ស្ថានទូតជប៉ុនប្រចាំកម្ពុជានិងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបនឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (ស៊ីនហ្សូ អាបេ) ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ការបើកទទួលសារមរណទុក្ខនេះនឹងធ្វើឡើងរវាងថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ចាប់ពីម៉ោង១០ព្រឹកដល់ថ្ងៃត្រង់ និងចាប់ពីម៉ោង ២ ដល់៤ល្ងាច នៅស្ថានទូតជប៉ុននៅភ្នំពេញ។ រីឯ នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបវិញ ការបើកទទួលសារមរណទុក្ខនេះនឹងធ្វើឡើងនៅថ្ងៃចន្ទនិងអង្គារទី១១និងទី១២ ខែកក្កដាចាប់ពីម៉ោង១០ព្រឹកដល់ថ្ងៃត្រង់ និងចាប់ពីម៉ោង ២ ដល់៤ល្ងាច។ នេះបើយោងតាមសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។
អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe អាយុ៦៧ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានគេបាញ់២គ្រាប់ ក្នុងអំឡុងយុទ្ធនាការឃោសនាមួយ នៅទីក្រុង Nara ប្រទេសជប៉ុន។ សពរបស់លោកត្រូវបានបញ្ជូនទៅទីក្រុងតូក្យូ កាលពីថ្ងៃសៅរ៍ ដើម្បីរៀបចំពិធីបុណ្យ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលស្នឹទ្ធនឹងរដ្ឋាភិបាល នៅថ្ងៃចន្ទ ទី១១ ខែកក្កដានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចូលរួមគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
កាលពីថ្ងៃទី៨ ខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតមួយទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida (ហ្វឺមីអូ គីស៊ីដា) ដើម្បីរំលែកមរណទុក្ខសម្រាប់លោក Shinzo Abe ផងដែរ។ នេះបើតាមសារបង្ហោះលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្រ្តី។
ហើយនៅក្នុងសារសំឡេងមួយស្តីពីការចូលរួមមរណទុក្ខអតីតនាយករដ្ឋមន្រ្តីជប៉ុន បង្ហោះលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៩ ខែកក្កដា លោក ហ៊ុន សែន បានថ្លែងក្នុងន័យដើមថា៖ «យើងពិតជាមានការរន្ធត់ជាមួយនឹងប្រជាជនជប៉ុនចំពោះការបាត់បង់នូវអ្នកស្នេហាជាតិ និងអ្នកដឹកនាំដ៏ល្អមួយរូប។ គាត់បានបំពេញភារកិច្ចដ៏ធំសម្រាប់ការកសាងមិត្តភាពជាមួយប្រជាជនកម្ពុជា ក្នុងដំណាក់កាលដែលឯកឧត្តម Shinzo Abe ដឹកនាំទាំងពីរដំណាក់កាល»។
ក្នុងសារសំឡេងខាងលើ លោកហ៊ុន សែន បានកត់សម្គាល់ពីការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនតាមរយៈការចូលរួមរបស់លោក Abe ក្នុងការ«លើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យទៅជាដៃគូយុទ្ធសាស្រ្ត» ចាប់តាំងពីឆ្នាំ២០១៣មក។
កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា លោក ហ៊ុន សែន ក៏បានប្រកាសឲ្យមានការចូលរួមកាន់ទុក្ខទូទាំងប្រទេសចំពោះមរណភាពលោក Shinzo Abeផងដែរ ដោយតម្រូវឲ្យមានការបង្ហូតទង់ជាតិនៅពាក់កណ្តាលដងនៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានថ្វាយព្រះរាជសារជូនព្រះចៅអធិរាជជប៉ុនណារូហ៊ីតូ (Naruhito) ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនលោកអាបេ។ នេះបើតាមព្រះរាជសារផ្សាយតាមបណ្តាញសារព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកក្កដា។
នាថ្ងៃចន្ទនេះ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាដឹកនាំដោយប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក Shinzo Abe នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់ព្រឹទ្ធសភា។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បញ្ជាក់ពីស្មារតីចូលរួមរំលែកទុក្ខពីមជ្ឈដ្ឋានសង្គមស៊ីវិលនៅកម្ពុជាចំពោះមរណភាពលោក អាបេ ដោយលើកឡើងពីជំនួយផ្សេងៗដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ឲ្យកម្ពុជាកាលពីពេលកន្លងមក។
លោកថ្លែងថា៖ «មិនថាតែរដ្ឋាភិបាលទេ យើងជាអង្គការសង្គមស៊ីវិលក៏ដូចជា ប្រជាពលរដ្ឋនេះចូលរួមក្នុងការកាន់មរណទុក្ខសោកសង្រេងជាមួយនឹងប្រជាពលរដ្ឋជប៉ុនផងដែរ ពីព្រោះបើយើងមើលទៅលោកអតីតនាយករដ្ឋមន្រ្តីអាបេនេះបានជួយកម្ពុជាច្រើន ហើយក៏ជាមិត្តល្អ ដែលបានជួយកម្ពុជាយើង ជាពិសេសរវាងប្រជាពលរដ្ឋជប៉ុន និងប្រជាពលរដ្ឋកម្ពុជា»។
ចំណែកនាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ខេមបូចា លោក ណុប វី និយាយថាអង្គការខេមបូចា គ្រោងចូលរួមសរសេរសាររំលែកទុក្ខមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ស្របពេលសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់ដោយផ្នែករបស់រដ្ឋាភិបាលជប៉ុនជុំវិញការងារការពារសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោកថ្លែងថា៖ «កន្លងមកយើងមានទំនាក់ទំនងល្អ យើងតែងតែចាប់អារម្មណ៍លើកិច្ចការងារនៅក្នុងផ្នែកសិទ្ធិមនុស្ស ហើយនិងលើផ្នែកអ្នកសារព័ត៌មានពីស្ថានទូតជប៉ុនផងដែរ។ អ៊ីចឹង ខេមបូចារីករាយនៅក្នុងការចូលរួម ដើម្បីសរសេរសាររំលែកទុក្ខការស្លាប់បាត់បង់ជីវិតនៃអតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe»។
ក្រៅពីរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល គេក៏សង្កេតឃើញមានការសរសេរសារបង្ហោះការរំលែកទុក្ខតាមបណ្តាញសង្គមពីសំណាក់ពលរដ្ឋកម្ពុជាជុំវិញមរណភាពរបស់លោកShinzo Abe ផងដែរ។
ភ្លាមៗក្រោយការបាញ់ប្រហារ ប៉ូលិសចាប់បានជនសង្ស័យម្នាក់ឈ្មោះ Tetsuya Yamagami (តេតស៊ូយ៉ា យ៉ាម៉ាហ្គាមិ) ដែលត្រូវបានដកស្រង់សម្តីដោយប៉ូលិសថា ខ្លួនជឿថា អតីតមេដឹកនាំជប៉ុនរូបនេះមានទំនាក់ទំនងជាមួយនឹងក្រុមសាសនាមួយ ដែលរូបគេស្តីបន្ទោសថា ធ្វើឲ្យម្តាយខ្លួនបាត់បង់ថវិកាផ្ទាល់ខ្លួន ហើយបានចំណាយពេលជាច្រើនខែរៀបចំគម្រោងវាយប្រហារដោយកាំភ្លើងផលិតដោយខ្លួនឯង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១០ ខែកក្កដា។
លោក Shinzo Abe បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនចំនួនពីរអាណត្តិ អស់រយៈពេល៩ឆ្នាំ។ លោកគឺជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេក្នុងប្រទេសជប៉ុន នៅក្រោយសង្គ្រាមលោកលើកទីពីរ៕