​តំណែងហើយ​ថារដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចនិងឧស្សាហកម្ម​លោក​ Yasutoshi Nishimura ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ Junji Suzuki និងលោក Ichiro Miyashita រដ្ឋមន្ត្រីក្រសួងកសិកម្ម​បាន​ដាក់ពាក្យ​លាលែង​ពី​តំណែង​ដែរ។

លោក Matsuno ​ដែល​ជាប្រធាន​អ្នកនាំ​ពាក្យរដ្ឋាភិបាលបាននិយាយ​ប្រាប់​ក្រុមអ្នកកាសែត​ថា​លោកស្រី Michiko Ueno​ ទីប្រឹក្សា​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​និង​អនុរដ្ឋមន្ត្រី​ប្រាំ​នាក់ក៏​ចាកចេញ​ពី​តំណែង​ដែរ។​

លោក​ Nishimura បាន​ថ្លែង​ប្រាប់ពួក​អ្នក​កាសែត​ថា«​ការសង្ស័យ​របស់​សាធារណជន​មាន​នៅជុំវិញ​ខ្ញុំអំពីមូលនិធិនយោបាយ​ដែល​នាំ​ឱ្យ​មាន​ការមិនទុកចិត្តរដ្ឋាភិបាល។ នៅពេលមាន​ការ​ស៊ើប​អង្កេត​ ខ្ញុំយល់​ថាខ្ញុំ​ត្រូវធ្វើអ្វី​ដែល​ត្រូវ​ធ្វើ»។

លោក Kishida ​បាន​និយាយមួយ​ថ្ងៃមុន​នេះ​ថា​លោកនឹង​ដោះ​ស្រាយការ​ចោទ​ប្រកាន់​នេះ​«ដោយ​ចំពោះ​មុខ‍»។​

លោក​បានពោល​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖«​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ដូច​ដុំភ្លើងមួយនឹងដឹក​នាំ​គណៈបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ ឱ្យ​ស្តារការទុកចិត្តរបស់​សាធារណជន​វិញ‍»៕